អាជ្ញាធរឥណ្ឌូនេស៊ីនៅថ្ងៃទី ៤ ខែធ្នូ បានអះអាងថា អ្នកឡើងភ្នំ ១១ នាក់ ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងហេតុការផ្ទុះភ្នំភ្លើង Merapi នៅកោះស៊ូម៉ាត្រាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានលើកឡើងថា ខណៈនេះអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ១២ នាក់ទៀតផ្សេងទៀត ខណៈពេលដែលការឡើងភ្នំត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
តាមការដកស្រង់របស់រ៉យទ័រ លោក Jodi Haryawan អ្នកនាំពាក្យក្រុមស្វែងរក និងជួយ សង្គ្រោះក្នុងតំបន់ដែលមានភ្នំភ្លើងផ្ទុះនោះ បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន៣នាក់ត្រូវបានគេរកឃើញនៅថ្ងៃទី៤ខែធ្នូ រួមជាមួយសាកសពអ្នកឡើងភ្នំទាំង ១១នាក់ក្នុងចំណោម ៧៥នាក់នៅក្នុងតំបន់នៅពេលនៃការផ្ទុះនេះ។
ភ្នំភ្លើងដែលមានកម្ពស់ ២៨៩១ម៉ែត្រ បានផ្ទុះនិងបញ្ចេញផេះកម្ពស់ដល់ទៅ ៣០០០ម៉ែត្រ ទៅលើផ្ទៃមេឃកាលពីថ្ងៃទី ៣ ខែធ្នូ។
អាជ្ញាធរបានបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតទីពីរ ហើយហាមអ្នកស្រុកមិនឱ្យចូលទៅក្នុងចម្ងាយ ៣គីឡូម៉ែត្រ ពីទីតាំងផ្ទុះ។
ខ្សែវីដេអូផុសតាមបណ្តាញសង្គមនានា បានបង្ហាញពីពពកផេះភ្នំភ្លើងយ៉ាងធំពេញផ្ទៃមេឃ ហើយរថយន្ត និងផ្លូវថ្នល់គ្របដណ្ដប់ដោយផេះពីការផ្ទុះភ្នំភ្លើង។
លោក Jodi បាននិយាយថា ការពីការផ្ទុះដ៏ធំកាលពីថ្ងៃទី៣ ក៏មានការផ្ទុះតូចមួយកំពុងកើតឡើងនៅថ្ងៃទី ៤ខែធ្នូ ហើយការស្វែងរកអ្នកដែលបន្តបាត់ខ្លួនត្រូវបានផ្អាក។
លោកបានបន្ថែមថា៖ «វាគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើយើងបន្តស្វែងរកឥឡូវនេះ»។
លោកបាននិយាយថា មានអ្នកឡើងភ្នំចំនួន ៤៩ នាក់ត្រូវបានជម្លៀសចេញពីតំបន់នេះកាលពីដើមថ្ងៃទី៤ខែធ្នូ ហើយមនុស្សជាច្រើនកំពុងត្រូវបានព្យាបាលរបួស។
Merapi គឺជាភ្នំភ្លើងសកម្មបំផុតមួយនៅលើកោះស៊ូម៉ាត្រា ហើយការផ្ទុះដ៏សាហាវបំផុតរបស់វាគឺនៅក្នុងខែមេសា ឆ្នាំ ១៩៧៩ នៅពេលដែលមនុស្ស ៦០នាក់បានស្លាប់។
នៅឆ្នាំ ២០២៣ ភ្នំភ្លើងនៅតំបន់នេះបានផ្ទុះឡើងនៅចន្លោះខែមករាដល់ខែកុម្ភៈ ហើយបានបញ្ចេញផេះប្រហែល ៧៥ម៉ែត្រ ទៅ១០០០ម៉ែត្រ ពីកំពូលភ្នំ។ ឥណ្ឌូនេស៊ី មានភ្នំភ្លើងសកម្មចំនួន 127 ៕