បេសកជនអឺរ៉ុបតំណាងប្រទេសនីមួយៗក្នុងចំណោមប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃទី ៥ ខែធ្នូដើម្បីចាប់ផ្តើមការពិភាក្សាត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនចូលជាសមាជិកក្នុងពេលណាមួយដែលសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីនឹងបញ្ចប់។
ប៉ុន្តែយោងសេចក្តីរាយការណ៍របស់រ៉យទ័រ មន្ត្រីនិងអ្នកការទូតបាននិយាយថា ប្រទេសហុងគ្រីដែលជាសមាជិកអឺរ៉ុបនិងរក្សាសម្ព័ន្ធមិត្តល្អូកល្អឺនជាមួយរុស្ស៊ី បានគំរាមរារាំងអ៊ុយក្រែនក្នុងការទទួលបានលក្ខខណ្ឌពិសេសណាមួយដើម្បីចូលជាសមាជិកសហភាពអឺរ៉ុបដូចដែលការរំពឹងទុករបស់ប្រទេសផ្សេងៗ។
កិច្ចប្រជុំនេះគឺជាការចាប់ផ្តើមនៃការរៀបចំក្នុងចំណោមសមាជិកទាំង ២៧ សម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី ១៤-១៥ ខែធ្នូនៃមេដឹកនាំសហភាពអឺរ៉ុបដែលនឹងត្រូវសម្រេចចិត្តលើទស្សនវិស័យសមាហរណកម្មសម្រាប់ប្រទេសអ៊ុយក្រែន ម៉ុលដាវី ហ្សកហ្ស៊ី និងបូស្ន៊ីចូលទៅក្នុងអឺរ៉ុប។
គណៈកម្មការអឺរ៉ុបដែលជាប្រតិបត្តិរបស់សហភាពអឺរ៉ុបបានស្នើឱ្យកិច្ចប្រជុំកំពូលយល់ព្រមចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែន ដែលជាលក្ខខណ្ឌពិសេសសម្រាប់អ៊ុយក្រែនដែលប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ។
កិច្ចប្រជុំនៅថ្ងៃអង្គារនោះក៏ពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងនៃកិច្ចប្រជុំកំពូល ដែលត្រូវបានគេរំពឹងថានឹងសម្រេចលើសំណើពាក់ព័ន្ធក្នុងការពង្រីកជំនួយថវិកាចំនួន ៥០ ពាន់លានអឺរ៉ូដល់ទីក្រុងកៀវពីឆ្នាំ ២០២៤ រហូតដល់ឆ្នាំ ២០២៧។
អ្នកការទូត និងមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា សេចក្តីព្រាងដំបូងដែលរៀបចំសម្រាប់ការពិភាក្សាគឺត្រូវមានការផ្លាស់ប្តូរ។
រ៉យទ័របានរាយការណ៍ថា សេចក្តីព្រាងដំបូងចុះថ្ងៃទី ៤ ខែធ្នូរបស់គណៈកម្មការអឺរ៉ុប ដែលមានខ្លឹមសារថា៖«ក្រុមប្រឹក្សាអឺរ៉ុបសម្រេចចិត្តបើកការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន និងជាមួយម៉ុលដាវី»។
ការសម្រេចចិត្តតម្រូវឱ្យមានការគាំទ្រជាឯកច្ឆន្ទពីប្រទេសសហភាពអឺរ៉ុបទាំង ២៧។ ក្នុងករណីអ៊ុយក្រែន ហុងគ្រីបានគំរាមរារាំងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltan Kovacs បានប្រាប់អ្នកកាសែតដោយឡែកពីគ្នាកាលពីថ្ងៃចន្ទថា៖«នៅក្នុងការយល់ឃើញរបស់យើង គ្មានលក្ខខណ្ឌណាមួយសម្រាប់អ៊ុយក្រែនក្នុងការចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការចូលជាសមាជិកត្រូវបានបំពេញនោះទេ»។
លោក Zoltan បាននិយាយថា៖«តើយើងអាចនិយាយអំពីការចូលជាប្រទេសដែលមានសង្គ្រាមក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះដោយរបៀបណាដែលរដ្ឋបាលសាធារណៈធ្វើការតែអរគុណដល់លុយបរទេសជាមួយនឹងកម្រិតនៃអំពើពុករលួយដែលមាន ២០ ភាគរយនៃប្រទេសកាន់កាប់។ តើនរណាអាចស្នើឱ្យប្រទេសត្រៀមខ្លួនសម្រាប់កិច្ចចរចាចូលជាសមាជិកបានដោយរបៀបណា?»។
កន្លងមកគេដឹងថា ការត្រៀមរបស់អឺរ៉ុបគឺដូចជាកាដូសម្រាប់អ៊ុយក្រែនពេលចប់សង្គ្រាម៕