មួយថ្ងៃបន្ទាប់​ពី​ការ​ចោទ​ប្រកាន់របស់​សហរដ្ឋ​អាមេរិក​​ថា​ អ៊ីរ៉ង់​នៅ​ពីក្រោយ​កា​រវាយ​ប្រហារ​​​​ដោយ​ក្រុម​ប្រដាប់​អាវុធ​ Houthi លើ​កង​ទ័ព​សហរដ្ឋ​អាមេរិក​នៅ​តំបន់សមុទ្រក្រហម​ មន្ត្រី​ជាន់ខ្ពស់​អ៊ីរ៉ង់​បាន​ចេញ​មុខ​បដិសេធ​ថា​ ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធនោះទេ​។ 

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់​​​ Tasnim បា​ន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា បេសកជន​​របស់​​ប្រទេស​អ៊ីរ៉ង់ប្រចាំ​អង្គការសហប្រជាជាតិ លោក Amir Saeid Iravani បាន​និយាយថា ប្រទេស​​របស់​លោក​​មិន​ជាប់​ពាក់​ព័ន្ធ​សកម្មភាព​ណា​មួយ​​​ក្នុងសកម្មភាព​​​ឬ​ក៏​វាយ​ប្រហារ​​​ប្រឆាំង​កង​ទ័ព​​សហរដ្ឋ​​អាមេរិក​​​​នៅ​តំបន់​មជ្ឈិម​បូព៌ា​នោះទេ។ ​​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​​ បាន​រាយការណ៍ថា សហរដ្ឋអាមេរិក​បាន​ស្តីបន្ទោស​ក្រុម Houthi ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អ៊ីរ៉ង់​​​មាន​​មូល​ដ្ឋាន​​នៅ​ប្រទេស​​យេ​ម៉ែន​ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង​ដែនទឹក​មជ្ឈិមបូព៌ា ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃទី៧​ ខែតុលា។

នៅក្នុង​​​ការ​សង្ខេប​ព័ត៌មាន​​​ជាមួយ​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក លោក Jake Sullivan បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​មាន «ហេតុផល​​គ្រប់​ទាំងអស់​ដើម្បី​ជឿថា ការវាយប្រហារ​ទាំងនេះ ខណៈពេលដែល​​ការ​វាយប្រហារ​​ត្រូវបា​ន​ធ្វើ​ឡើង​​ដោយ​ក្រុម Houthis ក្នុងប្រទេស​យេ​ម៉ែន ត្រូវបាន​ភ្ជាប់​យ៉ាង​ពេញលេញ​ដោយ​អ៊ីរ៉ង់» ។

នៅក្នុង​ឧប្បត្តិហេតុ​ចុងក្រោយ​នេះ កប៉ាល់​ពាណិជ្ជកម្ម​ចំនួន​បី​បាន​ស្ថិតនៅក្រោម​ការ​វាយ​ប្រហា​រ​​នៅក្នុង​ដែនទឹក​អន្តរជាតិ​នៅ​សមុទ្រ​ក្រហម​ភាគខាងត្បូង​កាលពី​ថ្ងៃអាទិត្យ។ ក្រុម Houthis បានទទួល​ស្គាល់​ការបាញ់​​ដ្រូ​ន និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល ប្រឆាំងនឹង​អ្វី​ដែល​​ពួកគេ​បាន​និយាយថា ជា​នាវា​អ៊ីស្រាអែល​ពីរ​គ្រឿង​នៅក្នុង​តំបន់​នោះ។

នាវា Carney ដែលជា​នាវា​ពិឃាត​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន៣គ្រឿង​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​វា​ឆ្លើយតប​នឹង​ការអំពាវនាវ​ពី​នាវា​ពាណិជ្ជកម្ម។ យោធា​អាមេរិក​និយាយថា នាវា​ទាំងបី​នោះបាន​ភ្ជាប់​ជាមួយ​ប្រទេស​ចំនួន ១៤ ផ្សេង​ពីគ្នា។