ក្រោយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារជម្លោះប្រដាប់អាវុធផ្ទៃក្នុងរបស់លោក Daniel Noboa ប្រធានាធិបតីប្រទេសអេក្វាទ័រ ស្ថិតនៅតំបន់អាមេរិកខាងត្បូង ក្រុមអ្នកលេង ឬគេហៅថា «ក្រុមឧក្រិដ្ឋជន» បានវាយប្រហារចូលបន្ទប់ផ្សាយរបស់ទូរទស្សន៍ TC ក្នុងទីក្រុង Guayaquil ដែលកំពុងផ្សាយផ្ទាល់។
ក្រុមអ្នកលេងដែលប្រដាប់ដោយអាវុធបានសម្រុកចូលក្នុងបន្ទប់ផ្សាយរបស់ទូរទស្សន៍នេះ កើតមានតែប៉ុន្មានថ្ងៃក្រោយមេក្លោងដ៏ធំបំផុតនៃក្រុមឧក្រិដ្ឋជន ឡូស ឆនណឺរ៉ឺស (Los Choneros) របស់ប្រទេសអេក្វាទ័រ បានបាត់ខ្លួនចេញពីគុក ហើយក្រុមអាជ្ញាធររបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងនេះកំពុងប្រតិបត្តិការស្វែងរក។
ប្រធានាធិបតីអេក្វាទ័របានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ពេល ៦០ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ខែមករា ប៉ុន្តែនៅថ្ងៃទី ៩ ខែមករានេះ ក៏កើតមានការចាប់ជំរិតមន្ត្រីប៉ូលិស និងការសម្រុកចូលបន្ទប់ផ្សាយរបស់ក្រុមឧក្រិដ្ឋជនតែម្តង។
យោងការផ្សាយរបស់ Al Jazeera ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ បានប្រកាសក្រុមឧក្រិដ្ឋជនចំនួន២២នាក់ដែលជាសមាជិករបស់អង្គការភេរវករ ហើយបាននិយាយថា ប្រទេសរបស់លោកស្ថិតក្នុងស្ថានភាពនៃ «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង»។
ព័ត៌មាន BBC បានផ្សាយថា មិនទាន់មានការអះអាងច្បាស់លាស់នៅឡើយថាតើការសម្រុកចូលបន្ទប់ផ្សាយរបស់ស្ថានីយទូរទស្សន៍នេះជាប់ពាក់ព័ន្ធនៃការបាត់ខ្លួនចេញពីគុករបស់មេក្លោងឧក្រិដ្ឋជន Adolfo Macías Villamar ឬគេស្គាល់ថា «Fito» ដែលបាត់ខ្លួនពីក្រុងនេះដូចគ្នា។
ក្នុងហេតុការណ៍នោះ គេសង្កេតឃើញពួកក្រុមប្រដាប់អាវុធ បានបញ្ជាឱ្យបុគ្គលិកបម្រើការផ្សាយផ្ទាល់ដេកនិងអង្គុយផ្ទាល់ទៅលើឥដ្ឋ ខណៈសំឡេងនៃការបាញ់និងការស្រែកបានបន្លឺឡើង៕