យោធា​ចិន​ នា​ថ្ងៃទី៤ ខែធ្នូ​ នេះ​ បាន​អះអាងថា​កប៉ាល់​ប្រយុទ្ធ​របស់​អាមេរិក​មួយគ្រឿង​ បាន​ចូល​ដែនទឹក​របស់ខ្លួន​ស្ថិតនៅ​តំបន់​កោះ Thomas Shoal ដែលជា​តំបន់​ជម្លោះ​ដ៏​ក្ដៅ​នៃ​សមុទ្រ​ចិន​ខាងត្បូង។

តាមរយៈ​ការ​លុកលុយ​ដោយ​ខុសច្បាប់​របស់​អាមេរិក​បែ​ប​នេះ​អ្នកនាំពាក្យ​របស់​យោធា​ចិន​បាន​និយាយ​ដោយ​សង្កត់ធ្ងន់ថា៖ «អាមេរិក​បានធ្វើឱ្យ​ខូចខាត​យ៉ាងខ្លាំង​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់។សហរដ្ឋអាមេរិក​មាន​ចេតនា​រំខាន​ដល់​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​ចិន»។

អ្នកនាំពាក្យ​យោធា​ចិន​ដដែល​បាន​និយាយទៀតថា​កងទ័ព​រំដោះប្រជាជន​ចិន​បានរៀបចំ​កងទ័ព​ដែនសមុទ្រ​ដើម្បី​តាមដាន​និង​ត្រួតពិនិត្យ​នាវា​អាមេរិក​ហើយ​ថា​កងទ័ព​របស់ខ្លួន​ដែល​កំពុង​នៅក្នុង​តំបន់​នោះ​ស្រាប់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់ពេលវេលា​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​យ៉ាង​ម៉ឺងម៉ាត់។

យ៉ាងណាក៏ដោយ​មិន​ត្រឹមតែ​អាមេរិក​ប៉ុណ្ណោះ​ទេ​ប្រទេស​ចិន​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​មួយចំនួន​ជុំវិញ​ការទាមទារ​ដែនទឹក​យ៉ាង​ទូលំទូលាយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​ផងដែរ​ចិន​ក៏មាន​ការប្រឈមមុខ​ដា​ក់​គ្នា​ជាច្រើនលើក​ច្រើនសារ​ជាមួយ​នាវា​ហ្វីលីពីន​ព្រមទាំង​បាន​តវ៉ា​ពី​វត្តមាន​កប៉ាល់​អាមេរិក​ដែល​កំពុង​ល្បាត​នៅ​តំបន់​ជម្លោះ​ទៀតផង។

លើសពីនេះទៅទៀត​កាលពី​ថ្ងៃទី៣ខែធ្នូ​កន្លងមកនេះ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ថែមទាំង​បានដាក់​ពង្រាយ​នាវា​របស់ខ្លួន​ចំនួន២ដើម្បី​តាមដាន​វត្តមាន​របស់​កប៉ាល់​ចិន​ខុសច្បាប់​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវបាន​ហ្វីលីពីន​ហៅថា«សមុទ្រ​ហ្វីលីពីន​ខាងលិច»៕