ច្បាប់ថវិការបស់សហរដ្ឋអាមេរិក ដែលនឹងធានាការផ្តល់ជំនួយយ៉ាងច្រើនសម្បើមដល់ប្រទេសអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី អស់រយៈពេលជិត ២ ឆ្នាំ ត្រូវបានរារាំងមិនឱ្យមានការពិភាក្សាបន្តនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការបោះឆ្នោតប្រឆាំង ចំពោះច្បាប់ថវិកាផ្តល់ជំនួយដល់អ៊ុយក្រែនដោយសារសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលតែងប្រឆាំងការចង់បានរដ្ឋាភិបាលរបស់ប្រធានា ធិបតី ចូ បៃដិន បានជំរុញការទាមទាររបស់ពួកគេសម្រាប់វិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងអន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក។
ការបោះឆ្នោតគាំទ្រមាន ៤៩ សំឡេងទល់នឹងសំឡេងប្រឆាំង ៥១ ដែលមានន័យថាច្បាប់កញ្ចប់ថវិកា ១១០,៥ ពាន់លានដុល្លារមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដែលត្រូវការនៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ១០០ ដើម្បីបើកផ្លូវឱ្យមានការជជែកដេញដោលបន្ថែមទេ។
យោងសេចក្តីរាយការណ៍នោះ ការបោះឆ្នោតគឺស្ថិតនៅតាមលំដាប់លំដោយគណបក្ស ដោយរាល់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោត «ទេ» រួមជាមួយនឹងព្រឹទ្ធសមាជិក Bernie Sanders ឯករាជ្យដែលជាទូទៅបោះឆ្នោតគាំទ្រលើការស្នើរបស់គណបក្សប្រជាធិបតេយ្យ ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការផ្តល់មូលនិធិដល់ «យុទ្ធសាស្ត្រយោធាអមនុស្សធម៌» របស់អ៊ីស្រាអែល នាពេលបច្ចុប្បន្នប្រឆាំងនឹងប៉ាឡេស្ទីន។
មេដឹកនាំភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer ក៏បានបោះឆ្នោត «ទេ» ដែរ ដូច្នេះគាត់អាចណែនាំចលនាដើម្បីពិចារណាឡើងវិញពីវិធានការនេះ។ បន្ទាប់ពីការបោះឆ្នោត លោក Schumer ដែលជាអ្នកប្រជាធិបតេយ្យ បាននិយាយថា វាគឺជា «ពេលវេលាដ៏ធ្ងន់ធ្ងរមួយដែលនឹងមានផលវិបាកយូរអង្វែងសម្រាប់សតវត្សរ៍ទី ២១» ដោយប្រថុយនឹងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យលោកខាងលិច។
កន្លងមករដ្ឋបាលលោក ចូ បៃដិន បានស្នើសេចក្តីព្រាងច្បាប់ថវិកាជាង ១០០ ពាន់លានដុល្លារដោយក្នុងនោះជាង ៦០ ពាន់លាននឹងត្រូវផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ហើយជាង ១៤ ពាន់លានត្រូវផ្តល់ដល់អ៊ីស្រាអែល ក្រៅពីនោះគឺផលិតអាវុធបំពេញឃ្លាំងវិញ៕