នាវិកកងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់ រងការកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធរយៈពេលជាង ២ ឆ្នាំ ចំពោះការបញ្ជូនព័ត៌មានដ៏រសើបរបស់យោធាអាមេរិក ទៅឱ្យមន្ត្រីចារកម្មចិន ជាថ្នូរនឹងសំណូក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កងទ័ពជើងទឹកម្នាក់នោះ ឈ្មោះ Wenheng Zhao មកពីទីក្រុង Monterey Park ត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទ ឱ្យជាប់គុករយៈពេល ២៧ ខែ ដោយចៅក្រមសហព័ន្ធនៅទីក្រុងឡូសអិនចែលលេស។ លោកបានសារភាពកំហុសមួយករណីពីការសមគំនិត និងមួយករណីទៀត ពីការទទួលសំណូកដោយបំពានលើមុខងារផ្លូវការរបស់ខ្លួន។ លោក Zhao ក៏រងការផាកពិន័យជាប្រាក់ ៥ ៥០០ ដុល្លារ ផងដែរ។
លោក Tarek Shawky ដែលជាមេធាវីការពារក្តីលោក Zhao បាននិយាយថា៖ «គាត់ (លោក Zhao) គឺជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់ចិន ហើយបានធ្វើខុសក្នុងការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រតិបត្តិករបរទេស។ គាត់បានដឹងពីកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួនឯង ហើយសារភាពថាមានកំហុសនៅដំណាក់កាលដំបូងនៃដំណើរការនីតិវិធី»។
រដ្ឋអាជ្ញានិយាយថា លោក Zhao ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹកVentura County ក្នុងទីក្រុងPort Hueneme ភាគខាងជើងនៃទីក្រុងឡូសអិនចែលលេស បានប្រមូលប្រាក់សំណូកជិត ១៥ ០០០ ដុល្លារ ពីមន្ត្រីស៊ើបការណ៍សម្ងាត់របស់ប្រទេសចិនម្នាក់ ដើម្បីជាថ្នូរនឹងព័ត៌មាន រូបថត និងវីដេអូពាក់ព័ន្ធនឹងសមយុទ្ធ ប្រតិបត្តិការ និងបរិក្ខារនានារបស់យោធាអាមេរិក នៅចន្លោះខែសីហា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣។
យោងតាមឯកសាររបស់តុលាការ មន្ត្រីចិនបានប្រាប់ លោក Zhao ថា ព័ត៌មានដែលលោកប្រមូលបាន គឺចាំបាច់សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចដែនសមុទ្រ ដើម្បីជូនដំណឹងអំពីការសម្រេចចិត្តវិនិយោគ។
ជាមួយគ្នានេះ រដ្ឋអាជ្ញានិយាយថា លោក Zhao បានប្រើប្រាស់បណ្ដាញទំនាក់ទំនងដែលជាប់សោរអ៊ិនគ្រីប ដើម្បីបញ្ជូនព័ត៌មានទៅកាន់មន្ត្រីស៊ើបការណ៍សម្ងាត់ចិនម្នាក់នោះ និងបានបំផ្លាញភស្តុតាងដើម្បីលាក់ទំនាក់ទំនងរបស់ខ្លួន។
គួររំឭកផងដែរថា លោក Zhao គឺជានាវិកម្នាក់ក្នុងចំណោមនាវិកកងទ័ពជើងទឹកអាមេរិក២នាក់ ដែលឈរជើងនៅមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានយោធាដ៏រសើបដល់ប្រទេសចិន កាលពីឆ្នាំមុន។
នាវិកទាំង២នាក់រងការចោទប្រកាន់ពីបទធ្វើសកម្មភាពស្រដៀងគ្នាដើម្បីផ្តល់ការស៊ើបការណ៍ដ៏រសើបដល់ចិន ប៉ុន្តែមេធាវីការពារក្តីរបស់លោក Zhao បាននិយាយថា ករណីទាំង២មិនជាប់ទាក់ទងគ្នានោះទេ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ មន្ត្រីអាមេរិកបានសម្តែងការព្រួយបារម្ភពីការគំរាមកំហែងចារកម្មដែលពួកគេនិយាយថា រដ្ឋាភិបាលចិនបង្កឡើង ខណៈបញ្ហាចារកម្មក្លាយជាប្រធានបទក្ដៅគគុកមួយដែលប្រទេសទាំង២ចោទប្រកាន់គ្នាទៅវិញទៅមក៕