សភា​របស់​ប្រទេស​កូរ៉េខាងត្បូង ​​នៅ​​ថ្ងៃទី៩​ ខែមករា ​ឆ្នាំ២០២៤ បានអនុម័ត​ច្បាប់​មួយ​ស្ដីពី​ការហាមឃាត់​ការទទួល​ទាន និង​ការជួញដូរ​សាច់​ឆ្កែ។ ច្បាប់​ថ្មី​នេះ​បានបញ្ចប់​ប្រពៃណីនិយម​បរិភោគ​សាច់​ឆ្កែ​នៅ​កូរ៉េខាងត្បូង​អស់​ជាច្រើន​សតវត្សរ៍​មកនេះ ដោយសារតែ​ប្រទេសមួយ​នេះ​ចាប់ផ្ដើម​បង្កើន​ការគាំទ្រ​ដល់​សុខុមាលភាព​សត្វ។

ការ​របរិភោគ​​សាច់​ឆ្កែ ធ្លាប់​ត្រូវបាន​គេ​ជឿថា​អាច​បង្កើន​ថាមពល ជាពិសេស​នៅ​អំឡុងពេល​រដូវក្តៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយ ឥឡូវនេះ​វា​គឺជា​រឿង​កម្រ​ណាស់​ក្នុងការ​ទទួលទាន​សាច់​ឆ្កែ ហើយ​ភាគច្រើន​មានតែ​មនុស្ស​វ័យ​ចំណាស់​ប៉ុណ្ណោះ​ដែល​នៅ​បរិភោគ។ ប្រជាជន​កូរ៉េ​ភាគច្រើន​ចាត់ទុក​សត្វ​ឆ្កែ​ថា​ជា​សមាជិកគ្រួសារ ហើយ​តែងតែ​រិះគន់​ការសម្លាប់​សត្វ​ឆ្កែ​ដើម្បី​យក​សាច់​បរិភោគ។

ក្រុម​សកម្មជន​អ្នក​ស្រឡាញ់​សត្វ​តែងតែបាន​អះអាងថា ជាធម្មតា​សត្វ​ឆ្កែ​ត្រូវបាន​ឆក់​នឹង​ខ្សែភ្លើង ឬ​ព្យួរ​ក​ដើម្បី​សម្លាប់​យក​សាច់ ខណៈដែល​អ្នក​បង្កាត់​ពូជ និង​ឈ្មួញ​ជួញដូរ​សត្វ​ឆ្កែ​ជាច្រើន​បានប្រកែក​ថា ពួកគេ​បាន​កែលម្អ​វិធី​សម្លាប់សត្វ​ឆ្កែ​ឱ្យ​កាន់តែ​មាន​ភាព​មនុស្សធម៌​ជាង​មុន។

ពលរដ្ឋ​កូរ៉េខាងត្បូង​កាន់តែច្រើន​បានបង្ហាញ​ពី​គោលជំហរ​គាំទ្រ​ច្បាប់​ថ្មី​នេះ ជាពិសេស​ចាប់តាំងពី​ប្រធានាធិបតី លោក យូ​ន ស៊ុ​ក​យ៉ុ​ល (Yoon Suk Yeol) ដែលជា​អ្នក​ចូលចិត្ត​សត្វ​ស្រាប់ បាន​ឡើង​ដឹកនាំ​រដ្ឋាភិបាល។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី គីម ក្យុ​ន​ហ៊ី (Kim Keon Hee)ដែល​ត្រូវជា​ភរិយា​របស់លោក ក៏​ជា​អ្នក​ស្រឡាញ់​ចូលចិត្ត​សត្វ​ដូចគ្នា។ ជាក់ស្ដែង អ្នក​ទាំង​ពីរបាន​ចិញ្ចឹមសត្វ​ឆ្កែ​ចំនួន ៦ ក្បាល និង​សត្វ​ឆ្មា​ចំនួន ៨ ក្បាល។

ច្បាប់​នេះ​ត្រូវ​បានស្នើ​ដោយ​គណបក្សកាន់អំណាច ហើយ​ជា​លទ្ធផល ច្បាប់​នេះ​ត្រូវបាន​គណបក្ស​ទាំងពីរ​សហការគ្នា​បោះឆ្នោត​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយបាន​អនុម័ត​ក្នុង​សំឡេងគាំទ្រ​ភាគច្រើន​ចំនួន ២០៨និង​មាន២ សំឡេង​អនុប្បវាទ។

