ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​អង្គការ​សប្បុរសធម៌​ជាច្រើន​ទៀត​បាន​សន្យា​ផ្តល់​កញ្ចប់​មូលនិធិ​អាកាសធាតុ​​ចំនួន ៧៧៧ លាន​ដុល្លារ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​លើក​ទី២៨ ឬ​ហៅ​កាត់​ថា កិច្ចប្រជុំ​កំពូល COP28 ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នៅ​តំបន់​ត្រូ​ពិ​ក​ដែល​មិនសូវមាន​អ្នក​យកចិត្តទុកដាក់ និង​ដែល​ត្រូវបាន​ព្យាករ​ថា​អាច​នឹង​រីក​រាលដាល​កាន់តែ​អាក្រក់ទៅៗដោយសារតែ​ការកើនឡើង​នៃ​សីតុណ្ហភាព។

ប្រធាន​កិច្ចប្រជុំ COP28 លោក ស៊ុ​លតា​ន់ អាម​អៃ​ចា​បឺ (Sultan Ahmed Al-Jaber) បាន​បញ្ជាក់ថា បញ្ហា​ទាក់ទង​នឹង​អាកាសធាតុ​បាន​បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ ដល់​សុខភាព​មនុស្ស​ក្នុង​សតវត្សរ៍​ទី២១ នេះ។ការផ្ដល់​កញ្ចប់​មូលនិធិ​នេះ​ត្រូវបាន​សន្យា​ផ្ដល់​ដោយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់ ​រួម​ចំនួន ១០០ លាន​ដុល្លារ និង​ចំនួន ១០០ លាន​ដុល្លារ​ ទៀត​ពី​មូលនិធិ Bill and Melinda Gates Foundation។

បន្ថែម​លើ​នេះ ស្ថាប័ន និង​អង្គភាព​ជាច្រើន​មកពី​ប្រទេស​បែលហ្ស៊ិក អាល្លឺម៉ង់ និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ក៏បាន​សន្យា​ផ្តល់​មូលនិធិ​ សម្រាប់​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ។ លើសពីនេះ ធនាគារពិភពលោក​ក៏បាន​ផ្តួចផ្តើម​កម្មវិធី​មួយ​ ដើម្បី​ជា​មធ្យោ​បាយ​​ជួយ​ដល់​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ដែល​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ។

នៅពេលដែល​ភពផែនដី​ឡើង​កម្ដៅ​ខ្លាំង ជំងឺ​នៅ​តំបន់​ត្រូ​ពិ​កបាន​កើនឡើង​កាន់តែច្រើន​ដូចគ្នា ក្នុងនោះ​មានដូចជា​ជំងឺ​ពិការភ្នែក និង​ជំងឺ​ងងុយគេង​នៅ​ទ្វីបអាហ្វ្រិក​ជាដើម។ ក្រៅពីនេះ បញ្ហា​សុខភាព​ផ្សេងទៀត​ដូចជា កង្វះ​អាហារូបត្ថម្ភ គ្រុនចាញ់ រាក និង​ភាព​តានតឹង​ដែល​ទាក់ទង​នឹង​កម្ដៅ​កាន់តែខ្លាំង។

គិត​មកទល់ពេលនេះ ប្រទេស​ជាង ១២០ ហើយ ​ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស COP28 ដោយ​ទទួលស្គាល់​កាតព្វកិច្ច​របស់​ពួកគេ​ក្នុងការ​ការពារ​ប្រជាជន​ពី​ផលប៉ះពាល់​នៃ​ការឡើង​កម្ដៅ​ផែនដី។

 យ៉ាងណាក៏ដោយ សេចក្តីប្រកាស​នេះ​មិនបាន​និយាយ​អំពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល ដែលជា​ប្រភព​ចម្បង​នៃ​ការ​បំ​ភាយ​កម្ដៅ​អាកាសធាតុ​នោះទេ។ អង្គការ​សម្ព័ន្ធ​អាកាសធាតុ​និង​សុខភាព​សកល បាន​គូសបញ្ជាក់​ពី​ការដែល​មិន​ដាក់បញ្ចូល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​នេះ​ថា​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​លម្អិត។

ក្នុង​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល COP28 សកម្មជន រួមទាំង​វេជ្ជបណ្ឌិត បានធ្វើ​បាតុកម្ម​តូច​មួយ​នៅ​បរិវេណ​ក្បែរ​នោះ​ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

លោក ចូ​ហ្សេ​ប វី​ផន (Joseph Vipond) ដែលជា​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​មកពី​ប្រទេស​កាណាដា​ បាន​សម្តែង​ការព្រួយបារម្ភ​ដោយ​លើកឡើង​ពី​ការស្លាប់​របស់​កុមារ​ដោយសារ​ជំងឺហឺត​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង បណ្ដាលមកពី​ផ្សែងភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងលិច​ប្រទេស​កាណាដា​ក្នុងឆ្នាំនេះ។

បញ្ហា​បម្រែបម្រួល​អាកាសធាតុ​កំពុង​បង្កឱ្យមាន​ព្យុះ​ខ្លាំង​ជា​ញឹកញាប់ និង​លំនាំ​ទឹកភ្លៀង​មិន​ទៀងទាត់។ ជាក់ស្ដែង ព្យុះ​មួយ​ឈ្មោះថា ដា​នី​ញ៉េ​ល (Daniel) បាន​បោកបក់​ឱ្យ​មនុស្ស​ស្លាប់​ជាង ១១០០០ នាក់​នៅក្នុង​ប្រទេស​លី​ប៊ី​កាលពី​ខែកញ្ញា ហើយ​ទឹកជំនន់​កាលពី​ឆ្នាំមុន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ បាន​បណ្តាលឱ្យមាន​ការកើនឡើង ៤០០% នៃ​ករណី​ជំងឺគ្រុនចាញ់ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក។ មូលនិធិ​លោក Bill Gates បាន​លើកឡើងថា មន្ទីរពិសោធន៍​បាន​បង្កើត​ឧបករណ៍​ដែល​អាច​កាត់បន្ថយ​មូស និង​ដែល​អាចជួយ​បាន​ច្រើន​នៅក្នុង​ប្រទេស​ក្រីក្រ៕