ប៉ូលិសទីក្រុងហូជីមិញកំពុងស៊ើបអង្កេតលើមនុស្សចំនួន ២៣៥ នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជុំវិញសំណុំរឿងអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines ចំនួន ៤ នាក់ ដឹកគ្រឿងញៀនតាមជើងហោះហើរពីក្រុងប៉ារីសនៃប្រទេសបារាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VnExpress កាលពីថ្ងៃពុធ។
ប្រធានការិយាល័យអយ្យការតុលាការប្រជាជនក្រុងហូជីមិញ លោក Nguyen Duc Thai បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធថា ទីភ្នាក់ងារស៊ើបអង្កេតវៀតណាមបានពង្រីកការស៊ើបអង្កេត ហើយចាប់បានការជាប់ពាក់ព័ន្ធរបស់មនុស្សទាំង ២៣៥នាក់នោះ។
លោកបន្ថែមថា ជនជាប់ចោទទាំងអស់ ស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ទិញ-លក់គ្រឿងញៀនដោយខុសច្បាប់ លាក់បាំងឧក្រិដ្ឋកម្ម និងមិនរាយការណ៍ពីបទល្មើស។
អ្នកបម្រើការយន្តហោះរបស់ក្រុមហ៊ុនVietnam Airlines ចំនួន៤នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យសន្តិសុខវៀតណាម បានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន៨គីឡូក្រាមក៏ដូចជាកូកាអ៊ីន និងខេតាមីនចំនួន៣គីឡូក្រាម លាក់ទុកក្នុងបំពង់ថ្នាំដុសធ្មេញបង្កប់ក្នុងវ៉ាលីស កាលពីពាក់កណ្ដាលខែមីនា។
អ្នកទាំង៤អះអាងថា ពួកគេបានយល់ព្រមដឹកទំនិញចំនួន៦០គីឡូក្រាម រួមទាំងបំពង់ថ្នាំដុសធ្មេញ ឱ្យក្រុមមនុស្សដែលគេស្គាល់គ្នានៅបារាំង និងវៀតណាមដើម្បីជាថ្នូរនឹងប្រាក់ចំនួន១០លានដុង ប៉ុន្តែមិនបានពិនិត្យមើលត្រឹមត្រូវដោយសារ«អស់កម្លាំងពេក»។ ៦ថ្ងៃក្រោយមកប៉ូលិសវៀតណាមដោះលែងពួកគេវិញ ដោយកំណត់ថា ពួកគេពិតជាមិនដឹងពីគ្រឿងញៀនទាំងនោះមែន។
ភ្ជាប់ទៅនឹងបញ្ហានេះ លោក Thai បាននិយាយថា ករណីរបស់អ្នកបម្រើការលើយន្តហោះទាំង៤ គឺជារឿង១ក្នុងចំណោមករណីជាច្រើនដែលបង្ហាញថាការរត់ពន្ធគ្រឿងញៀនតាមអាកាសយានដ្ឋានTan Son Nhatនៃក្រុងហូជីមិញ កំពុងរីករាលដាល។ លោកបន្តថា គ្រឿងញៀនត្រូវបានគេបន្លំជាកាដូ ឬរបស់អាចកាន់យួរតាមដៃហើយដាក់ផ្ញើតាមសេវាកម្មដឹកជញ្ជូនរហ័ស និងដឹកតាមអីវ៉ាន់ជាដើម៕