ប្រភពរដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃពុធទី៦ ខែធ្នូឆ្នាំ២០២៣ បាននិយាយថា ប្រទេសអ៊ីតាលី បានជូនដំណឹងជាផ្លូវការថា ខ្លួនកំពុងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) បើទោះជាមានក្តីបារម្ភថា ការផ្លាស់ប្តូរនេះអាចធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២ កាន់តែជូរចត់និងធ្វើឱ្យខូចដល់សេដ្ឋកិច្ចអ៊ីតាលីក៏ដោយ។
ប្រទេសអ៊ីតាលីក្នុងឆ្នាំ២០១៩ បានក្លាយជាប្រទេសលោកខាងលិចដំបូងគេនិងជាប្រទេសតែ១គត់ មកទល់ពេលនេះដែលបានចូលរួមគម្រោងពាណិជ្ជកម្មនិងការវិនិយោគ BRI របស់ចិននេះ ដោយព្រងើយកន្តើយនឹងការព្រមានពីសហរដ្ឋអាមេរិកថា វាអាចនឹងអនុញ្ញាតឱ្យចិនគ្រប់គ្រងលើបច្ចេកវិទ្យាដ៏រសើបនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនាយករដ្ឋមន្ត្រីថ្មី លោកស្រី Giorgia Meloni ឡើងកាន់តំណែងកាលពីឆ្នាំមុនលោកស្រីបាននិយាយថាលោកស្រីចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគ្រប់គ្រងដោយប្រធានាធិបតីចិន Xi Jinpingដោយនិយាយថាវាមិនបាននាំមកនូវផលប្រយោជន៍អ្វីច្រើនដល់ប្រទេសអ៊ីតាលីឡើយ។
កិច្ចព្រមព្រៀងដែលបានចុះនៅឆ្នាំ២០១៩ នឹងផុតកំណត់នៅខែមីនាឆ្នាំ២០២៤ ហើយប្រភពរដ្ឋាភិបាលអ៊ីតាលីបាននិយាយថាទីក្រុងរ៉ូមបានផ្ញើលិខិតមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រាប់ប្រទេសចិនថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនេះទេខណៈពេលនេះក៏គ្មានការអត្ថាធិប្បាយភ្លាមៗពីប្រទេសចិនដែរ។
បើតាមប្រភពរដ្ឋាភិបាលអ៊ីតាលីទី២ បាននិយាយថា៖ «យើងមានចេតនាទាំងអស់ក្នុងការរក្សាទំនាក់ទំនងដ៏ល្អជាមួយប្រទេសចិនទោះបីជាយើងលែងជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវហើយក៏ដោយ»។
លោកបានបន្ថែមថា៖ «ប្រទេស G7 ផ្សេងទៀតមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ខ្លាំងជាងយើងបើទោះជាពួកគេមិនដែលចូលរួមនៅក្នុងគម្រោង BRI ក៏ដោយ»។
គិតត្រឹមពេលនេះ មានប្រទេសជាង ១០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ BRI និងគម្រោងសាងសង់ចាប់តាំងពីគម្រោងនេះ ត្រូវបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១។ សម្រាប់អ៊ីតាលី ការចុះហត្ថលេខាជាមួយចិន ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៩ ក្រោមអាណត្តិលោកនាយករដ្ឋមន្ត្រី Giuseppe Conte។
គួរជម្រាបថា ចាប់តាំងពីការចុះហត្ថលេខាក្នុងឆ្នាំ២០១៩ មក ការនាំចេញរបស់អ៊ីតាលី ទៅកាន់ប្រទេសចិន បានកើនឡើងពីក្នុងរង្វង់ទឹកប្រាក់ ១៣ ពាន់លានអឺរ៉ូ ទៅដល់ ១៦.៤ ពាន់លានអឺរ៉ូ។ ផ្ទុយទៅវិញ ក្នុងរយៈពេលដូចគ្នានេះ ការនាំចេញរបស់ចិនទៅកាន់ប្រទេសអ៊ីតាលីបានកើនឡើងពី ៣១.៧ ពាន់លានអឺរ៉ូ ឡើងដល់ ៥៧.៥ ពាន់លានអឺរ៉ូ នេះបើយោងតាមទិន្នន័យរបស់ប្រទេសអ៊ីតាលី។
ដោយឡែកដៃគូពាណិជ្ជកម្មតំបន់ចាយប្រាក់អឺរ៉ូរបស់អ៊ីតាលីរួមមានបារាំងនិងអាល្លឺម៉ង់បាននាំចេញកាន់តែច្រើនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុនបើទោះបីជាមិនមែនជាផ្នែកនៃគម្រោង BRIក៏ដោយ៕