ដោយខឹងសម្បានឹងការប្រឆាំងរបស់ក្រុមជនជាតិភាគតិចដែលជួយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង បានអំពាវនាវដល់ក្រុមជនជាតិភាគតិចប្រដាប់អាវុធដែលរួមចំណែកពាក់ព័ន្ធនឹងការវាយលុកប្រឆាំងរបបយោធាដែលកំពុងកាន់អំណាចឱ្យចូលខ្លួនមកដោះស្រាយតាមបែបនយោបាយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋយោធានាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។
ចាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ រហូតមកដល់ពេលនេះជម្លោះរវាងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា (MAF) ជាមួយក្រុមផ្សេងៗដែលរួមមានអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) និងកងកម្លាំងការពារប្រជាជន (PDFs) ជាដើមនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើននៃប្រទេស។
តាមរយៈការតតាំងទាំងនេះយោធាមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នហាក់កំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាកក្នុងការក្តាប់អំណាចរបស់ខ្លួនឱ្យណែន បន្ទាប់ពីកងកម្លាំងជនជាតិភាគតិចចំនួន ៣ ក្រុមបានព្រួតគ្នាបើកការវាយលុក ដោយដណ្តើមបានទីប្រជុំជនមួយចំនួន តំបន់ពាណិជ្ជកម្មព្រំដែនខ្លះ និងប៉ុស្តិ៍យោធា។
លោក មីន អ៊ុងឡាំង ថែមទាំងបានព្រមានទៀតថា ប្រសិនបើក្រុមប្រដាប់អាវុធទាំងនោះនៅតែមិនព្រមចូលខ្លួនដោះស្រាយប្រជាពលរដ្ឋក្នុងតំបន់ដែលមានការពាក់ព័ន្ធនឹងប្រឈមមុខចំពោះហានិភ័យ។ ដូច្នេះហើយបើចង់គិតគូរពីជីវិតរបស់ប្រជាជន ទាំងនោះក្រុមប្រដាប់អាវុធត្រូវតែចូលខ្លួនដោះស្រាយ។
ស្ថានការណ៍ប្រទេសមីយ៉ាន់ម៉ា នាពេលបច្ចុប្បនេះបង្ហាញឱ្យឃើញថា ទីប្រជុំជនជាច្រើនទៀតនៅទូទាំងភាគពាយព្យនិងភាគអាគ្នេយ៍ត្រូវបានរងផលប៉ះពាល់ដោយជម្លោះកាន់តែធំដែលបណ្តាលឱ្យមានការផ្លាស់លំនៅថ្មី និងជនស៊ីវិលស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។
មនុស្សជាងកន្លះលាននាក់នៅក្នុងរដ្ឋនិងតំបន់ជាច្រើនត្រូវបង្ខំចិត្តផ្លាស់លំនៅថ្មីដោយសារតែការផ្ទុះឡើងកាន់តែខ្លាំងនៃការប្រយុទ្ធគ្នា។
ផ្លូវដឹកជញ្ជូនសំខាន់ៗនៅក្នុងទីប្រជុំជនដែលកំពុងជួបប្រទះការប្រយុទ្ធយ៉ាងសកម្មនៅទូទាំង ប្រទេសត្រូវបានរារាំងដោយក្រុម MAF និង EAOs ដោយរឹតបន្តឹងលើការធ្វើដំណើររបស់មនុស្សទៅកាន់ទីតាំងសុវត្ថិភាពរីឯអាកាសយានដ្ឋាន Lashio និង Loikaw ក៏នៅតែបន្តបិទ។
នៅរដ្ឋរ៉ាឃីនឯណោះវិញតម្លៃទំនិញកំពុងកើនឡើងដោយសារតែកង្វះខាតអាហារនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងទីផ្សារក្នុងស្រុកដែលទាំងអស់នោះបណ្តាលមកពីការស្ទះទាំងផ្លូវគោក និងផ្លូវទឹក។
ប្រឈមការប្រយុទ្ធគ្នាស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ផែនការឆ្លើយតបមនុស្សធម៌ (HRP) បានផ្តល់មូលនិធិត្រឹមតែ ២៩ ភាគរយប៉ុណ្ណោះទៅកាន់ប្រជាជនមីយ៉ាន់ម៉ាដែលប្រឈមការខ្វះខាត៕