ក្រសួងការពារជាតិ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែធ្នូ​ ឆ្នាំ ២០២៣ នេះ​បានឱ្យដឹងថា​ខ្លួន​បានធ្វើ​ការបាញ់​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​រ៉ុក្កែត​អវកាស​ឥន្ធនៈ​រឹង (solid-fuel) នៅលើ​សមុទ្រ​ក្បែរ​កោះ​ជេ​ជូ (Jeju) ចំពេល​មានការ​កើនឡើង​នៃ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​អវកាស​ជាមួយ​ប្រទេសជិតខាង​គឺ ប្រទេស​កូរ៉េខាងជើង។

នេះ​គឺជា​ការធ្វើ​តេស្ត​លើក​ទី៣ ហើយ​បន្ទាប់ពី​ការ​តេស្ត២លើក​មុន​បាន​បញ្ចប់ទៅ​តាំងតែ​ពី​ខែធ្នូ​និង​ខែមីនា​ឆ្នាំមុន។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្រសួងការពារជាតិ​បាន​លើកឡើងថា​ការបាញ់​បង្ហោះ​នេះ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​រដ្ឋ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ​និង​រ៉ុក្កែត​អវកាស​និង​ផ្កាយរណប​ដែល​ផលិត​ដោយ​ប្រព័ន្ធ Hanwha របស់​ប្រទេស​កូរ៉េខាងត្បូង (272210.KS)។

ក្រសួង​ដដែល​នេះ​ថែមទាំង​បាន​សាទរ​ចំពោះ​ការបាញ់​បង្ហោះ​នេះ​ថា​ជាការ​សម្រេចបាន​នូវ​ភាពជោគជ័យ​ដ៏​សំខាន់​មួយ​ចំពេល​ដែល​ទីក្រុង​ព្យុងយ៉ាងថ្មីៗនេះ​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​​ចារកម្ម​យោធា​ដោយ​ជោគជ័យ​ដូចគ្នា​បើ​ទោះ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បាន​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​មី​ស៊ី​ល​ដែល​ផ្ទុយ​នឹង​ដំណោះស្រាយ​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​យ៉ាងណាក៏ដោយ។

ក្រសួង​ការពារ​កូរ៉េខាងត្បូង​បាន​បន្តថា​ការបាញ់​បង្ហោះ​ដោយ​ជោគជ័យ​របស់​កូរ៉េខាងត្បូង​នឹង​បង្កើនល្បឿន​នៃ​ការ​ស៊ើបការណ៍​សម្ងាត់​ការឃ្លាំមើល​និង​សមត្ថភាព​ឈ្លបយកការណ៍​សម្រាប់​ប្រទេស​ផងដែរ។

ការបាញ់​បង្ហោះ​សាកល្បង​នៅ​ថ្ងៃ​ចន្ទ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រ៉ុក្កែត​របស់​ក្រុមហ៊ុន​SpaceXឈ្មោះ​Falcon 9 បាន​ដឹក​ផ្កាយរណប​ចារកម្ម​ដំបូង​របស់​ប្រទេស​កូរ៉េខាងត្បូង​ទៅកាន់​គន្លង​កាលពី​ថ្ងៃ​សុក្រ​ចេញពី​មូលដ្ឋាន​កងកម្លាំង​អវកាស Vandenberg នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា។

ដោយឡែក​កាលពី​ខែ​មុន​កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លបយកការណ៍​យោធា​របស់ខ្លួន​ដោយ​ជោគជ័យ​ខណៈ​លោក​គីម​ជុង​អ៊ុន​ទទួលបាន​នូវ​រូបថត​នៃ​សេត​វិមាន​មន្ទីរ​បញ្ច​កោណ​និង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​នៅឯ​មូលដ្ឋាន​ទ័ពជើងទឹក Norfolk ថែម​ទៀតផង។នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​ផ្សព្វផ្សាយ។

ការ​មាន​ផ្កាយរណប​ឈ្លបយកការណ៍​ដោយ​ខ្លួនឯង​អនុញ្ញាតឱ្យ​កូរ៉េខាងជើង​មាន​សមត្ថ​ភាព ក្នុងការ​ត្រួតពិនិត្យ​ពី​ចម្ងាយ​ទៅលើ​សកម្មភាព​ទាហាន​អាមេរិក​កូរ៉េខាងត្បូង​និង​ជប៉ុន​ជាដើម។សម្រាប់​កូរ៉េខាងត្បូង​ក៏​ដូចគ្នា​ការ​មាន​ផ្កាយរណប​ផ្ទាល់ខ្លួន​នឹង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ប្រព័ន្ធ​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​ដែល​ខ្លួន​តែងតែ​ពឹងពាក់​សហរដ្ឋអាមេរិក​តាំងពីដើម​មក។

ទោះជា​យ៉ាង​មកទល់ពេលនេះ​ទីក្រុង​ព្យុងយ៉ាង​មិនបាន​បញ្ចេញ​រូបភាព​ណាមួយ​ឡើយ​ដោយ​ទុកឱ្យ​អ្នកវិភាគ​និង​រដ្ឋាភិបាល​បរទេស​ជ​ជែក​វែកញែក​អំពី​សម​ត្ថ​ភាព​របស់​ផ្កាយរណប​ថ្មី​នេះ។សម្រាប់​កូរ៉េខាងជើង​បើទោះបីជា​មានការ​រិះគន់​និង​ថ្កោលទោស​យ៉ាងណាក្តី​ក៏​កូរ៉េខាងជើង តប​ថា​វា​ជាការ​ធ្វើ​ដើម្បី​ការពារ​សិទ្ធិ​អធិបតេយ្យភាព​របស់ខ្លួន៕