លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នាថ្ងៃទី ៨ ធ្នូ កន្លងទៅ បាននិយាយទៅកាន់ក្រុមទាហាន ដែលចូលរួមប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែនថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ម្ដងទៀត នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤។
ក្នុងឱកាសជំនួបផ្ដល់ពានរង្វាន់ជូនទាហានដែលបានចូលរួមប្រយុទ្ធក្នុងសមភូមិសង្គ្រាម រុស្សី-អ៊ុយក្រែន ទាហានជាន់ខ្ពស់ជាច្រើននាក់បានបង្ហាញពីចេតនាចង់ឱ្យលោក ពូទីន បន្តឈរឈ្មោះ នៅអាណត្តិក្រោយទៀត។
ជាលទ្ធផល លោក ពូទីន បាននិយាយក្នុងឱកាសដដែលនោះថា៖ «មិនលាក់បាំងទេ ខ្ញុំធ្លាប់គិតថាអាចនឹងមានវិធីផ្សេង។ ប៉ុន្តែរហូតមកដល់ពេលនេះខ្ញុំយល់ថា យើងគ្មានជម្រើសផ្សេងទេ ដូច្នេះខ្ញុំនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្ដងទៀត»។
ក្រោយជំនួបផ្ដល់ពានរង្វាន់នោះ លោក Artyom Zhoga ដែលជាមន្ត្រីយោធា និងជាអ្នកនយោបាយមួយរូបដែរនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកពិតជារីករាយណាស់ ដែលលោកពូទីន បានយល់ព្រមតាមសំណើក្នុងការឈរឈ្មោះ ហើយមន្ត្រីយោធារូបនេះជឿជាក់ថាប្រទេសរុស្ស៊ីទាំងមូល នឹងគាំទ្រការសម្រេចចិត្តនេះ។
សម្រាប់លោក ពូទីន បើទោះជាមានអាយុ ៧១ ឆ្នាំទៅហើយក្ដី ប៉ុន្តែការបោះឆ្នោតដែលមានការគាំទ្រពីរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ និងស្ទើរតែគ្មានការជំទាស់ជាសាធារណៈទៅហើយនោះ ភាគរយដែលលោក ពូទីន នឹងដឹកនាំប្រទេសរុស្ស៊ីបន្តទៀតគឺខ្ពស់រួចទៅហើយ។
ប៉ុន្តែយ៉ាងណា គណបក្សប្រឆាំងបានចាត់ទុកការបោះឆ្នោតប្រធានាធិបតីនេះថា ជារូបភាពដែល ត្រូវបានតាក់តែងឡើង ដើម្បីបិទបាំងទម្រង់ដឹកនាំផ្ដាច់ការរបស់លោក ពូទីន តែប៉ុណ្ណោះ។ ក្រុមប្រឆាំងបាននិយាយទៀតថា បេក្ខភាពឈរឈ្មោះបោះឆ្នោត នឹងលេចឡើងជាទូទៅ ប៉ុន្តែលទ្ធផលនៃជ័យជម្នះនៅតែបានទៅលើលោក ពូទីន ដដែល។
គូប្រជែង អ្នករិះគន់ អ្នកចែកចាយព័ត៌មានក្លែងក្លាយ និងអ្នកបង្ខូចឈ្មោះកងទ័ពជាដើម តែងតែទទួលជោគវាសនាមិនខុសគ្នានោះទេ ពោលគឺប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារ ឬភៀសខ្លួនទៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ អ្នកគាំទ្រលោក ពូទីន បានច្រានចោលការវិភាគនោះ ដោយចង្អុលទៅការស្ទង់មតិឯករាជ្យមួយចំនួន ដែលបង្ហាញពីការពេញចិត្តក្នុងការបោះឆ្នោត ហើយពួកគេនិយាយថា លោកពូទីនជាមេដឹកនាំដែលបានស្តារសណ្តាប់ធ្នាប់ឡើងវិញ និងបានបង្កើនឡើងវិញនូវឥទ្ធិពលមួយចំនួនរបស់រុស្ស៊ីដែលបានបាត់បង់ក្នុងអំឡុងពេលភាពវឹកវរនៃការដួលរលំនៃសហភាពសូវៀត។
គួរបញ្ជាក់ថា លោក ពូទីន ដែលជាប្រធានាធិបតីបន្តពីលោក Boris Yeltsin កាលពីចុងឆ្នាំ១៩៩៩ បានក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេរបស់ប្រទេសរុស្ស៊ីបន្ទាប់ពីលោក Josef Stalin (២៩ឆ្នាំ)៕