អាជ្ញាធរប្រចាំតំបន់របស់ហ្វីលីពីនបានឱ្យដឹងនៅថ្ងៃពុធ ទី ៦ ខែធ្នូថា ឡានក្រុង ១ គ្រឿង ដែលដឹកមនុស្សជាច្រើននាក់ បានដាច់ហ្វ្រាំង ហើយបើកធ្លាក់ពីលើថ្មចោតក្នុងខេត្ត Antique ភាគកណ្តាលនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់។
អភិបាលខេត្ត Antique លោកស្រី RhodoraCadiao បាននិយាយថា មនុស្ស ៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្ស ៤នាក់ទៀតមានរបួសស្រាល។
សារព័ត៌មានផ្សេងៗបានរាយការណ៍ពីដំបូងថា ឡានក្រុងរងគ្រោះបានដឹកអ្នកដំណើររហូតដល់ ៥៣នាក់ប៉ុន្តែចំនួននេះមិនមានការបញ្ជាក់ច្បាស់នៅឡើយទេ។
លោកស្រី Cadiao បាននិយាយថាមុនពេលកើតហេតុ ឡានក្រុងនោះកំពុងដឹកអ្នកដំណើរមកពីខេត្តIloilo ធ្វើដំណើរឆ្ពោះទៅទីក្រុងCulasi នៃខេត្ត Antique នារសៀលថ្ងៃអង្គារ ប៉ុន្តែដាច់ហ្វ្រាំងនៅកន្លែងផ្លូវបត់បែនខ្លាំង ហើយបើកធ្លាក់ចូលជ្រោះថ្មចោតកម្ពស់ ៣០ម៉ែត្រ។
មន្រ្តីតំបន់ដដែលបន្តថា៖«យើងហៅតំបន់គ្រោះថ្នាក់នោះថាជាផ្លូវកោងឃាតករ។ វាជាឡានក្រុងទី២ហើយដែលបានធ្លាក់នៅទីនោះ។ ដោយសារតែចំនួនអ្នកស្លាប់ច្រើន យើងត្រូវតែបោះបង់ចោលផ្លូវនោះ ហើយធ្វើផ្លូវមួយទៀត ដើម្បីធ្វើឱ្យតំបន់នោះមានសុវត្ថិភាព»។
ចំណែកឯប្រធានទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត Antique លោក Roderick Trainវិញបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា៖ «ដោយវាជាផ្លូវភ្នំ ដូច្នេះឡានក្រុងនោះបានបើកធ្លាក់ពីកន្លែងខ្ពស់»។លោកបន្តថា៖ «យោងតាមសាក្សី វាបណ្ដាលមកពីបញ្ហាម៉ាស៊ីន។ អ្នកបើកបរទប់ចង្កូតលែងជាប់ អាចនឹងដាច់ហ្វ្រាំង»។
គ្រោះថ្នាក់ចរាចរណ៍សាហាវៗ បានកើតឡើងជាញឹកញយនៅក្នុងប្រទេសហ្វីលីពីន ដោយសារតែអ្នកបើកបរជារឿយៗមិនគោរពច្បាប់ចរាចរណ៍ ហើយយានយន្តរបស់ពួកគេមានការថែទាំមិនបានល្អ ឬផ្ទុកលើសទម្ងន់ជាដើម៕