សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែផ្ទុះខ្លាំងនៅចុងឆ្នាំ ២០២៣ ខណៈជម្លោះប្រដាប់អាវុធនៃប្រទេសទាំងពីរបានឈានចូលខែទី ២៣ និងមិនទាន់មានសញ្ញានៃការបញ្ចប់សង្គ្រាមនៅឡើយ ដោយសារជិត ២ ឆ្នាំកន្លងមកនេះ ភាគីទាំងពីរតែងច្រានចោលលទ្ធភាពចរចាដែលស្នើឡើងដោយភាគីម្ខាងទៀត។
នៅថ្ងៃទី ៣០ ខែធ្នូ ភាគីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារទីក្រុង Belgorod ដោយមីស៊ីល និងគ្រាប់រ៉ុក្កែត ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់ និងរាប់សិបនាក់ទៀតរងរបួសខណៈអំឡុង ២ ថ្ងៃចុងក្រោយគឺថ្ងៃ ទី២៩ និង ៣០ ខែធ្នូ ភាគីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីវិញថា បានបាញ់ស្រោចមីស៊ីលសំដៅទីក្រុងកៀវ ទីក្រុងខាកៀវដោយបានសម្លាប់ប្រជាជនស៊ីវិលជាច្រើននាក់។ នេះយោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP និងរ៉យទ័រដាច់ដោយឡែកពីគ្នា។
នៅទីក្រុង ខាកៀវ (Kharkiv) ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន រ៉យទ័របានរាយការណ៍ថា រុស្ស៊ីបានវាយប្រហារដោយកាំជ្រួចរុស្ស៊ីភ្លោះកាលពីថ្ងៃទី ៣០ ខែធ្នូ បណ្តាលឱ្យមនុស្សយ៉ាងតិច ២១ នាក់បានរងរបួស។ ការវាយប្រហាររបស់រុស្ស៊ីក៏បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផងដែរ។
ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៣១ នាក់ក្នុងការវាយលុកតាមអាកាសដ៏ធំបំផុតរបស់ខ្លួនក្នុងសង្គ្រាមលើអ៊ុយក្រែនកាលពីថ្ងៃទី ២៩ ខែធ្នូ ហើយមនុស្ស ២០នាក់បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Belgorod នៅថ្ងៃទី ៣០ ខែធ្នូ។
ដូចគ្នានឹងការចោទប្រកាន់របស់អ៊ុយក្រែន រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានកំណត់គោលដៅលើតំបន់ជនស៊ីវិលនៅក្នុងទីក្រុងមួយរបស់ខ្លួន និងប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣០ ខែធ្នូ ដែលស្នើដោយទីក្រុងម៉ូស្គូ។
តាមសេចក្តីរាយការណ៍របស់ AFP រុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានវាយប្រហារទីក្រុង Belgorod ដោយមីស៊ីល និងគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី ៣០ ខែធ្នូ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់ និងរាប់សិបនាក់ទៀតរងរបួស។
តាមការដកស្រង់សម្តី ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vasily Nebenzya បាននិយាយថា៖«(វាគឺជា) ការវាយប្រហារដោយចេតនា ដោយមិនរើសអើងប្រឆាំងនឹងគោលដៅស៊ីវិល» ដោយអះអាងថាទីក្រុងកៀវបានកំណត់គោលដៅលើមជ្ឈមណ្ឌលកីឡា កន្លែងជិះស្គីទឹកកក និងសាកលវិទ្យាល័យ។
លោកបាននិយាយថា៖«សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានឱកាសដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេ និងវាយតម្លៃការខូចខាតដែលបានធ្វើឡើងចំពោះទីក្រុង Belgorod របស់រុស្ស៊ី»។
សម្ព័ន្ធមិត្តអ៊ុយក្រែនបានតបតវិញភ្លាមៗ ដោយនិយាយថា រុស្ស៊ីបានបញ្ចេញសង្គ្រាម។បេសកជនបារាំងបាននិយាយថា អ៊ុយក្រែនគ្រាន់តែការពារខ្លួនក្រោមច្បាប់របស់អង្គការសហប្រជាជាតិ ខណៈដែលក្រុងម៉ូស្គូកំពុង«ជាន់ឈ្លី»លើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
អ៊ុយក្រែនដែលបានទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលជិត ២ ឆ្នាំហើយ ទើបទទួលបានការសន្យាផ្តល់ជំនួយ ២៥០ លានដុល្លារពីសម្ព័ន្ធមិត្តអាមេរិក ហើយសហភាពអឺរ៉ុប ទោះបីមានការរារាំងដោយប្រទេសហុងគ្រី ក៏ត្រៀមផែនការផ្សេងដើម្បីទម្លាក់ជំនួយដល់អ៊ុយក្រែនដើម្បីជាទុនប្រយុទ្ធនឹងរុស្ស៊ី៕