របាយការណ៍ថ្មីមួយរបស់អង្គការ UNICEF ដែលធ្វើកិច្ចការផ្តោតសំខាន់លើកុមារ និងការអប់រំ រកឃើញថា កុមារចំនួន ៦៩ លាននាក់ ឬច្រើនជាង ១ នាក់ក្នុងចំណោម ៥ នាក់ រស់នៅក្នុងភាពក្រីក្រនៅក្នុងប្រទេសដែលមានជាងគេបំផុតទាំង ៤០ របស់ពិភពលោក។
អង្គការ UNICEF បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយដោយរិះគន់យ៉ាងខ្លាំងលើចក្រភពអង់គ្លេស និងបារាំងចំពោះចំណាត់ថ្នាក់អាក្រក់របស់ប្រទេសទាំង ២ ដែលត្រូវគេដឹងថា មានការអភិវឌ្ឍជឿនលឿន និងមានប្រព័ន្ធអប់រំដ៏ខ្លាំង។
របាយការណ៍ដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP បានឱ្យដឹងថាការរកឃើញនេះកើតឡើងបើទោះបីជាមានការធ្លាក់ចុះនៃអត្រាភាពក្រីក្ររបស់កុមារពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ និងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ដោយប្រហែល៨ភាគរយនៅប្រទេស ៤០ ក្នុងតំបន់សហភាពអឺរ៉ុប និងប្រទេសអ្នកមានជាច្រើនទៀតនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍដែលត្រូវបានវាយតម្លៃក្នុងការសិក្សាកន្លងមក។
Unicef Innocenti ដែលជាផ្នែកស្រាវជ្រាវនៃទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា៖«នេះគឺស្មើនឹងកុមារប្រហែល ៦ លាននាក់ក្នុងចំណោមកុមារសរុបចំនួន ២៩១ លាននាក់»។
ប៉ុន្តែនៅចុងឆ្នាំ ២០២១ នៅតែមានកុមារជាង ៦៩ លាននាក់នៅក្នុងភាពក្រីក្រនៅក្នុងប្រទេសទាំងនោះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី ៦ ខែធ្នូ។
ដោយការលើកឡើងពីផលប៉ះពាល់នៃការប្រឹងប្រែងតស៊ូបែបនេះលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យុវជន វេជ្ជបណ្ឌិត Bo Viktor Nylund នាយកអង្គការ Unicef Innocenti ដែលជាការិយាល័យស្រាវជ្រាវ និងព្យាករណ៍ (Global Office of Research and Foresight) បានឱ្យដឹងថា៖«សម្រាប់កុមារភាគច្រើន នេះមានន័យថា ពួកគេធំឡើងដោយគ្មានអាហារបំប៉នគ្រប់គ្រាន់ សម្លៀកបំពាក់ សម្ភារសិក្សា ឬកន្លែងកក់ក្តៅ នៅពេលដែលពួកគេទៅផ្ទះ»។
តួលេខរបស់អង្គការ UNICEF គឺផ្អែកលើភាពក្រីក្រដែលទាក់ទងគ្នា ដែលមានប្រហែល ៦០ ភាគរយនៃប្រាក់ចំណូលមធ្យមជាតិ ដែលជារឿយៗត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអភិវឌ្ឍន៍ដើម្បីបង្កើតកម្រិតនៃភាពក្រីក្រផ្ទាល់របស់ពួកគេ។
របាយការណ៍នេះបានអំពាវនាវឱ្យមានសកម្មភាពដើម្បីធានាសុខុមាលភាពរបស់កុមារ និងសម្រាប់ឆន្ទៈនយោបាយក្នុងចំណោមប្រទេសដែលបានស្ទង់មតិ ដោយសង្កត់ធ្ងន់ថាទ្រព្យសម្បត្តិរបស់ប្រទេស ១ មិនបានលើកកុមាររបស់ប្រទេសនោះចេញពីភាពក្រីក្រដោយស្វ័យប្រវត្តិទេ។
ចាប់តាំងពីឆ្នាំ ២០១២ មក ជំហានថយក្រោយដ៏ធំបំផុតត្រូវបានគេឃើញនៅក្នុងប្រទេសអ្នកមានបំផុតមួយចំនួន។
ចក្រភពអង់គ្លេសបានឃើញការកើនឡើង ១៩,៦ ភាគរយនៅក្នុងភាពក្រីក្ររបស់កុមារ ឬកុមារកន្លះលាននាក់បន្ថែម ហើយអត្រារបស់ប្រទេសបារាំងបានកើនឡើង ១០,៤ ភាគរយ។
នៅសហរដ្ឋអាមេរិក ចំនួនកុមារក្រីក្របានធ្លាក់ចុះ ៦,៧ ភាគរយ ប៉ុន្តែកុមារច្រើនជាង ១ នាក់ក្នុងចំណោម ៤ នាក់នៅតែរស់នៅក្នុងស្ថានភាពពាក់ព័ន្ធភាពក្រីក្រនៅឡើយ។
អត្រានៃភាពក្រីក្រក្នុងឆ្នាំ ២០១៩-២០២១ គឺខ្ពស់ជាង ២ ដងដូចនៅប្រទេសដាណឺម៉ាក ដែលជាប្រទេសដែលមានប្រាក់ចំណូលប្រហាក់ប្រហែលគ្នាសម្រាប់មនុស្សម្នាក់។
ដោយគូសបញ្ជាក់ទំនាក់ទំនងរវាងភាពក្រីក្ររបស់កុមារ និងវិសមភាពលើវិស័យសេដ្ឋកិច្ច របាយការណ៍ថ្មីមួយនេះក៏បានលើកឡើងពីហានិភ័យកាន់តែខ្ពស់នៃភាពក្រីក្រសម្រាប់កុមារមកពីគ្រួសារដែលមានឪពុកម្តាយតែម្នាក់ និងគ្រួសារនៃជនជាតិដើមភាគតិច៕