សមាជិកសភាសហភាពអឺរ៉ុបបានបង្កើតកិច្ចព្រមព្រៀងមួយស្ដីពីការកំណត់ច្បាប់លើបញ្ញាសិប្បនិម្មិត ឬហៅកាត់ជាភាសាអង់គ្លេសថា AI។ ច្បាប់នេះមានគោលបំណងជំរុញការអភិវឌ្ឍ AI និងគ្រប់គ្រងហានិភ័យដែលអាចកើតចេញពី AI។ ច្បាប់នេះក៏បានហាមឃាត់ការអនុវត្ត AI ដែលមានគ្រោះថ្នាក់ និងគំរាមកំហែងដល់សុវត្ថិភាព ជីវភាពរស់នៅ និងសិទ្ធិរបស់មនុស្ស។
ការបង្កើតច្បាប់នេះ ត្រូវបានស្នើឡើងដោយសារតែមានក្តីបារម្ភអំពីការរំខានដែលអាចបង្កឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី រ៉ូបឺតា ម៉េតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុបបានលើកឡើងថា ច្បាប់នេះជាវិធីសាស្ត្រមួយដែលមានតុល្យភាព និងផ្តោតលើការការពារមនុស្ស។ លោកស្រីជឿថាច្បាប់នេះទំនងជានឹងអាចកំណត់ស្តង់ដាពិភពលោកមួយនាពេលអនាគត។
គួររំឭកថា ច្បាប់ស្ដីពីការគ្រប់គ្រង AI ត្រូវបានដាក់ស្នើឡើងតាំងតែពីឆ្នាំ២០២១ មកម្ល៉េះ។ ច្បាប់នេះបានចាត់ថ្នាក់កម្មវិធី AI ដោយផ្អែកលើកម្រិតហានិភ័យ ក៏ដូចជាការដាក់វិធានការរឹតបន្តឹងកាន់តែខ្លាំងទៅលើកម្មវិធីដែលមានហានិភ័យខ្ពស់។ ច្បាប់នេះក៏បានចែងពីការហាមឃាត់ការប្រើប្រាស់ AI ដែលមានហានិភ័យខ្ពស់បំផុត ដូចជាការកេងប្រវ័ញ្ចក្រុមដែលងាយរងគ្រោះ និងការប្រើប្រាស់បច្ចេកទេស ឬឧបាយកលក្នុងគោលបំណងមិនល្អណាមួយ។
ស្ថិតក្រោមក្របខ័ណ្ឌច្បាប់នេះ កម្មវិធីបច្ចេកវិទ្យាដូចជា ChatGPT របស់ក្រុមហ៊ុន OpenAI និងកម្មវិធីតបសារស្វ័យប្រវត្តិ (Chatbots) ផ្សេងទៀត ព្រមទាំងប្រព័ន្ធបង្កើតរូបភាព សំឡេង ឬវីដេអូ ក៏ត្រូវតែបំពេញតាមលក្ខខណ្ឌច្បាប់ថ្មី ដោយតម្រូវឱ្យមានតម្លាភាពជាងមុន។
លោក ធៀរី ប្រេតថុន (Thierry Breton) ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកទីផ្សារផ្ទៃក្នុង បានមើលឃើញថា ច្បាប់គ្រប់គ្រោង AI នេះជាឧបករណ៍មួយដែលមិនត្រឹមតែជាច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកស្រាវជ្រាវរបស់សហភាពអឺរ៉ុប អាចមានឱកាសឈានមុខគេក្នុងការប្រកួតប្រជែង AI នៅលើសកលលោកផងដែរ។
បញ្ញាសិប្បនិម្មិតស្វ័យប្រវត្តិ ឬហៅជាភាសាអង់គ្លេសថា Generative AI បានក្លាយជាបច្ចេកវិទ្យាដែលពេញនិយមខ្លាំង ជាពិសេសនៅពេលដែលក្រុមហ៊ុន OpenAI បានបង្កើត ChatGPT របស់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលបង្កឱ្យមានការកើនឡើងភ្លាមៗនូវការចាប់អារម្មណ៍ និងជំរុញឱ្យមានការប្រកួតប្រជែងក្នុងចំណោមបច្ចេកវិទ្យា AI។
យ៉ាងណាក៏ដោយ AI កំពុងមានឥទ្ធិពលធំធេងណាស់ ដែលបានប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើន។ ជាក់ស្ដែង គ្រូបង្រៀនក្នុងវិស័យអប់រំកំពុងប្រឈមមុខនឹងបញ្ហាខ្លាំង ដោយសារតែសិស្សានុសិស្សបានប្រើប្រាស់ AI ដើម្បីធ្វើកិច្ចការផ្ទះរបស់ពួកគេ។ រីឯសិល្បករ និងតន្ត្រីករវិញ បានជួបបញ្ហាប្រឈមដោយសារសមត្ថភាពរបស់ AI អាចធ្វើត្រាប់តាមការងាររបស់ពួកគេបានស្ទើរតែទាំងអស់។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក៏បានជួបប្រទះនឹងភាពចម្រូងចម្រាសផងដែរ ដោយសារតែ AI ចូលមកពាក់ព័ន្ធ។
មិនត្រឹមតែប៉ុណ្នោះ ក្រុមហ៊ុនមួយចំនួនក៏បានជួបនឹងផលវិបាកផងដែរទាក់ទងនឹងបច្ចេកវិទ្យានេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI លោក សាម អាល់ម៉ាន (Sam Altman) ត្រូវបានបណ្តេញចេញពីមុខតំណែងជាបណ្ដោះអាសន្ន ហើយបន្ទាប់មកក៏បានឱ្យលោកចូលគ្រប់គ្រងវិញកាលពីខែវិច្ឆិកា។ រហូតមកដល់ពេលនេះ ពោលគឺប៉ុន្មានសប្តាហ៍មកហើយ គេនៅមិនទាន់ដឹងច្បាស់ថាតើមូលហេតុអ្វីបានជាការផ្លាស់ប្តូរភ្លាមៗបែបនេះកើតឡើងនោះទេ៕