នៅក្នុង​សារ​ឆ្នាំ​ថ្មី​ដែល​បាន​ផ្លាស់ប្តូរ​នៅ​ថ្ងៃ​ចន្ទ​ទី​ ​១ ខែមករា​ឆ្នាំ​ ២០២៤ នេះ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង បាន​ប្តេជ្ញា​ថា នឹង​អភិវឌ្ឍ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​។​

​ដោយ​ដកស្រង់​ពី​ទីភ្នាក់ងារ​​សារព័ត៌មាន​កូរ៉េខាងជើង (KCNA) Yonhap របស់​កូរ៉េខាងត្បូង​បានឱ្យដឹងថា នៅក្នុង​សារ​របស់​ប្រមុខរដ្ឋ គីម ជុង​អ៊ុន ដែលមាន​មិត្ត​បរទេស​តិចតួច​នោះ បាន​បញ្ជូន​ទៅកាន់​លោក​ស៊ី​ដោយបាន​ប្រកាសថា​ឆ្នាំ​ ២០២៤ ​ជា ​«​ឆ្នាំ​នៃ​មិត្តភាព​កូរ៉េខាងជើង​-​ចិន​» ចំពេល​ដែល​វា​ក៏​ជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៧៥ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២​។​

​សារព័ត៌មាន​ខាងលើនេះ​បានឱ្យដឹង​ទៀតថា​៖«​តាមរយៈ​ឆ្នាំ​នៃ​មិត្តភាព​កូរ៉េខាងជើង​ចិន​ភាគី​ទាំង​ ២ ក៏ដូចជា​ប្រទេស​ទាំង​២​នឹង​ជំរុញ​បន្ថែមទៀត​នូវ​ការ​ផ្លាស់ប្តូរ និង​ទស្សនកិច្ច​លើ​គ្រប់​វិស័យ​រួមទាំង​នយោបាយ​សេដ្ឋ​កិច្ច និង​វប្បធម៌​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​ឯកភាព​ជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការតស៊ូ​រួមគ្នា​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។ ដូច្នេះ​វា​នឹង​បន្ថែម​ទំព័រ​ថ្មី​មួយ​ទៅកាន់​ប្រវត្តិសាស្ត្រ នៃ​ទំនាក់ទំនង​កូរ៉េខាងជើង និង​ប្រទេស​ចិន​»​។​

​ជាការ​ឆ្លើយតប លោក​ស៊ី​ក៏បាន​ប្រកាសថា ឆ្នាំ​ ២០២៤​ នេះ​នឹង​ត្រូវបាន​កំណត់ថា​ជា​៖«​ឆ្នាំ​នៃ​មិត្តភាព​ចិន​-​កូរ៉េខាងជើង​»​។ យោង​ KNCA ​ជា​ភាសា​អង់គ្លេស​ដាច់ដោយឡែក​។​

​លោក​ស៊ី​បាន​និយាយ​នៅក្នុង​សារ​របស់លោក​ថា​៖«​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រពៃណី​ចិន​-​កូរ៉េខាងជើង​បាន​ឈាន​ចូលដល់​សម័យកាល​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ការលើកទឹកចិត្ត​រវាង​ភាគី​ទាំង ​២»​។​

​លោក​ស៊ី​ក៏បាន​បញ្ជាក់ថា​ភាគី​ទាំង ​២ ​បាន​រក្សា​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​យ៉ាង​ជិត​ស្និទ្ធ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កម្រិត​ការងារ និង​ពង្រឹង​ការ​សម្របសម្រួល និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​អន្តរជាតិ​ពហុភាគី​ដោយ​លើកឡើងថា​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ​បាន​ជំរុញ​ការអភិវឌ្ឍ​បន្ត​នៃ​ទំនាក់ទំនង​ស្តីពី​ការការពារ​ផលប្រយោជន៍​រួម​របស់​ពួកគេ​និង​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​វា​គឺជា​គោលនយោបាយ​ដ៏​ខ្ជាប់​ខ្ជួន​របស់​យើង​ក្នុងការ​ការពារ​បង្រួប​បង្រួម និង​អភិវឌ្ឍ​ទំនាក់​​ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ប្រពៃណី​ចិន​-​កូរ៉េខាងជើង​ប្រកបដោយ​ជោគជ័យ​»​។​

​កូរ៉េខាងជើង​ដែលមាន​មិត្តភក្ដិ​បរទេស​តិចតួច​ប្រឹង​រឹតចំណង​ជាមួយ​ចិន និង​រុស្ស៊ី​ដែលជា​មហា​​អំណាច​ជិតខាង​ដើម្បី​ទប់ទល់​ឥទ្ធិពល​សម្ព័ន្ធមិត្ត​សេរី​៕