សេចក្តីសម្រេចព្រាងមួយ បានជំរុញឱ្យ សហភាពអឺរ៉ុបទទួលស្គាល់និងលុបចោលនូវឥទ្ធិពលអាណានិគមនិយមអឺរ៉ុបដោយស្នើឱ្យបង្កើតវេទិកាអចិន្ត្រៃយ៍សម្រាប់ស្តារយុត្តិធម៌ឡើងវិញ។ការអំពាវនាវនេះធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា សហភាពអឺរ៉ុបមិនបានយកចិត្តទុកដាក់ដោះស្រាយនូវផលប៉ះពាល់អវិជ្ជមាននូវបញ្ហាដែលកំពុងកើតមានបណ្ដាលមកពីការដាក់អាណានិគមរបស់ខ្លួនកាលពីអតីតកាល។
នេះគឺជាលើកដំបូងហើយដែលសមាជិកសភាអឺរ៉ុបលើកយកបញ្ហានេះមកពិភាក្សាជាផ្លូវការ ជាពិសេសអំពីសំណងការខូចខាតដោយសារទាសភាពនិងអាណានិគមនិយមដែលខ្លួនធ្លាប់បានធ្វើ។ការអំពាវនាវនេះបានធ្វើឡើងដោយសារតែមនុស្សកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទទួលខុសត្រូវចំពោះសកម្មភាពអតីតកាលរបស់ពួកគេ ជាពិសេសបញ្ហាទាសភាព។
ជាក់ស្ដែង កាលពីខែមុន សហភាពអាហ្វ្រិកបានរួមគ្នាជាមួយបណ្ដាប្រទេសតំបន់ការាបៀន (Caribbean)ជំរុញឱ្យប្រទេសអឺរ៉ុបទទួលស្គាល់និងផ្តល់សំណងផ្នែកហិរញ្ញវត្ថុសម្រាប់កំហុសឆ្គងជាប្រវត្តិសាស្ត្ររបស់ពួកគេ។
សេចក្តីសម្រេចព្រាងនោះបានចែងថាបណ្ដាប្រទេសជាច្រើនដែលធ្លាប់នៅក្រោមអាណានិគមអឺរ៉ុបនៅតែជួបការលំបាកដោយសារឥទ្ធិពលយូរអង្វែងនៃអាណានិគមនិយមភាពជាទាសករការប្រកាន់ពូជសាសន៍និងការប្រល័យពូជសាសន៍ជាដើម។ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រទាំងនេះដូចជាការរើសអើងពូជសាសន៍និងអំពើហិង្សានៅតែបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើវិសមភាពសង្គមនិងសេដ្ឋកិច្ចជុំវិញពិភពលោក។
សេចក្ដីព្រាងនេះបានភ្ជាប់យុត្តិធម៌អាកាសធាតុទៅនឹងបញ្ហានៃសំណងសម្រាប់ទាសភាព ដោយលើកហេតុផលថាប្រទេសអភិវឌ្ឍន៍និងប្រទេសដែលធ្លាប់ដាក់អាណានិគមបានបង្កការខូចខាតជាប្រវត្តិសាស្ត្រច្រើនបំផុតដល់បរិស្ថានតាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ការឡើងកំដៅផែនដីនិងការបំពុលបរិស្ថាន។
សកម្មភាពទាំងនេះបានជះឥទ្ធិពលអវិជ្ជមានបំផុតដល់បរិស្ថាននិងប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍។យ៉ាងណាក៏ដោយ សេចក្ដីព្រាងនេះមិនបានបញ្ជាក់ថាតើសំណងទាំងនោះមានលក្ខណៈបែបណានោះទេ។
លោក មីកែល ម៉ឺការ៉េន (Michael McEachrane) អ្នករាយការណ៍ប្រចាំវេទិកាអង្គការសហប្រជាជាតិ បានលើកឡើងថាអាណានិគមនិយមអឺរ៉ុបបានជះឥទ្ធិពលយ៉ាងធំធេងលើពិភពលោក ដោយបង្កើតប្រព័ន្ធសង្គមនិងសេដ្ឋកិច្ច។
លោកថែមទាំងសង្កត់ធ្ងន់ថា អាណានិគមនិយមបាននាំទៅរកទំនាក់ទំនងបែបកេងប្រវ័ញ្ចគ្នារវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។
លោកបានបន្ថែមថា សហភាពអឺរ៉ុបគួរតែនាំមុខគេក្នុងការរៀបចំដំណើរការផ្ដល់សំណងដល់ការខូចខាតកន្លងមករួមទាំងបញ្ហាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុព្រោះប្រទេសកំពុងអភិវឌ្ឍន៍កំពុងទទួលរងនូវផលប៉ះពាល់ច្រើនជាងគេ។
សមាជិកសភាអាល្លឺម៉ង់លោកស្រី ពៀរ៉េតេ ហឺបឺហ្គឺ ហ្វូហ្វាណា (Pierrette Herzberger-Fofana) មកពីអង្គការនយោបាយមួយឈ្មោះថា Greens-European Free Alliance គ្រោងនឹងបង្ហាញសេចក្តីសម្រេចព្រាងនេះដល់គណៈកម្មាធិការអភិវឌ្ឍន៍សភាអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកស្រីនឹងស្នើសេចក្តីព្រាងនេះជាដំណោះស្រាយបន្ទាន់មួយនៅក្នុងសភាអឺរ៉ុបក្នុងសប្តាហ៍បន្ទាប់។
លោកស្រី បានលើកឡើងថា ការយល់ដឹងអំពីប្រវត្តិនៃការរើសអើងជាតិសាសន៍នៅអឺរ៉ុបនឹងជួយមនុស្សឱ្យយល់កាន់តែច្បាស់អំពីបញ្ហាស្មុគស្មាញជុំវិញការធ្វើចំណាកស្រុក។ដើម្បីសម្រេចបាននូវចំណុចនេះសៀវភៅសិក្សានៅទូទាំងទ្វីបអឺរ៉ុបគួរតែត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីផ្តល់ឱ្យសិស្សានុសិស្សនូវខ្លឹមសារដ៏ត្រឹមត្រូវនិងពេញលេញពាក់ព័ន្ធនឹងការជួញដូរទាសករនិងអាណានិគមនិយម។
កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបនិងបណ្តាប្រទេសនៅអាមេរិកឡាទីននិងតំបន់ការាបៀនបានទទួលស្គាល់ការឈឺចាប់ដែលបណ្តាលមកពីការជួញដូរទាសកររបស់អឺរ៉ុបហើយបានព្រមព្រៀងថាសំណងគួរតែត្រូវបានពិចារណាសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាំងអស់នោះ៕