ការិយាល័យស្ថិតិទូទៅរបស់វៀតណាម បានបង្ហាញថា ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសប្រហែល ១ ៣០០ ក្រុមហ៊ុន បានក្ស័យធននៅឆ្នាំ ២០២៣ នេះ ដោយកើនឡើង ៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
តាមតួលេខនេះ ក្រុមហ៊ុនអាជីវកម្មក្នុងវិស័យអចលនទ្រព្យចំនួន ១០៧ ជាមធ្យមបានក្ស័យធនជារៀងរាល់ខែ ខណៈដែលចំនួនក្រុមហ៊ុនថ្មីដែលបង្កើតឡើង បានធ្លាក់ចុះ ៤៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២។
កាសែត VnExpress បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម បានធ្លាក់ទៅក្នុងអស្ថិរភាពចាប់តាំងពីឆ្នាំ ២០២២ ហើយស្ថានភាពនេះបានបន្តរហូតមកដល់បច្ចុប្បន្ន ទោះបីជាមានជំនួយពីរដ្ឋាភិបាលក៏ដោយក្ដី។ អ្នកជំនាញបាននិយាយថាបញ្ហានេះកើតឡើងដោយសារតែបញ្ហាទាក់ទងនឹងច្បាប់ ការប្រគល់ដី ការកំណត់តម្លៃ និងដើមទុនជាដើម។
ភាពស្រពិចស្រពិលនៃវិស័យអចលនទ្រព្យ បានធ្វើឱ្យគម្រោងមួយចំនួនត្រូវពន្យារពេលសាងសង់ ដែលនាំឱ្យមានការខាតបង់សម្រាប់អាជីវកម្មសំណង់ និងសម្ភារ។
ស្ថិតិពីក្រសួងសំណង់វៀតណាមបង្ហាញថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនជាច្រើនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង បានថយចុះ ១៦ ភាគរយក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។ប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងនោះ ក៏បានធ្លាក់ចុះផងដែរ រហូតដល់ ៦៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
ក្នុងរបាយការណ៍ផ្ញើទៅគណៈកម្មការសេដ្ឋកិច្ច ក្រសួងសំណង់ដដែលបាននិយាយថា ទីផ្សារអចលនទ្រព្យនៅមានអស្ថិរភាព ដែលបណ្តាលមកពីហានិភ័យនៃការគាំង កង្វះការផ្គត់ផ្គង់ និងរចនាសម្ព័ន្ធទំនិញមិនសមរម្យ ក្នុងចំណោមកត្តាផ្សេងៗទៀត។
ជុំវិញបញ្ហាដដែលនេះ អ្នកវិភាគបានរំពឹងថា ទីផ្សារអចលនទ្រព្យវៀតណាមនៅឆ្នាំ ២០២៤ នឹងនៅតែជួបការលំបាកក្នុងការផ្គត់ផ្គង់ និងការទូទាត់ ប៉ុន្តែវានឹងក្លាយជាដំណាក់កាលអន្តរកាលសម្រាប់ឆ្នាំ ២០២៥ នៅពេលដែលវិសោធនកម្មច្បាប់ទាក់ទងនឹងលំនៅដ្ឋាន និងអចលនទ្រព្យចូលជាធរមាន៕