ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងនៅក្នុងសុន្ទរកថាចុងឆ្នាំ ប្រទេសចិននឹងបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកឱ្យបាន ដោយលោកបានសង្កត់ធ្ងន់ថា ការបង្រួបបង្រួមនឹងកើតមានឡើងយ៉ាងពិតប្រាកដ មិនអាចជៀសផុត ហើយវានឹងក្លាយជាប្រវត្តិសាស្ត្រចិនដ៏សំខាន់មួយ។
យោងតាមការបកប្រែជាភាសាអង់គ្លេសពីភាសាចិន និងចុះផ្សាយដោយក្រសួងការបរទេសចិន លោក ស៊ី បាននិយាយថា៖«ជនជាតិចិនទាំងអស់ មិនថាពួកគេរស់នៅទីណានោះទេ គួរតែរួបរួមគ្នាក្នុងគោលបំណងរួមគ្នា និងមានមោទនភាពចំពោះការងើបឡើងវិញនៃប្រជាជាតិចិន»។
ជាការកត់សម្គាល់ ការលើកឡើងរបស់លោក ស៊ី ហាក់ដូចជាមានភាពម៉ឺងម៉ាត់ជាងឆ្នាំមុនៗជាពិសេសនៅពេលដែលលោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគឺជាគ្រួសារតែមួយ ហើយលោកជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងចិន និងតៃវ៉ាន់ ដើម្បីភាពរីកចម្រើនរបស់ប្រជាជាតិចិនទាំងមូល។
លោក ស៊ី ក៏បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោក ក្នុងការទប់ស្កាត់ការប៉ុនប៉ងចង់បំបែកតៃវ៉ាន់ ចេញពីចិន។ ត្រង់ចំណុចនេះ លោកធ្លាប់បានលើកម្ដងរួចមកហើយកាលពីសប្តាហ៍មុនក្នុងព្រឹត្តិការណ៍គម្រប់ខួប១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់អតីតមេដឹកនាំចិន លោក ម៉ៅ សេទុង។ លោកបានបញ្ជាក់ថា ការបង្រួបបង្រួមជាតិមាតុភូមិជានិន្នាការដែលគ្មាននរណាអាចបញ្ឈប់បាននោះទេ។
ក្រសួងការពារជាតិចិន បានរំឭកឡើងវិញនូវឆន្ទៈរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ ជាកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ លោកវរសេនីយ៍ឯក វូ ឈាន (Wu Qian)អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា យោធាចិននឹងចាត់វិធានការយោធាដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។
ភាគច្រើននៃប្រជាជនតៃវ៉ាន់សរុប ២៣ លាននាក់ បានបង្ហាញពីការចង់រក្សាស្ថានភាពឱ្យនៅដដែល ពោលគឺចង់ឱ្យតៃវ៉ាន់មានប្រព័ន្ធគ្រប់គ្រងដាច់ដោយឡែកពីចិន។
សកម្មភាពយោធារបស់ចិនកន្លងមក ដូចជាការបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅជិតកោះតៃវ៉ាន់ ត្រូវបានគេមើលឃើញថាជាការបំភិតបំភ័យ និងបង្កើនការព្រួយបារម្ភអំពីការឈ្លានពានដែលអាចកើតមាននាពេលអនាគត។ យ៉ាងណាក៏ដោយ សុន្ទរកថាចុងឆ្នាំរបស់លោក ស៊ីមិនបានលើកឡើងអំពីការគំរាមកំហែងផ្នែកយោធានោះទេ។
តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ។ ក្នុងជំនួបជាមួយលោក ស៊ីនៅទីក្រុង សានហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក ចូបៃដិន (Joe Biden)បានព្រមានប្រទេសចិនអំពីរឿងដែលចិនចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅតៃវ៉ាន់។
ការចង់បានឯករាជ្យភាពរបស់តៃវ៉ាន់បានបង្កឱ្យមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ លោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះត្រូវប្រឈមមុខនឹងការវាយប្រហារណាមួយ។ ការបង្ហាញគោលជំហរច្បាស់ៗចំពោះតៃវ៉ាន់បែបនេះជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកកន្លងមក។
យ៉ាងណាក៏ដោយ កាលពីខែវិច្ឆិកា លោក បៃដិនបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះគោលនយោបាយចិនតែមួយ ដែលមានន័យថា សហរដ្ឋអាមេរិកមិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការថាជាប្រទេសឯករាជ្យដាច់ដោយឡែកពីចិនដីគោកនោះទេ។ លោកបានបញ្ជាក់ថា គោលជំហររបស់សហរដ្ឋអាមេរិកនៅតែមិនមានការផ្លាស់ប្តូរឡើយ៕