អ្នកកាសែតហុងកុងបានសម្ដែងការព្រួយបារម្ភជាថ្មីចំពោះករណីដាច់ការទាក់ទងអ្នកកាសែត ២ នាក់ ដែលបម្រើការនៅសារព័ត៌មាន South China Morning Post ជាភាសាអង់គ្លេសក្នុងអំឡុងពេលពួកគេទៅបំពេញការងារនៅប្រទេសចិន។ ទាក់ទិននឹងករណីនេះ សាធារណជនបានដាក់ការសន្និដ្ឋានថាពួកគេត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិន។
បើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកកាសែតដែលបានបាត់ខ្លួនមានឈ្មោះថា Minnie Chan។អ្នកកាសែតរូបនេះធ្វើការនៅសារព័ត៌មាន South China Morning Post ដែលមានស្នាក់ការមូលដ្ឋាននៅហុងកុងនិងជាអ្នកដែលតាមដានរឿងសន្តិសុខនិងយោធារបស់ចិន។
លោកស្រី Minnie Chan បានបាត់ការទាក់ទងក្នុងអំឡុងពេលធ្វើទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងកាលពីជាង ១ ខែមុន។យ៉ាងណាមិញលោកស្រីគឺជាអ្នកកាសែតទី២របស់សារព័ត៌មាន South China Morning Post ដែលបានបាត់ខ្លួនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
អ្នកយកព័ត៌មានម្នាក់ទៀតដែលសរសេរព័ត៌មានការទូតនិងការពារជាតិរបស់ចិន ជាភាសាអង់គ្លេសក៏មិនអាចទាក់ទងបានអស់រយៈជាច្រើនខែក្នុងឆ្នាំ២០២។ប៉ុន្តែអ្នកយកព័ត៌មានរូបនោះបានត្រឡប់មកកាន់ប្រទេសហុងកុងវិញ និងនៅតែបន្តធ្វើការងារក្នុងវិស័យសារព័ត៌មាន។
ទោះជានៅបន្តធ្វើការក្នុងវិស័យសារព័ត៌មានក៏ពិតមែនតែចាប់តាំងពីពេលនោះមកគេមិនទាន់បានឃើញរូបលោករាយការណ៍ព័ត៌មានឡើងវិញនៅឡើយ។
ចំពោះមុខនៃបញ្ហានេះប្រធានសមាគមអ្នកកាសែតនៅហុងកុងលោកRonson Chan បានឱ្យដឹងថាលោកមានការភ្ញាក់ផ្អើលជាខ្លាំងអំពីព័ត៌មាននៃការបាត់ខ្លួនខាងលើប៉ុន្តែយ៉ាងណាលោកសង្ឃឹមថាអ្នកកាសែតផ្សេងទៀតនឹងរក្សាភាពស្ងប់ស្ងាត់និងដោះស្រាយដោយសន្តិវិធី។
លោកRonson Chan ក៏បានបន្ថែមដែរថា៖ «អ្នកសារព័ត៌មាននៅហុងកុងនិងនៅចិនដីគោកសុទ្ធតែបានដឹងច្បាស់ថាបើសិនជាពួកគេចង់រាយការណ៍ព័ត៌មានដោយឯករាជ្យពួកគេនឹងត្រូវប្រឈមមុខនឹងហានិភ័យមួយចំនួនព្រោះវាមិនមែនជារឿងងាយស្រួលទេសម្រាប់វិស័យសារព័ត៌មាននៅប្រទេសចិនសព្វថ្ងៃនេះ»។
ដោយឡែកព័ត៌មានអំពីការបាត់ខ្លួនអ្នកកាសែតទាំង២ ខាងលើបានធ្វើឱ្យមានការព្រួយបារម្ភទៅដល់អ្នកផ្សេងទៀតដែលកំពុងតែធ្វើការនៅ South China Morning Post ក៏ដូចជាអ្នកកាសែតផ្សេងទៀតដែលមានមូលដ្ឋាននៅទីក្រុងហុងកុងដែលរាយការណ៍អំពីប្រទេសចិនដីគោក។
អ្នកកាសែតហុងកុងម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «ក្នុងនាមជាអ្នកយកព័ត៌មានក្នុងស្រុកខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមជាខ្លាំងចំពោះការបាត់ខ្លួនជាបន្តបន្ទាប់របស់អ្នកកាសែតបែបនេះ»។
អ្នកកាសែតរូបនេះបានគូសបញ្ជាក់ទៀតថាការព្រួយបារម្ភអំពីការចាប់ខ្លួនដោយសារតែការរាយការណ៍របស់យើងជាបញ្ហាដែលចាក់ស្រែះក្នុងចំណោមអ្នកកាសែតនៅហុងកុងជាច្រើនឆ្នាំមកហើយបូកផ្សំជាមួយករណីថ្មីនេះផងវាកាន់តែធ្វើឱ្យការព្រួយបារម្ភកាន់តែកើនឡើង៕