ខណៈ​ការបោះឆ្នោត​សកល​ជ្រើសរើស​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​ ខិតជិត​កាន់​តែ​កៀក​នៅ​ខែមករា ឆ្នាំ​​ ២០២៤ កាលពី​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ​ ២០២៣ ប្រធានាធិបតី​តៃវ៉ាន់​ជិត​ផុត​អាណត្តិ លោកស្រី សៃ អ៊ីង​វិ​ន​ ​(Tsai Ingwen)​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​តៃវ៉ាន់​ទាំងអស់ ដែល​នឹង​ទៅ​បោះ​​ឆ្នោត​នៅ​ខែក្រោយ​ថា «​សូម​គិត​មើល​ពី​ទង្វើ​របស់​ចិនដីគោក ដែល​បាននិងកំពុង​ធ្វើ​ទៅលើ​ទីក្រុង​ហុងកុង​» មុននឹង​សម្រេច​គូស​សន្លឹកឆ្នោត​។​

​លោកស្រី​ក៏បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការគាំទ្រ និង​លើកកម្ពស់​សន្តិភាព និង​ការពង្រឹង​វិស័យ​ការពារជាតិ​ផងដែរ​។​ក្នុង​រយៈពេល​នេះ តៃវ៉ាន់​កំពុង​រៀបចំ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី និង​ការបោះឆ្នោត​សភា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ ​២០២៤​។​

​ទន្ទឹមនឹងនេះ ប្រទេស​ចិន​ដែល​តែងតែ​អះអាងថា ដែន​កោះ​មួយ​នេះ​ជា​ខេត្ត​របស់ខ្លួន​នោះ បាន​បង្កើន​សម្ពាធ​ខាង​ផ្នែក​យោធា​ដោយ​បានធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ចំនួន ២ ​លើក​មកហើយ កាលពី​ខែសីហា ឆ្នាំ​ ២០២២ និង​ខែមេសា ឆ្នាំ​ ២០២៣ ជា​ពេល​នៃ​ទស្សនកិច្ច​ធំៗ​។​

​កន្លងមក គណបក្ស​គួ​ក​មីន​តាង (KMT) ដែលជា​បក្សប្រឆាំង​នៅ​តៃវ៉ាន់ និង​មាន​ទំនោរ​ទៅរក​ចិន តែងតែបាន​ប្រកាសថា​ការបោះឆ្នោត​លើក​នេះ គឺជា​ការជ្រើសរើសរ​វា​ង​សង្គ្រាម និង​សន្តិភាព​។​

​រដ្ឋបាល​ចិន​មិន​ចុះសម្រុង​គ្នា​ជាមួយ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែលជា​បក្ស​កំពុងកាន់​អំណាច​នៅ​តៃវ៉ាន់ និង​បេក្ខជន​ប្រធានាធិបតី​របស់​ពួកគេ​គឺ​លោក​អនុ​ប្រធានាធិបតី ឡៃ ឈី​ង​តេ (Lai Chingte)​។ ចិន​ថែមទាំង​បានចាត់ទុក​គណបក្ស​នេះ​ថា​ជា​ក្រុម​បំបែក​ខ្លួន​ដ៏​គ្រោះ​​ថ្នាក់​បំផុត​ទៀតផង​។​

​លោកស្រី សៃ បាន​ថ្លែង​រិះគន់​បក្សប្រឆាំង​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​គាំទ្រ​លោក​ឡៃ ក្នុង​ទីក្រុង​តៃប៉ិ​ថា ក្រុមប្រឆាំង​បាន​ប្រើពាក្យ​ពេចន៍​បន្លាច​ដ៏​គួរឱ្យ​បារម្ភ ពោលគឺ​ពាក្យ​ថា​«​សង្គ្រាម និង​សន្តិភាព​»​។

លោក​​ស្រី​បាន​សួរ និង​ឆ្លើយ​ដោយ​ខ្លួនឯង​ទៅកាន់​អ្នកចូលរួម​នៅ​ទីនោះ​ថា «​តើ​មាន​អ្នកណាខ្លះ​ចង់ឱ្យមាន​សង្គ្រាម​កើតឡើង​ទេ​? គ្មាន​អ្នកណាម្នាក់​ចង់​ទេ​»​។ លោកស្រី​បាន​គូសបញ្ជាក់​ពី​បំណងប្រាថ្នា​របស់​តៃវ៉ាន់ ដែល​ចង់បាន​សន្តិភាព​ដ៏​ថ្លៃថ្នូរ មិនមែនជា​ប្រភេទ​សន្តិភាព​ដែល​កំពុង​កើតមាន​នៅក្នុង​ទីក្រុង​ហុងកុង​ទេ​។​

​ទីក្រុង​ហុងកុង ដែល​ធ្លាប់ជា​អតីត​តំបន់​អាណានិគម​របស់​អង់គ្លេស ត្រូវបាន​ប្រគល់​ជូនទៅ​ឱ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​ ១៩៩៧ ដោយ​ចិន​បាន​សន្យាថា​នឹង​ផ្ដល់​ស្វ័យភាព​ដល់ទី​ក្រុង​មួយ​នេះ ក្រោម​គោលការណ៍​ «​ប្រទេស​ ១ ប្រព័ន្ធ​ ២»​។ គោលការណ៍​នេះ​ក៏ត្រូវ​បាន​ប្រទេស​ចិន​ស្នើ​ផ្តល់ជូន​ដល់​តៃវ៉ាន់​ផងដែរ ប៉ុន្តែ​ពលរដ្ឋ​នៅលើ​កោះ​មួយ​នេះ​ហាក់​មានការ​គាំទ្រ​តិចតួច​ប៉ុណ្ណោះ​។​

​ចាប់តាំងពី​ឆ្នាំ ២០២០ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង​មួយ​ ទៅលើ​ទីក្រុង​ហុងកុង ដោយ​លើក​ហេតុផល​ពី​សារៈសំខាន់​ក្នុង​ការស្តារ​ស្ថិរភាព​ឡើងវិញ បន្ទាប់ពី​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​ដ៏​សំខាន់​មួយ​នេះ ត្រូវបាន​ជួបនឹង​បទពិសោធន៍​បាតុកម្ម និង​កុប​កម្ម​តវ៉ា​ប្រឆាំង​រដ្ឋបាល​ហុងកុង និង​ប្រឆាំង​ចិន​ដោយ​ហិង្សា​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ ​២០១៩​។​

​លោកស្រី សៃ មិនអាច​ឈរឈ្មោះ​បោះ​ឆ្នោត​ឡើងវិញ​បានទេ ដោយសារតែ​ផុត​អាណត្តិ បន្ទាប់ពី​លោកស្រី​បាន​ដឹកនាំ​ចំនួន​២​អាណត្តិ​ជាប់ៗ​គ្នា​រួចហើយ​។ ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក​ស្រី មេដឹកនាំ​រូបនេះ​តែង​​តែ​បាន​ផ្តោតលើ​ការពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​តៃវ៉ាន់ ហើយ​គណបក្ស​រក្សា​ជំហរ​៖«​មានតែ​ប្រជាជន​តៃវ៉ាន់​ប៉ុណ្ណោះ​ដែល​អាច​កំណត់​ជោគវាសនា​កោះ​តៃវ៉ាន់​»៕