នៅពេលដែលអ៊ុយក្រែនបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការគាំទ្រផ្នែកយោធាបន្ថែមទៀតសម្រាប់ជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ភាពប្រេះឆាផ្នែកនយោបាយហាក់បានលេចឡើងនៅគ្រាដ៏សំខាន់សម្រាប់ប្រទេសនេះក្នុងការបន្តប្រយុទ្ធជាមួយសត្រូវធំគឺរុស្ស៊ី។
សារព័ត៌មាន New York Times បានរាយការណ៍ពីភាពប្រេះឆារបស់ថ្នាក់កំពូលរបស់អ៊ុយក្រែនក្នុងគ្រាចុងក្រោយនេះ។ ក្នុងនោះមានជម្លោះរវាង ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (VolodymyrZelensky) និងមេបញ្ជាការកងកម្លាំងអ៊ុយក្រែន ឧត្តមសេនីយ៍ Valery Zaluzhny មានជម្លោះ។ ក្រៅពីនោះក៏មាន លោក Vitali Klitschko អភិបាលក្រុងកៀវដ៏មានប្រជាប្រិយ និងអតីតប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ដែលរងការហាមឃាត់មិនឱ្យចេញក្រៅប្រទេសកាលពីថ្ងៃទី១ ខែធ្នូ ផងដែរ។
សមាជិកសភាសហរដ្ឋអាមេរិកធ្លាប់បានលើកឡើងពីលទ្ធភាពឱ្យអ៊ុយក្រែនប្រកាន់ខ្ជាប់ការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលនឹងចូលមកដល់នៅឆ្នាំក្រោយនេះ ប៉ុន្តែប្រធានាធិបតីហ្សេឡេនស្គីធ្លាប់ច្រានចោលដោយសារសង្គ្រាមកំពុងបន្តកើតមាន។
ខណៈពេលនេះ អ៊ុយក្រែនត្រូវការចាំបាច់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ប៉ុន្តែជំនួយយោធាសំខាន់បំផុតពីសហរដ្ឋអាមេរិកហាក់ជាប់គាំងម្តងហើយ ម្តងទៀត។
ជម្លោះនយោបាយក្នុងប្រទេសអ៊ុយក្រែនកើតឡើងនៅពេលដែលប្រទេសនេះឈានចូលដល់រដូវរងាទី២ នៃសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ហើយប្រជាជនស៊ីវិលអ៊ុយក្រែនបានប្រឈមនឹងការវាយប្រហារកាន់តែខ្លាំងឡើងនៅទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលកងទ័ពរបស់ខ្លួនប្រឈមមុខនឹងការប្រយុទ្ធគ្នានៅសង្គ្រាមជួរមុខចំនួន៣កន្លែងធំៗ។
ការវាយលុកនៅរដូវក្តៅកន្លងទៅនេះ បានបរាជ័យក្នុងការបង្កើតការទម្លាយប្រឆាំងនឹងការការពាររុស្ស៊ីនៅផ្នែកខាងមុខភាគអាគ្នេយ៍ ហើយខណៈពេលដែលកងទ័ពអ៊ុយក្រែនបានទទួលជោគជ័យខ្លះៗនៅភាគខាងត្បូង និងប្រឆាំងនឹងកងកម្លាំងជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅ ពួកគេកំពុងទទួលរងការវាយប្រហារជាបន្តបន្ទាប់នៅភាគខាងកើត។
នៅពេលដែលយុទ្ធនាការយោធាបានជួបការលំបាក ការរិះគន់បានចាប់ផ្តើមកើនឡើងនៅក្នុងជួរដឹកនាំនយោបាយរបស់ប្រទេសអ៊ុយក្រែន។
