មនុស្សយ៉ាងហោចណាស់ ១៤ នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ពេលឡានក្រុង ១ គ្រឿង បើកទប់ចង្កូតលែងជាប់ ទៅបុកនឹងដើមឈើមួយនៅខាងផ្លូវ ក្នុងខេត្តភាគខាងលិច PrachuapKhiri Khan នៃប្រទេសថៃ។
បើយោងតាមទូរទស្សន៍រដ្ឋ ThaiPBS ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងក្បែរឧទ្យានជាតិ Hat Wanakorn នៅម៉ោង ១ នាព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យផ្នែកខាងមុខរបស់ឡានក្រុងនោះរហែកដាច់ជា២។
មុនពេលកើតហេតុ ឡានក្រុងរងគ្រោះដដែលបានធ្វើដំណើរចេញពីក្រុងបាងកង ឆ្ពោះទៅខេត្ត Songkhla និងដឹកអ្នកដំណើរចំនួន ៤៦ នាក់ រួមជាមួយតៃកុង និងព្រូឡាន ៣ នាក់ផ្សេងទៀត។
លោក ArnonTangto ប៉ូលិសស៊ើបអង្កេតស្រុក Huay Yang នៃខេត្ត PrachuapKhiri Khan បានប្រាប់ AFP ថា មនុស្ស ១៤ នាក់បានស្លាប់ ហើយ ៣២ នាក់ផ្សេងទៀតរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។
លោកTangtoបានបន្តថា គេមិនទាន់ដឹងពីមូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់ច្បាស់នៅឡើយទេ ប៉ុន្តែប៉ូលិសសង្ស័យថា បុរសតៃកុងឡានដែលរងរបួសធ្ងន់ ប្រហែលជាងងុយដេកមុនពេលគ្រោះថ្នាក់។ លោកបន្ថែមថា៖ «យើងកំពុងសហការជាមួយមន្ទីរពេទ្យ ដើម្បីពិនិត្យកម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់»។
គិតត្រឹមព្រឹកថ្ងៃអង្គារ គេមិនទាន់ឃើញព័ត៌មានថា តើអ្នកស្លាប់ទាំងអស់ជាជនជាតិថៃ ឬយ៉ាងណានៅឡើយទេ៕