សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៥ ខែធ្នូ បានដាក់ចេញផែនការដ៏ទូលំទូលាយមួយដែលតម្រូវឱ្យយុវជនកូរ៉េចាប់ពីអាយុ ២០ ទៅ ៣៤ ឆ្នាំ ទៅពិនិត្យសុខភាពផ្លូវចិត្ត និងទទួលសេវាប្រឹក្សាផ្សេងៗទៀត ដែលជាវិធានការមួយដើម្បីទប់ស្កាត់ការធ្វើអត្តឃាតដែលកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
សារព័ត៌មាន Korea Herald បានរាយការណ៍ថា ប្រទេសកូរ៉េបានកត់ត្រាអត្រាធ្វើអត្តឃាតខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក្នុងរយៈពេលជិត ២០ ឆ្នាំជាមួយនឹងការស្លាប់ ២៥,២ នាក់ក្នុងចំនួន១ ០ ម៉ឺននាក់់ក្នុងឆ្នាំ ២០២២ ច្រើនជាងទ្វេដងនៃ OECD ជាមធ្យមនៃការស្លាប់ ១០,៦ នាក់ក្នុង ១០ ម៉ឺននាក់។
ទិន្នន័យពីក្រសួងសុខាភិបាល និងសុខុមាលភាព និងទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូង ជិត ៤ ម៉ឺននាក់បានបញ្ចប់ជីវិតរបស់ពួកគេក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះដោយការធ្វើអត្តឃាត ជាមួយនឹងការធ្វើអត្តឃាតកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង។
ដើម្បីដោះស្រាយសុខភាពផ្លូវចិត្តដែលធ្លាក់ចុះជាបន្តបន្ទាប់របស់ប្រទេសនេះ រដ្ឋាភិបាលនឹងអនុវត្តការត្រួតពិនិត្យសុខភាពផ្លូវចិត្ត ១ ដងរៀងរាល់ ២ ឆ្នាំ ដោយចាប់ផ្តើមពីអ្នកដែលមានអាយុចន្លោះពី ២០ ឆ្នាំដល់ ៣៤ ឆ្នាំ ហើយក្រោយមកពង្រីកដល់គ្រប់ក្រុមអាយុដើម្បីស្វែងរកសញ្ញាព្រមានជាមុន។
បញ្ជីជំងឺគោលដៅដែលបានធ្វើបច្ចុប្បន្នភាពនឹងរួមបញ្ចូលជំងឺបាក់ទឹកចិត្ត (depression) ជំងឺវិកលចរិត (schizophrenia) និងជំងឺបាយប៉ូឡា (bipolar disorder)។
បច្ចុប្បន្ននេះរដ្ឋផ្តល់ការពិនិត្យសុខភាពផ្លូវចិត្ត ដល់ជនជាតិកូរ៉េ ដែលមានវ័យអាយុចន្លោះពី ២០ ទៅ ៧០ ឆ្នាំរាល់ ១០ ឆ្នាំម្តង៕