ឧត្តមសេនីយ៍ Zaluzhny មេបញ្ជាការកងកម្លាំងអ៊ុយក្រែន បានសរសេរក្នុងកាសែតមួយនាពេលថ្មីៗនេះថា សង្គ្រាមស្ថិតក្នុងភាពទាល់ច្រក ហើយនឹងនៅតែបែបនោះដដែល រហូតទាល់តែអ៊ុយក្រែនទទួលបានឧបករណ៍យោធាដែលថ្មី និងទំនើបជាងមុន។
លោក ហ្សេឡេនស្គីបានស្តីបន្ទោសលោកឧត្តមសេនីយ៍ Zaluzhny ភ្លាមៗ ហើយបានបដិសេធថា សង្គ្រាមមិនស្ថិតក្នុងភាពទាល់ច្រកទេ។
ចាប់តាំងពីពេលនោះមក មានពាក្យចចាមអារ៉ាមជាច្រើនថា ឧត្តមសេនីយ៍ Zaluzhny នឹងត្រូវបានផ្លាស់ប្តូរចេញហើយ។ សមាជិកសភាក្នុងគណបក្សរបស់លោក ហ្សេឡេនស្គី លោកស្រី Mariana Bezuhla ដែលជាអនុប្រធានគណៈកម្មាធិការសន្តិសុខជាតិ ការពារជាតិ និងស៊ើបការណ៍សម្ងាត់ក្នុងសភា បានរិះគន់ឧត្តមសេនីយ៍ Zaluzhny ម្តងហើយម្តងទៀតនៅលើ Facebook ចំពោះការបរាជ័យក្នុងការរៀបចំផែនការ ហើយក៏រៀបចំការស្ទង់មតិស្នើឱ្យប្រជាជន បោះឆ្នោតលើការផ្លាស់ប្តូររូបគាត់។
ការវាយប្រហារលើឧត្តមសេនីយ៍ Zaluzhny ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងកងកម្លាំងប្រដាប់អាវុធ បាននាំឱ្យអ្នកដទៃរិះគន់រដ្ឋាភិបាល និងរដ្ឋបាលរបស់លោក ហ្សេឡេនស្គីជាមួយនឹងការត្អូញត្អែរថាប្រធានាធិបតីជ្រៀតជ្រែកក្នុងការសម្រេចចិត្តយោធា និងបណ្តេញមេបញ្ជាការដោយមិនពិគ្រោះជាមួយមេយោធារបស់គាត់។
លោក Klitschko អភិបាលក្រុងកៀវនិងជាអតីតជើងឯកប្រដាល់បានសម្តែងការគាំទ្រចំពោះឧត្តមសេនីយ៍ Zaluzhny នៅក្នុងបទសម្ភាសន៍កាលពីចុងសប្តាហ៍ដោយនិយាយថា ឧត្តមសេនីយ៍ Zaluzhny គឺត្រឹមត្រូវក្នុងការនិយាយការពិតអំពីស្ថានភាព។
ហើយអភិបាលក្រុងបានវាយបកទៅលោក ហ្សេឡេនស្គីដោយនិយាយថា ការស្នើឡើងនូវទម្រង់ស្ទង់មតិរបស់ប្រធានាធិបតីកើតចេញពីកំហុសដែលគាត់បានធ្វើនៅក្នុងការខកខានក្នុងការរៀបចំសម្រាប់សង្គ្រាម។
ទាំងលោក Klitschko និងលោក Poroshenko គឺជាគូប្រជែងនយោបាយរបស់លោក ហ្សេឡេនស្គីប៉ុន្តែភាគច្រើនបានលាក់បាំងភាពខុសគ្នារបស់ពួកគេចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែការប្រជែងគ្នាបានកើតឡើងម្តងម្កាល ដូចជាពេលដែលលោក ហ្សេឡេនស្គី រិះគន់អភិបាលក្រុងថាមិនបានរៀបចំលេណដ្ឋានពីការវាយលុកតាមអាកាសនៅក្នុង ទីក្រុងឱ្យបានគ្រប់គ្រាន់។
អ្នកវិភាគម្នាក់បាននិយាយថា ការប្រជែងគ្នាផ្ទាល់ខ្លួនទំនងជានៅពីក្រោយការហាមឃាត់ការធ្វើដំណើររបស់លោក Poroshenko ប៉ុន្តែ នៅទីបញ្ចប់ លោក Poroshenko និងលោក ហ្សេឡេនស្គីបានយល់ព្រមលើតម្រូវការក្នុងការប្រយុទ្ធជាមួយរុស្ស៊ី និងបង្កើតសម្ព័ន្ធភាពជាមួយលោកខាងលិច៕