អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយព្រមានទៅកាន់ក្រុមប្រឹក្សាសន្តិសុខក្នុងលិខិតមួយកាលពីថ្ងៃពុធ ទី ៦ ធ្នូ ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន «អាចធ្វើឱ្យការគំរាមកំហែង ដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។
លោកបានលើកឡើងពីមាត្រា ៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យលោកធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់រាល់បញ្ហា ដែលលោកយល់ឃើញថាអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិដែលរកបានមកដោយលំបាក។
វាគឺជាការបោះជំហានដ៏កម្រមួយសម្រាប់លោក ហ្គុយតឺរ៉េស ដោយអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេផាន ឌូចារីក (Stephane Dujarric) បាននិយាយថា មាត្រា ៩៩ ត្រូវបានគេទុកចោលមិនប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ក្នុងលិខិតទៅក្រុមប្រឹក្សាសន្ដិសុខដដែល លោក ហ្គុយតឺរ៉េស សរសេរយ៉ាងដូច្នេះថា៖«យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿន ទៅជាមហន្តរាយ ជាមួយ នឹងផលប៉ះពាល់ដែលមិនអាចកែប្រែ បានសម្រាប់ប៉ាឡេស្ទីន ទាំងមូលក៏ដូចជាសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់»។
លោកបន្តថា បញ្ហាទាំងអស់នេះ ត្រូវតែចៀសវាងឱ្យបានជាដាច់ខាត ដោយអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីសម្រួលបញ្ហាមនុស្សធម៌ជាថ្មីទៀតផងដែរ។
ការព្រមានពីប្រមុខអង្គការសហប្រជាជាតិនាពេលនេះ ធ្វើឡើងខណៈបណ្ដារដ្ឋអារ៉ាប់ផ្សេងៗ ស្វែងរកអំណាចបែបនេះពីលោក ហ្គុយតឺរ៉េស ដើម្បីបន្តជំរុញឱ្យក្រុមប្រឹក្សាសន្ដិសុខអំពាវនាវឱ្យមានបទឈប់បាញ់។
សហរដ្ឋអាមេរិក ដែលជាប្រទេសមួយមានអំណាចវេតូលើសេចក្ដីសម្រេចណាមួយក្នុងចំណោមប្រទេស ៥ ទៀត របស់ក្រុមប្រឹក្សាសន្ដិសុខដែលមានសមាជិក ១៥ ប្រទេស បានប្រឆាំងទៅនឹងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយលើកឡើងថា វានឹងផ្តល់ផលប្រយោជន៍ដល់តែក្រុមហាម៉ាស់ប៉ុណ្ណោះ។
ជុំវិញលិខិតរបស់លោក ហ្គុយតឺរ៉េស បេសកកម្មការទូតអាមេរិក មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានឃើញលិខិតនោះ ប៉ុន្តែបានបដិសេធមិននិយាយច្រើនវែងឆ្ងាយ ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តពិគ្រោះយោបល់ជាមួយលោក ហ្គុយតឺរ៉េស និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំណែកឯបេសកជនប្រចាំអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour វិញ បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតពីបណ្ដាប្រទេសតំបន់អារ៉ាប់ កំពុងកែសម្រួលសេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់។ សេចក្តីសម្រេចនោះ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង ហើយត្រូវតែគ្មានការវេតូពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង ឬអង់គ្លេសជាដាច់ខាត។
ដើម្បីស្វែងរកការគាំទ្រជាពិសេសរដ្ឋអាមេរិក ដែលមានអំណាចបំផុតនៅឯក្រុមប្រឹក្សាសន្តិសុខ លោក Mansour បាននិយាយថា រដ្ឋមន្ត្រីអារ៉ាប់គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ ហើយនឹងពិភាក្សាអំពីវិធានការជាមួយមន្ត្រីអាមេរិក៕