ប្រធានាធិបតីអេក្វាឌ័រ លោក ដានីយ៉ែល នូបៅ (Daniel Noboa) បានប្រកាសថា អេក្វាទ័របានធ្លាក់ចូលទៅក្នុង «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» ប៉ុន្មានថ្ងៃបន្ទាប់ពីមេក្លោងឧក្រិដ្ឋជនដ៏ល្បីឈ្មោះរបស់ប្រទេសបានបាត់ខ្លួនចេញពីគុក។
បណ្ដាញព័ត៌មាន CNN បានចុះផ្សាយថា លោក នូបៅ បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអង្គារ ទី ៩ ខែមករា ដោយប្រកាសថាប្រទេសធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុង ហើយបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធអនុវត្តប្រតិបត្តិការយោធា ធ្វើការបង្រ្កាបក្រុមប្រដាប់អាវុធដែលគេកំណត់ថាជាក្រុមភេរវករ។
ជាមួយគ្នានេះ លោក Jaime Vela Erazo ប្រធានបញ្ជាការរួមនៃកងកម្លាំងប្រដាប់អាវុធរបស់អេក្វាទ័រ បានប្ដេជ្ញាកាលពីថ្ងៃអង្គារ ថានឹងមិន «រុញរា ឬចរចា» ជាមួយក្រុមប្រដាប់អាវុធឡើយ ដោយបន្ថែមថា «អនាគតនៃប្រទេសរបស់យើង គឺស្ថិតនៅក្នុងបញ្ហា»។
លោកបាននិយាយទៀតថា ចាប់ពីពេលនេះតទៅ ក្រុមភេរវករទាំងអស់ដែលបានកំណត់អត្តសញ្ញាណនៅក្នុងក្រិត្យប្រកាសអាសន្នរបស់លោក នូបៅបានក្លាយជាគោលដៅរបស់យោធា។
លោក នូបៅ បានចេញក្រឹត្យចុងក្រោយនេះភ្លាមៗ បន្ទាប់ពីក្រុមបុរសពាក់អាវរុំជិតខ្លួន និងប្រដាប់ដោយអាវុធ បានចូលរំខានការផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋTC Television ដែលកំពុងចាក់ផ្សាយផ្ទាល់ទូទាំងប្រទេស ពីទីក្រុងហ្គីយ៉ាហ្គីល កាលពីថ្ងៃអង្គារ។ នេះគឺជាហិង្សាមួយ ក្នុងចំណោមហិង្សាដែលកំពុងកើតមានទូទាំងប្រទេស។
បើតាមវីដេអូដែលគេចែកចាយតាមបណ្ដាញសង្គម គេឃើញមានជនប្រដាប់អាវុធ បានវាយប្រហារបង្ខំបុគ្គលិកនៃទូរទស្សន៍ TC ឱ្យក្រាបនៅលើឥដ្ឋក្នុងស្ទូឌីយោ ខណៈគេក៏ឮសម្លេងបាញ់ប្រហារ និងសម្រែកនៅក្នុងវិដេអូនោះផងដែរ។
ប៉ូលិសអេក្វាទ័រ ក្រោយមកបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសទាំងអស់ ១៣ នាក់ដែលប្រដាប់ដោយកាំភ្លើង និងគ្រឿងផ្ទុះ ខណៈបុគ្គលិកទូរទស្សន៍ក៏ត្រូវបានជម្លៀសចេញផងដែរ ដោយគ្មាននរណាម្នាក់រងគ្រោះដល់ស្លាប់នោះទេ។ អគ្គស្នងការនគរបាលជាតិអេក្វាឌ័របានឱ្យដឹងថា ជនដៃដល់ទាំងអស់នឹងត្រូវកាត់ទោសពីបទ «ប្រព្រឹត្តអំពើភេរវកម្ម»។
អ្នកនិយាយតាមទូរទស្សន៍របស់ TC លោក Jorge Rendon បានហៅការចូលលុកលុយការផ្សាយនេះ ថាជា «ការវាយប្រហារដោយហិង្សាយ៉ាងធ្ងន់ធ្ងរ»។ លោកបន្តថា៖ «ពួកគេចង់ចូលទៅក្នុងស្ទូឌីយោ ដូច្នេះគេអាចនិយាយអ្វីដែលពួកគេនិយាយ។ សាររបស់ពួកគេ»។
ប្រទេសអេក្វាទ័រ បានធ្លាក់ចូលទៅក្នុងភាពចលាចលនៃអំពើហិង្សា ដោយការផ្ទុះ ការចាប់ពង្រត់ប៉ូលិស និងការចលាចលផ្សេងៗក្នុងពន្ធនាគារ ចាប់តាំងពីលោក នូបៅ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីថ្ងៃចន្ទ ពោលគឺបន្ទាប់ពី មេក្លោងនៃក្រុមឧក្រិដ្ឋជនដ៏ល្បីឈ្មោះ លោក អាល់ដុល ហ្វីតូ ម៉ាឆៀស បានបាត់ខ្លួនចេញពីគុក ក្នុងក្រុងហ្គីយ៉ាហ្គីល។
យោងតាមប៉ូលិសក្នុងតំបន់ មនុស្ស៨នាក់បានស្លាប់នៅក្នុងទីក្រុងហ្គីយ៉ាហ្គីល កាលពីថ្ងៃអង្គារ។ មន្រ្តីប៉ូលិស២នាក់ ក៏ត្រូវបានសម្លាប់នៅទីក្រុងក្បែរខាង Nobol ផងដែរ។
ក្នុងពេលជាមួយគ្នានោះ ប៉ូលិសជាតិអេក្វាឌ័របាននិយាយកាលពីយប់ថ្ងៃអង្គារថាមនុស្ស១០ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមន្ត្រីប៉ូលិស៣នាក់ដែលត្រូវគេចាប់ពង្រត់ ត្រូវបានដោះលែងវិញនៅទីក្រុង Machala។ មុននោះ ប៉ូលិសបាននិយាយថា មន្រ្តីយ៉ាងហោចណាស់ ៧ នាក់ ត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុងចំនួន ៣ ទូទាំងប្រទេស ចាប់តាំងពីលោក នូបៅ ប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។
គេមើលឃើញថា ស្ថានភាពសន្តិសុខកាន់តែអាក្រក់របស់អេក្វាឌ័រ មួយភាគធំគឺបង្កឡើងដោយក្រុមឧក្រិដ្ឋជនផ្សេងៗ ដែលធ្វើការប្រជែងគ្នាយ៉ាងហិង្សា ទាំងនៅតាមដងផ្លូវនៅទីសាធារណៈ និងនៅក្នុងពន្ធនាគារ ដើម្បីគ្រប់គ្រងច្រកជួញដូរគ្រឿងញៀនរបស់ខ្លួន៕