ច្បាប់​នេះ​មាន​គោលបំណង​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ឆ្កែ ប៉ុន្តែ​មិនទាន់​ចូល​ជា​ធរមានភ្លាមៗនោះទេ ពោលគឺ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ ៣ឆ្នាំក្រោយ ដើម្បី​ទុកពេល​ឱ្យ​ពលរដ្ឋ​អាច​សម្រប​ខ្លួន និង​កែប្រែ​ទម្លាប់​សិន។

ការ​បង្កាត់​ពូជ​និង​សម្លាប់សត្វ​ឆ្កែ​យក​សាច់​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ៣ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រហែល ២២៨០០ ដុល្លារ​អាមេរិក។ យ៉ាងណាមិញ ច្បាប់​នេះ​មិនបាន​ចែង​អំពី​ការពិន័យ​ជាក់លាក់​សម្រាប់​ការបរិភោគ​សាច់​ឆ្កែ​នោះទេ។

លោក ឆេ ជុង​អា (Chae Jung-ah) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្គម​មនុស្សធម៌​អន្តរជាតិ​កូរ៉េ(Humane Society International Korea) បាន​និយាយថា ៖ «នេះ​គឺជា​ការសម្រេច​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កូរ៉េ​ហើយ​ឥឡូវនេះ ប្រជាជន​កូរ៉េ​ជាច្រើន​ចាប់ផ្ដើម​ប្រឆាំងនឹង​ការបរិភោគ​សាច់សត្វ​ឆ្កែ ដែលជា​ចំណុច​របត់​មួយ​របស់​មនុស្សលោក​ដែល​មិន​គាំទ្រ​ការសម្លាប់​សត្វ»។

យោងតាម ការស្ទង់មតិ​នាពេលថ្មីៗនេះ​បាន​រកឃើញថា ជាង ៩៤%នៃ​មនុស្ស​ដែល​បាន​ចូលរួម​ស្ទង់​មតិ បាន​លើកឡើងថា​ពួកគេ​មិនបាន​បរិភោគ​សាច់​ឆ្កែ​នោះ​ក្នុង​រយៈពេល ១ ឆ្នាំ​មកនេះ។ លើសពីនេះ​ទៀត​ប្រហែល ៩៣%បាន​និយាយថា ពួកគេ​នឹងមិន​បរិភោគ​សាច់​ឆ្កែ​នោះទេ​នាពេល​អនាគត។

កាលពីមុន​ក៏​ធ្លាប់មាន​ការប៉ុនប៉ង​ហាមឃាត់​ការលក់​សាច់​ឆ្កែ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ឯកជន​ដែល​រកស៊ី​ជួញដូរ​សាច់​ឆ្កែ បានធ្វើ​ការតវ៉ា​ប្រឆាំង ហើយ​បានទាមទារ​ឱ្យមាន​ការផ្ដល់​សំណង​ប្រសិនបើ​ចង់ឱ្យ​ពួកគេ​ឈប់​មុខរបរ​នេះ។ ជាក់ស្ដែង ក្រុមហ៊ុន​ដែល​កំពុង​រកស៊ី​លក់ដូរ​សាច់​ឆ្កែ​បានបង្ហាញ​ការមិនសប្បាយចិត្ត ហើយ​ពួកគេ​ថា​នឹង​លើកយក​បញ្ហា​នេះ​ស្នើ​ទៅ​តុលាការ​ធម្មនុញ្ញ​ត្រួតពិនិត្យ។

ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​បាន​ប៉ាន់ប្រមាណ​ថា គិត​ត្រឹម​ខែមេសា ឆ្នាំ២០២២ កសិដ្ឋាន​ប្រហែល ១១០០ កន្លែង​បាន​ចិញ្ចឹមសត្វ​ឆ្កែ​ចំនួន ៥៧០០០០ ក្បាល​ដើម្បី​លក់​ទៅកាន់​ភោជនីយដ្ឋាន​ចំនួន​ប្រហែល ១៦០០ ទីតាំង៕