តួកគី ដែលមានអរិភាពជាយូរមកហើយជាមួយប្រទេសក្រិក ដែលនៅជិតខាង ហាក់បង្ហាញភាពល្អូកល្អើននឹងគ្នាវិញ ក្រោយពេលដែលតួកគីមានទំនាក់ទំនងមិនល្អជាមួយបស្ចឹមលោកចាប់ពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
នៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីតួកគី លោក រ៉េស៊ីប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) បានទៅបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងអាតែនជាមួយនឹងគណៈប្រតិភូរដ្ឋមន្ត្រីសម្រាប់កិច្ចប្រជុំជាមួយសមភាគីក្រិកដែលប្រទេសទាំងពីរសង្ឃឹមថានឹងអាចប្រែក្លាយទំព័រថ្មីក្នុងទំនាក់ទំនងបន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។ នេះបើយោងសេចក្តីរាយការណ៍របស់រ៉យទ័រ។
ប្រទេសក្រិក និងតួលគី គឺជាប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តរបស់ណាតូដូចគ្នា ប៉ុន្តែប្រទេសទាំងពីរមានជម្លោះលើបញ្ហាជាច្រើន ដែលពេលខ្លះប្រទេសតួកគីគម្រាមប្រើប្រាស់អាវុធដាក់ក្រិកលើការត្រួតត្រាប្រជុំកោះ Aegean ទៀតផង។
តាមសេចក្តីរាយការណ៍ខ្លះបានលើកឡើងថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរទើបចុះត្រជាក់បន្តិចនៅពេលដែលតួកគីជួបគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតកាលពីខែកុម្ភៈឆ្នាំនេះ ហើយ ក្រិកបានបញ្ជូនជំនួយមនុស្សធម៌ទៅឱ្យតួកគី។
ប្រទេសទាំងពីរនេះបានឈានដល់មាត់ច្រកនៃសង្គ្រាមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយ នៅប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគេបានជជែកគ្នាអំពីធនធានថាមពលនៅសមុទ្រមេឌីទែរ៉ាណេខាងកើត បញ្ហាការពារជាតិ ការធ្វើចំណាកស្រុក និងការទិញយន្តហោះចម្បាំង ដែលផ្អាកការចរចាការទូត។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ទាំងប្រធានាធិបតីតួកគី លោក អេរដូហ្គែន និងនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis បន្ទាប់ពីការជាប់ឆ្នោតឡើងវិញនៅឆ្នាំ២០២៣ ក៏បានបន្ធូរបន្ថយសម្ពាធនយោបាយ និងអនុញ្ញាតឱ្យពួកគេដាក់គូប្រជែងទុកនៅមួយឡែកសិន។
ក្រោយជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ផ្ទុះឡើងកាលពី២ ខែមុន តួកគីបាននៅខាងក្រុមហាម៉ាស់និងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ព្រមទាំងមាននយោបាយ មិនស្របជាមួយក្រុមបស្ចឹមប្រទេសផង។ ការណ៍នេះក៏អាចឱ្យតួកគីត្រូវរាប់អានប្រទេសជិតខាងដើម្បីបន្ថយសម្ពាធការទូតកាន់តែធ្ងន់ធ្ងរទៅថ្ងៃក្រោយ៕