អាជ្ញាធរនៃប្រទេសជប៉ុននារសៀលថ្ងៃចន្ទទី១ខែមករា ឆ្នាំ២០២៤ បានចេញការព្រមានពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីជាបន្តបន្ទាប់គ្នាបានវាយប្រហារភាគខាងលិចនៃប្រទេស។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុកជប៉ុន។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដី ៧,៤ វ៉ិចទ័រ បានវាយប្រហារលើខេត្ត Ishikawa ដោយបង្កការគំរាមកំហែងពីរលកយក្យស៊ូណាមិ «កម្រិតធ្ងន់» លើឆ្នេរនៃខេត្តភាគកណ្ដាលមួយនេះ។
ការព្រមានអំពីរលកយក្សស៊ូណាមិកម្រិតទាប ក៏ត្រូវបានប្រកាសឡើងនៅខេត្តរងគ្រោះផ្សេងទៀត រួមមានខេត្ត Niigata ខេត្ត Toyama ខេត្ត Yamagata ខេត្ត Fukui និងខេត្ត Hyogo ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រជប៉ុនផងដែរ។
ទូរទស្សន៍រដ្ឋជប៉ុន NHK បានផ្សាយភ្លាមៗ បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារតំបន់ Notoក្នុងខេត្ត Ishikawa នៅម៉ោងប្រហែល ៤ និង១០ នាទីល្ងាច (ម៉ោងក្នុងតំបន់) ដោយជំរុញឱ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់។
NHK បានរាយការណ៍ថា រលកទឹកសមុទ្រកម្ពស់ជាង១ម៉ែត្រ បានវាយប្រហារឆ្នេរសមុទ្រនៃទីក្រុង Wajimaក្នុងខេត្ត ខណៈខេត្តនេះអាចនឹងមានការរញ្ជួយដីបន្តទៀតកើតឡើង។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់ ៥ ម៉ែត្រ កំពុងបក់បោកឆ្ពោះទៅឆ្នេរតំបន់ Noto។
រញ្ជួយដីចុងក្រោយនេះ បង្កការរញ្ជួយដល់ក្រុងតូក្យូ។ យ៉ាងណាមិញ មិនទាន់មានរបាយការណ៍បឋមស្ដីពីការខូតខាត ឬមនុស្សរងរបួសនៅឡើយទេ។
ជប៉ុនគឺជាប្រទេសដែលរងគ្រោះដោយសារតែគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែប្រទេសនៃស្ថិតនៅលើខ្យែក្រវ៉ាត់ភ្នំភ្លើងនៃស្រទាប់ផែនដី៕