ប្រទេសតួកគីនៅថ្ងៃទី៦ ខែធ្នូ បានប្រកាសថា ខ្លួនបានចាប់ខ្លួនជនជាតិអង់គ្លេសម្នាក់ ដែលជាប់ឈ្មោះថាជាមេក្លោងនៃក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ការជួយដូរកាំភ្លើងខុសច្បាប់ និងប្រតិបត្តិការចារកម្មក្នុងទីក្រុងអ៊ីស្ដង់ប៊ុល។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយថា លោក Shaun Monaghan មេដឹកនាំក្រុមឧក្រិដ្ឋកម្ម ដែលធ្វើប្រតិបត្តិការនៅអង់គ្លេស ត្រូវបានប៉ូលិសអន្តរជាតិ Interpol តាមចាប់ខ្លួន។ លោកYerlikaya បាននិយាយថាលោក Monaghan បានមកដល់ប្រទេសតួកគីក្នុងខែតុលា ហើយដីការបស់ប៉ូលិស Interpol បានចេញកាលពីថ្ងៃអង្គារ។
រដ្ឋមន្រ្តីដដែលបន្តថា ប៉ូលិសតួកគីបានរកឃើញ លោក Monaghan រស់នៅក្នុងសង្កាត់Fatih នៃទីក្រុងអ៊ីស្ដង់ប៊ុល ហើយបានចាប់ខ្លួនលោកនៅថ្ងៃពុធនេះ។
បើតាមលោក Yerlikaya លោក Monaghan មានការជាប់ពាក់ព័ន្ធក្នុងការចែកចាយកូកាអ៊ីន និងហេរ៉ូអ៊ីន ក៏ដូចជាការប្លន់ប្រដាប់អាវុធជាដើម។
ការចាប់ខ្លួន លោក Monaghan ធ្វើឡើងជាបន្តបន្ទាប់គ្នា លើប្រតិកម្មផ្ដោតលើក្រុមឧក្រិដ្ឋកម្មអន្តរជាតិរបស់រដ្ឋាភិបាលតួកគី។
កាលពីខែមុន លោក Yerlikayaបាននិយាយថា ប្រទេសតួកគីបានចាប់ខ្លួន លោកHakanAyik ដែលជាអ្នករត់គេចខ្លួនកំពូល ដែលគេតាមចាប់ខ្លួនក្នុងប្រទេសអូស្ត្រាលីចំពោះការរត់ពន្ធគ្រឿងញៀន និងចាប់ខ្លួន ៣៦ នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងរង្វង់ឧក្រិដ្ឋកម្មអន្តរជាតិ ដែលអាជ្ញាធរសហរដ្ឋអាមេរិក និងនូវែលសេឡង់តាមចង់ខ្លួន៕