សមាជិកសភាមកពីគណបក្សឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះឆ្នោតប៉ុន្តែមិនបានដឹកនាំប្រទេស លោក រ៉ាងស៊ីម៉ាន រ៉ូម (Rangsiman Rome) បានទាមទារឱ្យរដ្ឋាភិបាលថៃពន្យល់ពីការដែលមន្ត្រីប៉ូលិសម្នាក់ដែលជាក្មួយប្រុសរបស់អតីតភរិយាលោកថាក់ស៊ីនស៊ីណាវ៉ាត្រា (Thaksin Shinawatra) អាចទទួលបានឋានៈជាមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនៅការិយាល័យអន្តោប្រវេសន៍ក្នុងអាកាសយានដ្ឋានភូកេត។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះបានចោទសួរថាហេតុអ្វីបានជាលោក ថាណេតស៊ុកចៃ (Thanet Sukchai) អតីតស្នងការនគរបាលអន្តោប្រវេសន៍នៅភូកេតត្រូវលាលែងពីតំណែងភ្លាមៗមុនពេលលោកត្រូវបានផ្ទេរទៅខេត្ត ប្រាចួប គីរីខាន់ (Prachuap Khiri Khan) និងជំនួសដោយស្នងការថ្មីនៅថ្ងៃទី២៩ខែវិច្ឆិកា កន្លងទៅ។
លោករ៉ាងស៊ីម៉ានបានសរសេរនៅលើគេហទំព័រហ្វេសប៊ុកថា «ខ្ញុំគិតថាការិយាល័យប៉ូលិសជាតិថៃ ចាំបាច់ត្រូវឆ្លើយតបនឹងសំណួរទាំងនេះនិងសំណួរផ្សេងទៀតដែលបានលើកឡើងជុំវិញការរុះរើរចនាសម្ព័ន្ធប៉ូលិសលើកចុងក្រោយបង្អស់នៅការិយាល័យប៉ូលិសនិងផ្នែកអន្តោប្រវេសន៍របស់ខេត្តភូកេត»។
លោកបានបន្តចោទសួរថាហេតុអ្វីបានជា លោក ថាណេត ត្រូវបានចាត់ទុកថា ជាបុគ្គលមិនស័ក្តិសមសម្រាប់តួនាទីជាប្រធានប៉ូលិសអន្តោប្រវេសន៍ភូកេត? ហើយតើអ្វីដែលធ្វើឱ្យស្នងការថ្មីមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីនេះ?
ការិយាល័យប៉ូលិសអន្តោប្រវេសន៍ភូកេតស្ថិតនៅក្រោមនាយកដ្ឋានអន្តោប្រវេសន៍ទី៦ដែលមានទីស្នាក់ការនៅក្នុងស្រុកហាតយ៉ៃ (Hat Yai) នៃខេត្តសុងខ្លា (Songkhla)។
សំណួរដដែលខាងលើក៏ត្រូវបានចោទសួរទៅកាន់ការដំឡើងតំណែងរបស់លោកផាដថងធូ ដាម៉ាផុង (PadthongtewDamapong) ជាប្រធានអង្គភាពប៉ូលិសអន្តោប្រវេសន៍ថ្មីនៅព្រលានយន្តហោះភូកេត។ លោករ៉ាងស៊ីម៉ាន បានចង្អុលបង្ហាញថាលោកផាដថងធូគឺជាក្មួយប្រុសរបស់លោកស្រី ផុតចាម៉ាន ណាផូបេចរ៉ា (PotjamannaPombejra)ដែលធ្លាប់រៀបការជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា។
ឪពុករបស់លោកស្រី ផុតចាម៉ាន គឺជាអតីតអគ្គស្នងការនគរបាលជាតិកំពូល ១រូប ហើយកាលនោះ លោក ថាក់ស៊ីនដំបូងឡើយធ្វើការជាប៉ូលិសក្រោយមកបានក្លាយជាអ្នកមានស្ដុកស្ដម្ភដោយសារការធ្វើជំនួញបន្ទាប់មកក៏ចូលធ្វើនយោបាយ។ ប៉ុន្តែសម្រាប់លោក ផាដថងធូដែលមានអាយុ៤១ឆ្នាំ ស្រាប់តែបានទទួលការដំឡើងឋានៈនៅខេត្តភូកេតពោលគឺត្រឹមតែ ១០ខែប៉ុណ្ណោះបន្ទាប់ពីលោកបានធ្វើការនៅទីស្នាក់ការកណ្តាលរបស់ការិយាល័យអន្តោប្រវេសន៍។
លោករ៉ាងស៊ីម៉ាន បានចោទសួរដោយលើកហេតុផលបន្ថែមទៀតថាលោកផាដថងធូអាចជាមន្ត្រីពិសេសម្នាក់ដែលមានការគាំទ្រខ្លាំងឈានទៅដល់ការដំឡើងឋានៈយ៉ាងឆាប់រហ័ស ប៉ុន្តែលោកថាណេតដែលជាមេបញ្ជាការប៉ូលិសម្នាក់ ពិតជាគ្មានសមត្ថភាពស័ក្ដិសមនឹងការដំឡើងឋានៈឬក៏យ៉ាងណា។
លោកបានលើកពីប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍កាលពីខែមុន អំពីសុន្ទរកថាដែលលោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (SretthaThavisin) បានថ្លែងក្នុងកិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃថា៖«មន្ត្រីនគរបាលមួយចំនួននឹងសប្បាយចិត្ត ខណៈខ្លះទៀតខកចិត្តនឹងលទ្ធផលនៃការរុះរើនាពេលខាងមុខនេះ»។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានបដិសេធថារូបលោកមិនបានលើកឡើងដូចការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោកផាដថងធូកើតនៅទីក្រុងឡូសអេនជឺលេស (Los Angeles) ហើយបានផ្លាស់ទៅនៅប្រទេសថៃនៅអាយុ១០ឆ្នាំ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យថាំម៉ាសាត (Thammasat) និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យSouthern California ។ លោកបានរៀបការ មានគ្រួសារ និងមានកូន ៤នាក់៕