អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ថា លោកនឹងមិនក្លាយជាជនផ្ដាច់ការនោះទេ ប្រសិនបើលោកឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកម្ដងទៀត។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការប្រកាសក្ដែងៗយ៉ាងបែបនេះធ្វើឡើង ខណៈមានការព្រមានពីអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យ និងអ្នកនៅក្នុងគណបក្សសាធារណរដ្ឋមួយចំនួនថា អាមេរិក ស្ថិតក្នុងគ្រោះថ្នាក់នៃការក្លាយជាប្រទេសផ្តាច់ការ ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខ។
ឆ្លើយទៅនឹងសំណួរថាតើលោកនឹងក្លាយជាជនផ្ដាច់ការឬយ៉ាងណា? លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា៖ «អត់ទេៗ។ លើកលែងតែថ្ងៃដំបូង»។ លោកគូសបញ្ជាក់ថា នៅថ្ងៃទី១ លោកនឹងប្រើអំណាចប្រធានាធិបតី ដើម្បីបិទព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិក និងពង្រីកការខួងយកប្រេង។
ទម្រាំនឹងឆ្លើយយ៉ាងដូច្នេះ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដដែល ត្រូវបានគេសួររហូតដល់ទៅ ២ ដង ថាលោកនឹងប្រើអំណាចដើម្បីសងសឹកលើគូប្រជែងនយោបាយរបស់ខ្លួន ឬយ៉ាងណាប្រសិនបើជាប់ឆ្នោត ក្នុងអំឡុងកម្មវិធីឆ្លើយសំណួរផ្សាយតាមទូរទស្សន៍ពីសាលរដ្ឋ Iowa កាលពីថ្ងៃអង្គារ។
កន្លងមក លោក ត្រាំ ដែលអាចនឹងប្រកួតយកតំណែងនៅសេតវិមានឡើងវិញជាមួយប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ បានលើកឡើងជារឿយៗពីការដាក់ទោស លើគូប្រជែងនយោបាយប្រសិនបើឈ្នះឆ្នោត។
លោក ត្រាំ បាននិយាយក្នុងសុន្ទរកថា និងការបង្ហាញខ្លួនផ្សេងៗតាមទូរទស្សន៍នៅឆ្នាំនេះ ថា គោលដៅរបស់លោករួមមានលោក បៃដិនរដ្ឋអាជ្ញាដែលចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មរាប់សិបក្រសួងយុត្តិធម៌ និងការិយាធិបតេយ្យសហព័ន្ធ។
លោក ត្រាំធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ហើយបានបដិសេធមិនទទួលស្គាល់ថា លោកបានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ នោះទេ។
ចាប់តាំងពីពេលនោះមក អ្នកនយោបាយរូបនេះ បានផ្សព្វផ្សាយការអះអាងមិនពិតដែលថា ការបោះឆ្នោតឆ្នាំ២០២០ មានការលួចបន្លំ រហូតដល់បង្កឱ្យមានការបះបោរដ៏សាហាវពីអ្នកគាំទ្ររបស់លោកនៅវិមានកាំពីតូល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ការអះអាងថា ការបោះឆ្នោតអាណត្តិមុនពេញដោយការលួចបន្លំ ក៏ជាផ្នែកមួយនៃយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ នាពេលនេះផងដែរ។
យ៉ាងណាក៏ដោយ លោក ត្រាំ ក៏មានដៃគូប្រកួតប្រជែងក្នុងគណបក្សសាធារណរដ្ឋរបស់លោក ផ្ទាល់ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការ។ ក្នុងនោះរួមមាន អភិបាលរដ្ឋហ្វ្លរីដា លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley។
ពាក់ព័ន្ធនឹងសកម្មភាព ក៏ដូចជាសុន្ទរកថានាពេលកន្លងមក អ្នកនយោបាយពីបក្សប្រជាធិបតេយ្យ រួមមានលោកបៃដិនបានព្រមានម្តងហើយម្តងទៀតថា លោក ត្រាំគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហើយថា អាណត្តិទី២របស់លោកអាចឈានទៅដល់សម័យកាល «ផ្ដាច់ការអាមេរិក» ដែលមិនធ្លាប់មានពីមុនមក និងគ្រោះថ្នាក់៕