នៅក្នុងសុន្ទរកថាឆ្នាំថ្មីដែលរៀបចំឡើងដ៏វែងអន្លាយមួយ ដោយបានថតទុក និងបញ្ចូលរូបភាពកើតចេញពីការតស៊ូប្រយុទ្ធប្រឆាំងក្នុងសង្គ្រាមប្រឆាំងមហាអំណាចរុស្ស៊ី ដែលបានឈ្លានពានខ្លួនជាចំហអស់រយៈពេលជិត ២ ឆ្នាំ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (VolodymyrZelenskiy) បានបង្ហាញពីភាពធន់របស់ប្រជាជនអ៊ុយក្រែននៅក្នុងគ្រានៃការបង្ហូរឈាមដែលនៅបន្តទៅមុខទៀត ខណៈដែលមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានសង្កត់ធ្ងន់លើការរួបរួមរបស់ប្រទេសរុស្ស៊ីនៅក្នុងសារដ៏ខ្លីក្នុងថ្ងៃចុងក្រោយនៃឆ្នាំ។
រ៉យទ័របានរាយការណ៍ថា សុន្ទរកថាដែលព្រាងទុកជាសារប្រពៃណីនៅថ្ងៃទី ៣១ ខែធ្នូចុងឆ្នាំ ២០២៣ នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងនៅពេលដែលប្រទេសទាំង ២ បានប្រារព្ធពិធីចុងបញ្ចប់នៃឆ្នាំនេះជាមួយនឹងការកើនឡើងនៃការវាយប្រហារតាមផ្លូវអាកាសតាមផ្លូវទឹក និងតាមផ្លូវគោក របស់គ្នាទៅវិញទៅមក។ ប៉ុន្តែភាគីទាំង ២ មិនអាចចង្អុលទៅលើសមិទ្ធផលធំៗដែលពួកគេសម្រេចបាននៅសមរភូមិជួរមុខក្នុងឆ្នាំ ២០២៣ ឡើយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោក ហ្សេឡេនស្គី បាននិយាយថា៖«លទ្ធផលសំខាន់នៃឆ្នាំ ២០២៣ ដែលជាសមិទ្ធផលចម្បងរបស់ខ្លួន គឺអ៊ុយក្រែនកាន់តែរឹងមាំ»។
សុន្ទរកថារៀបចំទុកនោះមានបញ្ចូលរូបភាពក្នុងវីដេអូដោយបង្ហាញទិដ្ឋភាពនៃទីក្រុងដែលកំពុងរងការវាយប្រហារ ការប្រយុទ្ធតទល់សត្រូវ និងការជួបជាមួយមេដឹកនាំនៃសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រអ៊ុយក្រែន ទាំងផ្នែកសម្ភារ និងការទូត លោក ហ្សេឡេនស្គី ក៏បានប្តេជ្ញាដូចឆ្នាំមុនដែរថា អ៊ុយក្រែនដែលមានសេរីភាពនឹងឈ្នះ។
លោកថ្លែងថា៖«មិនថាសត្រូវបាញ់រ៉ុក្កែតប៉ុន្មានគ្រាប់ទេ មិនថាការបាញ់ផ្លោង និងការវាយប្រហារប៉ុន្មានដង ភាពឃោរឃៅ គ្មានមេត្តា ដោយសត្រូវអនុវត្តក្នុងការប៉ុនប៉ងបំបែកអ៊ុយក្រែន បំភិតបំភ័យ ទម្លាក់អ៊ុយក្រែន កប់ក្រោមដី យើងនឹងនៅតែងើបឡើងវិញ»។
ងាកទៅក្រឡេកមើលការអត្ថាធិប្បាយរបស់លោកពូទីន ម្តង ដែលលោកក៏នឹងប្រឈមការបោះឆ្នោតក្នុងខែមីនាបានផ្តល់ភាពផ្ទុយគ្នាយ៉ាងខ្លាំងចំពោះអ្វីដែលលោកហ្សេឡេនស្គីបានលើកឡើង។
ក្នុងសារឆ្នាំនេះ លោក ពូទីន បានហៅទាហានរុស្ស៊ីថា «វីរបុរសរបស់យើង» ប៉ុន្តែមិនបាននិយាយឈ្មោះអ៊ុយក្រែនទេហើយមិនបានសំដៅទៅលើ«ប្រតិបត្តិការយោធាពិសេស» ដោយពាក្យរបស់លោកពូទីនសម្រាប់សង្គ្រាមការឈ្លានពានរបស់លោកបានបញ្ចេញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាពេលដែលលោកបានបញ្ជាឱ្យចល័តកងទ័ពចូលលុកលុយអ៊ុយក្រែន និងប៉ងកម្ចាត់រដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នជំនួសមកវិញនូវរដ្ឋាភិបាលអាយ៉ងមួយដែលគ្មានលទ្ធភាពតតាំងជាមួយខ្លួន និងមិនស្វែងរកការងាកទៅរកបស្ចិមលោក។
លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថារយៈពេល ៤ នាទីដោយស្លៀកពាក់ឈុតក្រហមនិងក្រវាត់កក្រហមថា«យើងបានបង្ហាញច្រើនជាង ១ ដងថាយើងអាចដោះស្រាយបញ្ហាលំបាកបំផុតហើយនឹងមិនដកថយទេពីព្រោះគ្មានកម្លាំងណាដែលអាចបំបែកយើងបាន»។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលត្រូវបានអ្នកតាមដានស្ថានភាពសង្គ្រាមបានចាត់ទុកថាជាជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មកជិតដល់ខួប ២ ឆ្នាំទៅហើយ ប៉ុន្តែសង្គ្រាមដែលគ្មានភាគីណាចង់បាននេះមិនបង្ហាញទីបញ្ចប់របស់វាឡើយ។
ការគ្មានទីបញ្ចប់ដោយសារលទ្ធភាពចរចារបស់ភាគីសង្គ្រាមមិនត្រូវបានរកឃើញនៅឡើយ។ភាគីអ៊ុយក្រែន និងរុស្ស៊ីនៅតែចោទប្រកាន់គ្នាទៅវិញទៅមកលើលទ្ធភាពចរចាបញ្ចប់សង្គ្រាម ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានអះអាងចុងក្រោយថា រុស្ស៊ីបានច្រានចោលលទ្ធភាពចរចាជាមួយអ៊ុយក្រែន ដោយត្រូវការចរចាតែថ្នាក់ខ្ពស់ជាងនេះ ហើយត្រូវគេដឹងថា សំដៅលើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលនៅពីក្រោយអ៊ុយក្រែន។
ជិត ២ ឆ្នាំនៃសង្គ្រាម មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ប្រជាជនអ៊ុយក្រែនរាប់លាននាក់បាត់បង់ទីលំនៅ និងទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក៕