ប្រទេស​ឥណ្ឌា​ បានកំណត់​គោលដៅ​របស់ខ្លួន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​កីឡា​ដ៏​អស្ចារ្យ​បំផុត​របស់​ពិភពលោក គឺ​កីឡា​អូឡាំពិក ​ដែល​គោលដៅ​នេះ​ត្រូវបាន​កំណត់​មិនយូរប៉ុន្មាន​ បន្ទាប់ពី​ប្រទេស​នេះ​ បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំធំៗចំនួន២គឺ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ G20 ដែលទើបបញ្ចប់​ប៉ុន្មានខែមុន និង​កិច្ចប្រជុំ​ពាណិជ្ជកម្ម។

ដោយឡែក​សម្រាប់​ការចង់​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​នៅ​ឆ្នាំ២០៣៦ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​Narendra Modi បានប្រកាស​ជា​សាធារណៈ​តែម្ដង​និង​ថែមទាំង​បាន​អះអាង​ទៀតថា​វា​គឺជា​ក្ដី​ប្រាថ្នា​ជា​យូរ​មកហើយ។

ប៉ុ​ន្តេ​ក្ដី​ប្រាថ្នា​របស់​ឥណ្ឌា​ នាពេលនេះ ​ហាក់បីដូចជា​តឹងតែង​បន្តិច​ព្រោះ​មិនមែន​តែ​ឥណ្ឌា​មួយ​នោះទេ​ដែល​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។សម្រាប់​ឆ្នាំ២០៣៦ ខាងមុខ​ឥណ្ឌូនេស៊ី ​ម៉ិ​ក​ស៊ិ​ក ​តួ​ក​គី​ និង​ប៉ូឡូញ ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ។

ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC TV18 កាលពី​ខែកញ្ញា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លោក Thomas Bach បានឱ្យដឹងថា​គណៈកម្មាធិកា​រ​មានការ​សន្ទនាខ្លះៗហើយ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​និង​ក្រុមហ៊ុន​ឯកជន​ដែល​ពាក់ព័ន្ធ​ជុំវិញ​ការដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ។

លោក​បាន​និយាយថា​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រទេស​ឥណ្ឌា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អូឡាំពិក​នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​ចលនា​អូឡាំពិក​ទាំងមូល។

ប៉ុន្តែ​យ៉ាងណា​បទពិសោធន៍​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​របស់​ឥណ្ឌា​អាច​នឹង​ធ្វើឱ្យ​ការសម្រេចចិត្ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការជួប​ប្រទះ​ឧបសគ្គ​មួយចំនួន។ត្រឡប់​ទៅកាន់​ឆ្នាំ២០១០ ជា​ពេលដែល​ប្រទេស​ឥណ្ឌា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា Commonwealth Games។

កាលនោះ​ឥណ្ឌា​បាន​ខាតបង់​អស់​ថវិកា​ជាច្រើន​ដោយសារតែ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត​រហូតដល់​ហួស​កាលបរិច្ឆេទ​ដែល​បាន​កំណត់ទុក​សម្រាប់​ប្រារព្ធ​ព្រឹត្តិការណ៍។

នាពេលនោះ​កាសែត The Guardian បាន​ប៉ាន់ប្រមាណ​តម្លៃ​ដែល​ឥណ្ឌា​បាន​ចំណាយ​សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា Commonwealth គឺមាន​ចន្លោះ​ពី ២ ពាន់​លាន​ផោន (ប្រមាណ​ជា ២៥០០ លាន​ដុល្លារ​អាមេរិក)ទៅ ៤ ពាន់​លាន​ផោន (ប្រមាណ​ជា ៥០០០ លាន​ដុល្លារ​អាមេរិក)។ 

នៅក្នុង​ឆ្នាំ២០១១បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​Commonwealth លោក Suresh Kalmadi ក៏​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពុករលួយ​លើ​ថវិកា​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ផងដែរ។ ទាំងអស់នេះ​ត្រូវគេ​បានចាត់ទុក​ថា​ជា​បរាជ័យ​មួយ​ដ៏​ធំធេង​សម្រាប់​ប្រជាជាតិ​ឥណ្ឌា​ទាំងមូល។

ថ្មីៗនេះ​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់ (Cricket World Cup) នៅ​ប្រទេស​ឥណ្ឌា​ក៏​ផ្ទុះ​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ។នាពេលនោះ​មានការ​រាយការណ៍​ថា​រាល់​ការប្រកួត​របស់​ក្រុម​ដែលជា​ម្ចាស់ផ្ទះ​តែងតែមាន​អ្នកទស្សនាពេញៗពហុ​កីឡដ្ឋាន​ប៉ុន្តែ​នៅពេលដែល​ដល់​វេន​ក្រុម​របស់​ប្រទេស​ផ្សេង អ្នកទស្សនា​បាន​ចាកចេញ​អស់ពី​ពហុ​កីឡដ្ឋាន។

អ្នកគាំទ្រ​មួយចំនួនទៀត​បាន​ត្អូញត្អែរ​តាម​បណ្ដាញ​សង្គម​ពី​ការទិញ​សំបុត្រ​តាម​អ៊ីនធឺណិត​ដែល​គណៈកម្មការ​រៀបចំ​បានប្រកាសថា​លក់​អស់​ខណៈដែល​ការផ្សាយ​ផ្ទាល់​ឃើញ​កៅអី​ទំនេរ​ជាច្រើន។

លោក David Carter សាស្ត្រាចារ្យ​ផ្នែក​កីឡា​នៅ​សាកលវិទ្យាល័យ Southern California បានលើកឡើង​ពី​បញ្ហា​នេះ​ថា​ប្រទេស​ដែលជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាធំៗបែបនេះ​ត្រូវតែ​ច្បាស់លាស់​លើ​គោលបំណង​របស់​ពួកគេ​សម្រាប់​ការរៀបចំ​ការប្រកួត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ភាពចម្រូងចម្រាស​ដែល​អាច​កើតឡើង​នានា។

បើ​មើ​លពី​លទ្ធភាព​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ឥណ្ឌា​គឺមាន​លទ្ធភាព​រួចជាស្រេច​ទៅហើយ​ចំណែកឯ​សមត្ថភាព​អត្ថ​ព​លិ​ក​ក៏​មិន​ចោទ​ជា​បញ្ហា​នោះដែរ​តែ​បញ្ហា​ពិតប្រាកដ​គឺ​នៅត្រង់ថា​តើ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​ហ៊ាន​ផ្ដល់ឱកាស​ដល់​ប្រទេស​នេះ​ឬទេ?