អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់កាសែតជប៉ុន Nikkei ថា យោធាអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមដែលបាញ់ពីលើដី នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៤ ដើម្បីបង្កើតឃ្លាំងអាវុធរបស់ខ្លួនជាលើកដំបូងនៅតំបន់នេះចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មកក្នុងបំណងបង្កើនការទប់ទល់ប្រឆាំងនឹងចិន។
អ្នកនាំពាក្យ លោក Rob Phillips បានបញ្ជាក់ពីផែនការនេះទៅកាន់ Nikkei ក្នុងអត្ថបទដែលចុះផ្សាយកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣។ ជម្រើសមីស៊ីល ដែលអាមេរិក កំពុងពិចារណា រួមមានមីស៊ីល Standard Missile-6 (SM-6) និងមីស៊ីលគ្រូស Tomahawk។
គេមើលឃើញថា ការដាក់ពង្រាយនេះនឹងធ្វើឡើងជាលើកដំបូង រាប់ចាប់តាំងពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរមធ្យម (INF) បានផុតកំណត់នៅឆ្នាំ ២០១៩។ កតិកាសញ្ញាដែលបានចុះហត្ថលេខាជាមួយសហភាពសូវៀតក្នុងឆ្នាំ ១៩៨៧ មួយនេះ បានហាមប្រាមប្រទេសនានាពីការអភិវឌ្ឍ និងកាន់កាប់មីស៊ីលបាញ់ពីដី ដែលមានចម្ងាយ ៥០០ គីឡូម៉ែត្រ ទៅ ៥ ៥០០ គីឡូម៉ែត្រ។
ចិនបានបន្តផលិតមីស៊ីលរយៈចម្ងាយមធ្យម ខណៈអាមេរិកជាប់ក្នុងសន្ធិសញ្ញា INF។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណស្តីពីកម្លាំងយោធារបស់ចិន បច្ចុប្បន្នចិនមានមីស៊ីលចំនួន ១ ៥០០ ដើម ដែលអាចបាញ់បានចម្ងាយពី ១ ០០០-៥ ៥០០ គីឡូម៉ែត្រ។
ជុំវិញការដាក់ពង្រាយថ្មីរបស់អាមេរិក លោក Phillips មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង និងពេលណាដែលការដាក់ពង្រាយនឹងធ្វើឡើងទេ។
អ្នកវិភាគបាននិយាយថា កងទ័ពអាមេរិកនឹងបញ្ជូនអង្គភាពមីស៊ីលរយៈចម្ងាយមធ្យមជាចម្បងទៅកាន់កោះហ្គាំរបស់ខ្លួន ដើម្បីបើកផ្លូវឆ្ពោះទៅរកការដាក់ពង្រាយបន្ថែមទៀតទៅកាន់សម្ព័ន្ធមិត្តអាស៊ីក្នុងគ្រាអាសន្ន។
ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូង អាមេរិក តម្រូវឱ្យមានមីស៊ីលដែលអាចបាញ់ឆ្ពោះទៅដល់គោលដៅនៅក្នុងផ្លូវទឹកសំខាន់ៗ ឬដីគោករបស់ចិន។ នេះមានន័យថា អាមេរិកត្រូវពង្រីកការដាក់ពង្រាយអាវុធលើខ្សែកោះយុទ្ធសាស្ត្រ ដែលលាតសន្ធឹងពីកោះអូគីណាវ៉ា របស់ជប៉ុន ទៅកាន់តៃវ៉ាន់ រហូតដល់ហ្វីលីពីន។
អាមេរិកដែលជាដៃគូដ៏សំខាន់របស់ជប៉ុន និងកូរ៉េខាងត្បូង តែងរួមដៃគ្នាក្នុងការប្រឆាំងចិននិងកូរ៉េខាងជើង៕