​ក្រុមហ៊ុន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រមាណ​ ២០០​ បាន​ចូលរួម​បង្កើន​ការផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​ដែល​បច្ចុប្បន្ននេះ​មាន​ចំនួន​ច្រើន​ដែល​ថវិកា​របស់​រដ្ឋ​មិនអាច​បញ្ជា​ទិញ​អស់​ឡើយ​។​

​រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃទី ​៩ ខែមករា​ថា ក្រុមហ៊ុន​ផលិត​របស់​អ៊ុយ​ក្រែ​ន​បាន​បង្កើន​ទិន្នផល​នៃ​យានអវកាស​គ្មាន​មនុស្ស​បើក (UAVs) ដល់​កម្រិត​មួយ​ដែល​ថវិកា​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​នាពេល​បច្ចុប្បន្ន​រប​ស់អ៊ុយ​ក្រែ​ន​មិន​គ្រប់គ្រាន់​ដើម្បី​ទិញ​ឱ្យអស់​ចំនួន​ដែល​ក្រុមហ៊ុន​ផលិត​បានឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា លោក Mykhailo Fedorov ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ឌីជីថល បាន​ប្រាប់​ទូរទស្សន៍​ជាតិ​អ៊ុយ​ក្រែ​ន​ថា​៖«​គិត​ត្រឹម​ថ្ងៃនេះ ទីផ្សារ​បាន​បង្កើនល្បឿន​លឿន​ជាង​ចំនួន​លុយ​ដើម្បី​ទិញ UAVs ទាំងអស់​»​។​

​លោក​បាន​បន្តថា​៖«​ដូច្នេះ​យើង​ត្រូវ​បង្កើន​ការផ្តល់​ហិរញ្ញប្បទាន និង​បើក​ទីផ្សារ​បន្ថែមទៀត ដូច្នេះ​តម្លៃ​ធ្លាក់ចុះ​ដោយសារតែ​ការ​ប្រកួតប្រជែង និង​ធ្វើឱ្យមាន​ការផលិត​ក្នុងស្រុក​ច្រើន​»​។​

UAVs ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ក្នុង​សង្គ្រាម​រយៈពេល​ជាង​ ២២​ ខែ​កន្លងមកនេះ ដោយ​ផ្តល់ឱ្យ​កងទ័ព​នូវ​ការឃ្លាំមើល​ពីលើ​អាកាស និង​អនុញ្ញាតឱ្យ​ពួកគេ​បំផ្លាញ​គោលដៅ​ដែលមាន​តម្លៃ​រាប់​រយ​ដង​នៃ​តម្លៃ​របស់ UAVs ដូចជា​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​រ៉ា​ដា​ទំនើប​។​

​យោងតាម​លោក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន ឥឡូវនេះ​មាន​ក្រុមហ៊ុន​ប្រហែល ២០០ ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​ក្នុងស្រុក​ប្រមាណ ៧០ បាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​យន្ត​​ហោះ​គ្មាន​មនុស្ស​បើក​ដល់​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែ​ន​៕