សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងត្បូង ក្នុងវិស័យការពារជាតិ ដើម្បីទប់ទល់បងប្អូនសត្រូវកូរ៉េខាងជើង បន្តដាក់ពង្រាយយន្តហោះចម្បាំងនៅកូរ៉េខាងត្បូង ដែលជម្លោះរបស់ពួកគេកំពុងឡើងកម្តៅយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍នេះ។
ក្រោយបិទបញ្ចប់ការធ្វើសមយុទ្ធលើអាកាសជាមួយប្រទេសសិង្ហបុរី កងទ័ពអាកាសអាមេរិក បានចតយន្តហោះចម្បាំងដ៏ទំនើបចុងក្រោយ F-16 ជាច្រើនគ្រឿង និងយន្តហោះពាណិជ្ជកម្មដឹកប្រេង ដើម្បីគាំទ្រដល់ការចាក់ប្រេងនៅលើអាកាស នៅប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលភាពតានតឹងរវាងបងប្អូនសត្រូវទាំង ២ កាន់តែកើនឡើងនៅឧបទ្វីបកូរ៉េ។
ជម្លោះវោហារស័ព្ទរវាងកូរ៉េទាំង ២ ដោយទាំងសហរដ្ឋអាមេរិកផង បានផ្ទុះឡើង ក្រោយពីកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដែលនាំដល់ការព្រួយបារម្ភលើបញ្ហាសន្តិសុខរបស់កូរ៉េខាងត្បូង និងជាការផ្គើននឹងការដាក់ទណ្ឌកម្មអន្តរជាតិ ហើយជាការឆ្លើយតប កូរ៉ខាងត្បូង បានបញ្ចប់ផ្នែកខ្លះនៃកិច្ចព្រមព្រៀងដ៏កម្ររបស់កូរ៉េ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក្នុងនោះកិច្ចព្រមព្រៀងលើវិស័យយោធាត្រូវផ្អាក។
វិធានការតបតរបស់កូរ៉េខាងជើង ចំពោះការលុបចោលរបស់កូរ៉េខាងត្បូង កូរ៉េខាងជើង បានសម្រេចដាក់ពង្រាយមីស៊ីលអន្តរទ្វីបនៅតាមបណ្តោយព្រំដែនដែលបានដកចេញក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៨។
យោងការផ្សាយរបស់ Korea Herald កងទ័ពអាកាសអាមេរិក បាននិយាយថា យន្តហោះចម្បាំងអាមេរិក ១ ក្រុមដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានចូលរួមសមយុទ្ធពីលើអាកាសប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលបញ្ចប់ទៅកាលពីចុងខែវិច្ឆិកា រួមទាំងយន្តហោះពាណិជ្ជកម្ម ១ គ្រឿង បានចាក់សាំងដល់យន្តហោះចម្បាំងដែលបានធ្វើដំណើរទៅកាន់សិង្ហបុរីជាលើកដំបូង។
យោធាអាមេរិកបានដាក់ពង្រាយយន្តហោះ F-16 ចំនួន ៦ គ្រឿង នៃអង្គភាពទ័ពអាកាស 1st Fighter Wing នៅមូលដ្ឋានទ័ពអាកាស Osan ក្នុងទីក្រុង Pyeongtaek ចម្ងាយ ៦០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល ដើម្បីចូលរួមក្នុងសមយុទ្ធលើអាកាស ដែលគេឱ្យឈ្មោះថា «Commando Sling» ដែលជាសមយុទ្ធទ្វេភាគីជាមួយកងទ័ពអាកាសសិង្ហបុរីនៅមូលដ្ឋានអាកាស Paya Lebar ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា។
យោងព័ត៌មានផ្សព្វផ្សាយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក យោធាអាមេរិកបាននិយាយថា យន្តហោះដឹកប្រេងពាណិជ្ជកម្ម KDC-10 បានចាក់ប្រេង ដល់យន្តហោះចម្បាំង «F-16» ជាលើកដំបូង ក្នុងដំណើរទៅចូលរួមសមយុទ្ធលើកនេះ។
ក្រសួងការពារជាតិបាននិយាយថា សមយុទ្ធរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ បង្ហាញពីសមត្ថភាពយន្តហោះចម្បាំងពីអាកាសទៅអាកាស និងប្រតិបត្តិការគាំទ្រការហោះហើរ ជាមួយនឹងការហ្វឹកហ្វឺនយន្តហោះនៅមូលដ្ឋានទ័ពអាកាស Osan៕