ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ចេញទៅបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាលើកដំបូងចាប់តាំងពីសង្គ្រាមអ៊ីស្រាអែលហាម៉ាស់ផ្ទុះឡើងអស់រយៈពេល ២ ខែគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយចុះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃពុធ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រកាសអំពីដំណើរទស្សនកិច្ចនេះកាលពីថ្ងៃអង្គារម្សិលមិញថា៖«ភាគីដែលពាក់ព័ន្ធនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល»។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីនៅក្នុងអង្គការនាំចេញប្រេង OPEC+ រីឯប្រទេសអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់សម្រាប់អាជីវកម្មរបស់រុស្ស៊ី និងដៃគូដ៏សំខាន់សម្រាប់គេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
លោកពូទីនតែងតែមានទំនាក់ទំនងល្អជាមួយប្រទេសនាំចេញប្រេងនៅឈូងសមុទ្រនេះ ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដោយប្រទេសទាំង ២ បានរក្សាអព្យាក្រឹតភាពជុំវិញជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លើសពីនេះទៀតប្រទេសទាំង ២ ក៏មិនបានផ្ដល់សច្ចាប័នឱ្យសន្ធិសញ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះទេ ដូច្នេះប្រទេសទាំង ២ មិនមានកាតព្វកិច្ចអនុវត្តដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលបានចោទប្រកាន់លោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមទេ។
កន្លងមក ព្រះអង្គម្ចាស់ ម៉ូហាំមេដ ប៊ិនសាលម៉ាន (Mohammed bin Salman) ដែលជារាជទាយាទអារ៉ាប៊ីសាអ៊ូឌីត និងលោក ម៉ូហាំមេដ ប៊ិន ហ្សាយិតអាល់ណាយ៉ាន (Mohammed bin Zayed alNahyan) មេដឹកនាំនៃអេមីរ៉ាតអារ៉ាប់រួម បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ពូទីន ហើយក៏បានតាំងខ្លួនជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងលោកខាងលិចទៀតផង។ ម្យ៉ាងទៀត ប្រទេសទាំង២បានដើរតួយ៉ាងសំខាន់ក្នុងការសម្រុះសម្រួល និងរៀបចំឱ្យមានការផ្លាស់ប្តូរអ្នកទោសអំឡុងពេលមានជម្លោះនៅអ៊ុយក្រែន។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារប្រេងក្នុងសកលលោកផងដែរ។
ព្រះអង្គម្ចាស់ម៉ូហាំមេដបានរួមចំណែកយ៉ាងសំខាន់ក្នុងការវែកផ្លូវឱ្យទីក្រុងម៉ូស្គូចូលទៅក្នុងសម្ព័ន្ធភាព OPEC+ ហើយថ្មីៗនេះ ក្រុមប្រទេសក្នុងប្លុកមួយនេះក៏បាននាំគ្នាកាត់បន្ថយការផលិតប្រេងតាមសំណូមពររបស់រុស្ស៊ីដែរ៕