នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជនក្នុងឱកាសឆ្នាំថ្មី ២០២៤ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានបង្ហាញការប្តេជ្ញាចិត្តក្នុងការដាក់ប្រទេសស្ថិតក្នុងការទូតជួរមុខដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលពិភពលោកកំពុងប្រឈមដល់ពេលនេះ។
ក្នុងសុន្ទរកថាថ្លែងនៅថ្ងៃចន្ទទី១មករា នាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដា បានដាក់ការផ្តោតខ្លាំងលើរបៀបធ្វើការងារក្នុងវិស័យការទូតជាមួយមេដឹកនាំពិភពលោកផ្សេងទៀត។
តាមសម្រង់សម្តីដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo News លោកបាននិយាយថា លោកនឹងអនុវត្តភាពជាអ្នកដឹកនាំ «តែ ១ គត់សម្រាប់ប្រទេសជប៉ុន» តាមរយៈកិច្ចប្រជុំកំពូលការទូតដើម្បី «យកឈ្នះលើបញ្ហាប្រឈម» ដោយលើកឡើងពីបញ្ហាដូចជាសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
លោក គីស៊ីដា ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីការពារជាតិ មុនពេលក្លាយជានាយករដ្ឋមន្ត្រីនៅខែតុលា ឆ្នាំ ២០២១ បាននិយាយថា៖«យើងនឹងការពារដាច់ខាតនូវសុវត្ថិភាពរបស់ប្រជាជន និងទឹកដី និងដែនអាកាសរបស់ប្រទេសជប៉ុន នៅក្នុងបរិយាកាសសន្តិសុខដ៏ស្មុគស្មាញនៅក្នុងតំបន់អាស៊ីបូព៌ា»។
ផ្អែកតាមការចុះផ្សាយដដែល ក្នុងវិស័យសេដ្ឋកិច្ចវិញ លោក គីស៊ីដា បានសន្យាថានឹងចាត់វិធានការចាំបាច់ដើម្បីផ្តល់ការដំឡើងប្រាក់ឈ្នួលដែលលើសពីការកើនឡើងនៃតម្លៃ ឬគេហៅថា អតិផរណា ដោយបង្ហាញក្តីសង្ឃឹមថា ពលរដ្ឋជប៉ុននឹង «មានអារម្មណ៍ថា» កំណើនសេដ្ឋកិច្ចដើម្បីនាំមកនូវការផ្លាស់ប្តូរនៅក្នុង «ផ្នត់គំនិត» របស់ប្រជាជនក្នុងសង្គម៕