ក្រោយ​ពី​កា​របង្កើត​សម្ព័ន្ធ​​ភាព​ថ្មី​មួយ​ដើម្បី​ការ​ពារ​នាវា​ដឹក​ទំនិញ​​​​តាម​ច្រក​សមុទ្រក្រហម​ ដែលជាប់ប្រទេសយេម៉ែន ឧទ្ធម្ភាគចក្រ​អាមេរិក​បាន​វាយលុក​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូធី (Houthi)​ មាន​មូលដ្ឋាន​នៅ​ប្រទេស​យេម៉ែន ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅលើ​កប៉ាល់​កុងតឺន័រ Maersk ​ក្នុ​ង​ប៉ុន្មាន​ថ្ងៃមក​នេះ។ 

​សារព័ត៌មាន​រ៉យទ័រ ដែល​បាន​ថ្លឹង​ថ្លែង​ព័ត៌មាន​នេះ ដោ​យយោង​តាម​គណនី​របស់​ម​ន្ត្រី​អាមេរិក ក្រុមហ៊ុន Maersk និងក្រុម​ហ៊ូធី កាលពី​ថ្ងៃទី៣១​ខែធ្នូ​២០២៣ បាន​​ផ្សាយ​ថា កា​រវាយប្រហារ​របស់​​​កង​ទ័ព​អាមេរិក បាន​​បណ្តាល​​លិច​នាវា​ចំនួន៣​​គ្រឿង​និង​សម្លាប់​ពួក​សកម្មប្រយុទ្ធហ៊ូធី​ចំនួន​១០​នាក់។ 

ការប្រយុទ្ធ​គ្នា​របស់​កងទ័ពជើងទឹក​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​ជិត​ថ្ងៃត្រង់​​ ម៉ោង​នៅប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៣១​ខែធ្នូ ខណៈដែល​ក្រុម​អ្នក​វាយប្រហារ​បាន​ព្យាយាម​ឡើង​ជិះ​លើ​នាវា Maersk Hangzhou។​

ទីបញ្ជាការ​កណ្តាល​សហរ​ដ្ឋ​អាមេរិក (Centcom) បាន​និយាយថា ឧទ្ធម្ភាគចក្រ​មកពី USS Eisenhower និង USS Gravely បាន​ចូលរួម​ជាមួយ​ក្រុម​សន្តិសុខ​របស់​កប៉ាល់​ក្នុងការ​វាយលុក​អ្នក​វាយប្រហារ​បន្ទាប់ពី​ទទួលបាន​ការហៅ​ទូរស័ព្ទ​​ដែលរាយការណ៍​ពី​ករណី​​​ធ្វើ​ទុក្ខបុកម្នេញ​។

​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ Maersk បាន​និយាយថា ខ្លួន​កំពុង​ផ្អាក​ការ​​នាវាចរ​​ឆ្លងកាត់​សមុទ្រ​ក្រហម​រយៈពេល៤៨​ម៉ោង​បន្ទាប់ពី​ការវាយប្រហារ។

​រ៉យទ័រ​បាន​ដក​ស្រង់​អ្នកនាំពាក្យ​ក្រុមហ៊ូធី បាន​និយាយថា ក្រុម​ខ្លួន​​​បានធ្វើការ​វាយប្រហារ​ដោយសារ​ក្រុម​នាវិក​របស់​កប៉ាល់​មិន​ព្រមស្តាប់​ការហៅ​ទូរ​ស័ព្ទ​ព្រមាន។

លោក​បាន​និយាយថា ទាហានជើងទឹក Houthi 10 នាក់​បាន "ស្លាប់ និង​បាត់​ខ្លួន" បន្ទាប់ពី​ទូក​របស់​ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​កងកម្លាំង​អាមេរិក​នៅ​សមុទ្រ​ក្រហម។

សមរភូមិ​ទ័ពជើងទឹក​គូសបញ្ជាក់​ពី​ហានិភ័យ​នៃ​ការកើនឡើង​ក្នុង​តំបន់​ក្នុងការ​ប្រយុទ្ធ ខណៈដែល​អ៊ីស្រាអែល​ បន្ត​ការ​ទម្លាក់​គ្រាប់បែក​ឥតឈប់ឈរ បន្ទាប់ពី​ការវាយប្រហារ​ឆ្លង​ព្រំដែន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ក្រុម​ហា​ម៉ាស់​លើ​ទីក្រុង​អ៊ីស្រាអែល​​កាលពី​ថ្ងៃទី ៧ខែ​តុលា ដែល​បានសម្លាប់​មនុស្ស​ប្រមាណ​១២០០​នាក់ និង​ចាប់​ចំណាប់ខ្មាំង​ចំនួន ២៤០។

ការទម្លាក់​គ្រាប់បែក​តាម​អាកាស និង​កាំភ្លើង​ធំ​របស់​អ៊ីស្រាអែល បានសម្លាប់​មនុស្ស​ជិត​ ២២០០០ នាក់។ នេះ​បើ​យោងតាម​អាជ្ញាធរ​សុខាភិបាល​ក្រុង​ហ្គាហ្សា។

ក្រុម​ហ៊ូធី​របស់​ប្រទេស​យេ​ម៉ែន​បានកំណត់​គោលដៅ​លើ​នាវា​នៅក្នុង​សមុទ្រ​ក្រហម ​ចាប់តាំងពី​ខែវិច្ឆិកា ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ក្រុម​ហា​ម៉ាស់ ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូនធំៗ ប្រើប្រាស់​ផ្លូវ​វែង​ជាង និង​ថ្លៃ​ជាង​នៅ​ជុំវិញ Cape of Good Hope របស់​ទ្វីបអាហ្វ្រិក ជាជាង​ឆ្លងកាត់​ព្រែកជីកស៊ុយអេ (Suez)។

សមុទ្រ​ក្រហម​គឺជា​ច្រកចូល​សម្រាប់​កប៉ាល់​ដែល​ប្រើប្រាស់​ប្រឡាយ Suez ដែល​គ្រប់គ្រង​ប្រហែល១២ភាគរយ​នៃ​ពាណិជ្ជកម្ម​សកល និង​មាន​សារៈ​សំខាន់​​សម្រាប់​ចលនា​ទំនិញ​រវាង​អាស៊ី និង​អឺរ៉ុប។

សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ប្រតិបត្តិការ Prosperity Guardian កាលពី​ថ្ងៃទី១៩ ខែធ្នូ ២០២៣ ដោយ​និយាយថា​ប្រទេស​ជាង២០​បាន​យល់ព្រម​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​នាវា​នៅក្នុង​ដែនទឹក​សមុទ្រ​ក្រហម​ក្បែរ​ប្រទេស​យេ​ម៉ែន៕​