ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃចន្ទ ថា អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសបូលីវី របស់អាមេរិកម្នាក់ រងការចោទប្រកាន់ពីបទធ្វើចារកម្មឱ្យប្រទេសគុយបា អស់រយៈពេលជាង ៤០ ឆ្នាំ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រសួងខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Victor Manuel Rocha ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបូលីវីពីឆ្នាំ២០០០-២០០២ បានរងការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើន រួមទាំងការដើរតួជាភ្នាក់ងារចារកម្មបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដោយក្លែងបន្លំ។
អគ្គមេធាវីអាមេរិក លោក Merrick Garland បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះ យ៉ាងដូច្នេះថា៖ «យើងចោទប្រកាន់ថា អស់រយៈពេលជាង ៤០ ឆ្នាំមកនេះ លោក Victor Manuel Rocha បានបម្រើការជាភ្នាក់ងាររបស់រដ្ឋាភិបាលគុយបា ហើយទទួលមុខតំណែងក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់ឱ្យលោកនូវលទ្ធភាពទទួលបានព័ត៌មានដែលគេមិនបើកចំហជាសាធារណៈ និងសមត្ថភាពក្នុងការបញ្ចេញឥទ្ធិពលលើគោលនយោបាយការបរទេសរបស់អាមេរិក»។
លោក Rocha ដែលពេលនេះមានអាយុ ៧២ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយរំពឹងថានឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមសហព័ន្ធក្រុងម៉ៃអាមី នាថ្ងៃចន្ទនេះ។ លោក ឬអ្នកតំណាងរបស់លោក មិនទាន់ចេញប្រតិកម្មអ្វីយ៉ាងណានៅឡើយទេ ជុំវិញបទចោទប្រកាន់នាពេលនេះ។
ក្រសួងយុត្តិធម៌និយាយថា លោក Rocha បានបម្រើការនៅក្រសួងការបរទេសពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០២ ហើយបានធ្វើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៥។ បន្ទាប់មកទៀត លោកបានធ្វើជាទីប្រឹក្សារបស់មេបញ្ជាការនៃទីបញ្ជាការយោធាអាមេរិកភាគខាងត្បូងពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១២។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកMatthew Miller បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាអនុវត្តន៍ច្បាប់ដែលកំពុងដំណើរការនោះទេ។ យ៉ាងណាមិញលោកថា ក្រសួងនឹងធ្វើការជាមួយដៃគូក្នុងក្រុមស៊ើបការណ៍ ដើម្បីវាយតម្លៃផលប៉ះពាល់សន្តិសុខជាតិរយៈពេលវែងណាមួយ ជុំវិញបញ្ហាទាក់ទងនឹងលោក Rocha។
ក្នុងឯកសារតុលាការដែលតម្កល់នៅសង្កាត់ភាគខាងត្បូងនៃរដ្ឋហ្វ្លូរីដា សហរដ្ឋអាមេរិកបានចោទប្រកាន់លោកRocha ថា បានគាំទ្រគុយបាជាសម្ងាត់ និងធ្វើបេសកកម្មស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងអាមេរិកតាំងពីឆ្នាំ១៩៨១ មក។
ឯកសារដដែលអះអាងថា លោក Rocha បានបង្ហើបថា លោកបានធ្វើការងារជាច្រើនឱ្យរដ្ឋាភិបាលគុយបា ពេលជួបគ្នាជាមួយភ្នាក់ងារសម្ងាត់FBI ដែលក្លែងធ្វើជាភ្នាក់ងារសម្ងាត់របស់អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់គុយបាក្នុងឆ្នាំ២០២២ និង ២០២៣៕