ប្រជាជននូវែលសេឡង់ រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាប្រឆាំងនឹងគោលនយោបាយស្ដីពីជនជាតិដើម របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ខណៈសភាថ្មីបានកោះប្រជុំជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតខែតុលា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
បាតុកម្មដែលធ្វើឡើងនៅទីក្រុងវែលលីងតុន (Wellington) និងនៅទីក្រុងរបស់នូវែលហ្សេឡង់ប្រហែលរាប់សិបផ្សេងៗទៀត ត្រូវបានរៀបចំឡើងដោយគណបក្សមូរី (Maori Party) ដែលជាគណបក្សសម្លេងភាគតិច ធ្វើការតស៊ូមតិដើម្បីសិទ្ធិជនជាតិដើមនូវែលសេឡង់ ដែលគេស្គាល់ថា ជនជាតិមូរី។
ក្រុមអ្នកតវ៉ា បានធ្វើបាតុកម្មដោយសន្តិវិធីនៅខាងក្រៅសភា ប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជា គោលនយោបាយ «ប្រឆាំងនឹងជនជាតិមូរី» របស់រដ្ឋាភិបាលចម្រុះថ្មី ដែលដឹកនាំដោយគណបក្សអភិរក្សនិយមទើបជាប់ឆ្នោត។
សហប្រធានគណបក្សមូរី លោក Rawiri Waititi បាននិយាយថា គោលនយោបាយថ្មីនៃរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Christopher Luxonនឹងនាំប្រទេសនូវែលសេឡង់ ត្រឡប់ថយក្រោយទៅទសវត្សរ៍ឆ្នាំ ១៨០០ វិញ។ លោកបន្តថា៖ «ការតវ៉ារបស់យើងនៅព្រឹកនេះ គឺជាការបញ្ចេញសកម្មភាពរបស់ប្រជាជនយើង»។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សជាតិ សន្យាថានឹងពិនិត្យមើលសន្ធិសញ្ញា Waitangi និងអនុវត្តការផ្លាស់ប្តូរដែលអាចកើតមាន ចំពោះសន្ធិសញ្ញាដែលចុះហត្ថលេខាដោយអាណានិគមអង់គ្លេស និងមេដឹកនាំមូរីក្នុងឆ្នាំ ១៨៤០ មួយនេះ ប៉ះពាល់ដល់ច្បាប់សម័យថ្មី។
រដ្ឋាភិបាលក៏បានបង្ហើបផងដែរពីការផ្លាស់ប្តូរចំពោះអាជ្ញាធរសុខាភិបាលសម្រាប់ជនជាតិមូរី ដែលជាទីភ្នាក់ងារច្បាប់ទទួលខុសត្រូវក្នុងការធានាថា ប្រព័ន្ធសុខាភិបាលនូវែលសេឡង់បំពេញតាមតម្រូវការរបស់ជនជាតិមូរី។
សន្ធិសញ្ញា Waitangi បានសន្យាថានឹងការពារវប្បធម៌ជនជាតិមូរី និងឱ្យជនជាតិនេះបន្តរស់នៅក្នុងប្រទេសនូវែលសេឡង់ក្នុងឋានៈជាជាតិមូរី។ ជាមួយគ្នានេះ សន្ធិសញ្ញាដដែលបានផ្តល់ឱ្យស្ដេចអង់គ្លេសនូវសិទ្ធិគ្រប់គ្រងនូវែលសេឡង់ និងតំណាងឱ្យផលប្រយោជន៍របស់ប្រជាជននូវែលសេឡង់ទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Luxon បាននិយាយថា រដ្ឋាភិបាលរបស់លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសម្រាប់ទាំងជនជាតិមូរី និងប្រជាជនក្រុមផ្សេងទៀត ដែលមែនជាជនជាតិមូរី។
លោកថ្លែងថា៖ «ជនជាតិមូរី បានធ្វើការយ៉ាងល្អនៅក្នុងរដ្ឋាភិបាលដឹកនាំដោយគណបក្សជាតិកាលពីអតីតកាល ហើយពួកគេនឹងបន្តធ្វើការល្អទៀត»។
សមាជិកសភានូវែលសេឡង់បានស្បថចូលកាន់តំណែងនៅថ្ងៃអង្គារនេះ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១៤ ខែតុលា ដែលបានទម្លាក់រដ្ឋាភិបាលពាក់កណ្ដាលឆ្វេងនិយមរបស់គណបក្សការងារ ដែលគ្រប់គ្រងតាំងពីឆ្នាំ ២០១៧។ គណបក្សមូរី ទទួលបានអាសនៈចំនួន ៦ ក្នុងចំណោមអាសនៈដែលមានទាំងអស់ ១២៣ ៕