សាធារណរដ្ឋ​សិង្ហបុរី​​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ធ្លាប់​​ជាប់ឈ្មោះ​​ជាប្រទេស​​​មាន​​​លិខិត​ឆ្លង​ដែន​​​​ឥទ្ធិពល​បំផុត​ក្នុងពិភព​លោក បាន​បាត់​ប​ង់ឋានៈ​នេះ​ ដោយ​ត្រូវ​ចែក​​​រំលែក​​​ឋានៈជា​ប្រទេស​មាន​លិខិត​ឆ្លង​ដែន​មាន​ឥទ្ធិពល​បំផុត​ជាមួយ​ប្រទេស​៥​ផ្សេងទៀត​។​

ប្រទេស​ទាំង​ប្រាំមួយ​ដែល​មាន​លិខិត​ឆ្លង​ដែន​​មាន​ឥទ្ធិពល​បំផុត​​ ដោយសារ​តែ​ការ​ចូល​ទៅ​កាន់​​គោល​ដៅ​នៃ​ការ​ធ្វើដំណើរ​ដោយ​គ្មាន​តម្រូវ​ទិដ្ឋាការចេញ​ចូល​ (Visa-free) ​ក្នុងឆ្នាំ​២០២៤​នេះ ​រួមមាន ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហ​បុរី និង​ប្រទេស​​​អេស្បាញ ​ដោយ​អាច​ធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​១៩៤​​ក្នុងចំណោម  គោលដៅ​ធ្វើដំណើរ​២២៧​​។ នេះ​បើ​យោងតាម​ចំណាត់ថ្នាក់​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោ​យស​ន្ទ​ស្សន៍​​លិខិតឆ្លងដែន «Henley» នៅ​ថ្ងៃទី១០​ខែមករា។

​យោង​តាម​​ The Straits Times ប្រទេសសិង្ហបុរី​ឈប់​ទទួល​​បាន​ឋាន​ជាប្រទេស​មួយ​​ដែល​​មាន​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​​​ក្នុង​ឆ្នាំ​មុន។ ក្នុង​ឆ្នាំ២០២៣ សិង្ហ​បុរី​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ជាមួយនឹង​ការចូល​ទៅកាន់ ១៩២​ គោលដៅ​ដោយ​គ្មាន​ទិដ្ឋាការ។ អាឡឺម៉ង់ អ៊ីតាលី និង​អេស្បាញ ជាប់​​លេខ២​មាន ១៩០​គោលដៅ​នៃ​ការ​ធ្វើដំណើរ​។

​ប្រទេស​បារាំង និង​ជប៉ុន​​ ដែល​បាន​ឡើង​ទៅ​កាន់​ចំណាត់ថ្នាក់​កំពូល​ឆ្នាំ​នេះ បានជាប់​ចំណាត់ថ្នាក់​លេខ​បី​ដោយមាន​គោលដៅ​ចំនួន​១៨៩ ​​ដោយ​រួម​មាន​​ប្រទេស​ផ្សេង​ៗ​ខ្លះទៀត ដូច​ជា​ ​អូទ្រីស ហ្វាំ​ង​ឡង់ លុច​សំបួ កូរ៉េខាងត្បូង និង​ស៊ុយអែត។

ទន្ទឹមនឹងនេះ ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ គឺ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បានឃើញ​ការកើនឡើង​នៃ​​ចំនួន​គោលដៅ​ដែល​ពលរដ្ឋ​របស់​ពួកគេ​អាច​ទៅ​ទស្សនា​ដោយ​គ្មាន​ទិដ្ឋាការ បើ​ធៀប​នឹង​ឆ្នាំ២០២៣​។

ម៉ាឡេស៊ី​បាន​បន្ថែម​ទិសដៅ​មួយ​ផ្សេងទៀត​ទៅកាន់​ចំនួន​សរុប​របស់ខ្លួន ​ដល់​​១៨២​​គោលដៅ​។ ទោះជា​យ៉ាងណាក៏ដោយ ម៉ាឡេស៊ី​នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១២​ ទោះបីជា​​ប្រទេស​ឥស្លាម​មួយ​នេះ​​ចែករំលែក​វា​ជាមួយ​ប្រទេស Cyprus និង Liechtenstein នៅ​តំបន់អឺរ៉ុប​​​។

ប្រជាជន​ឥណ្ឌូនេស៊ី​ ឥឡូវនេះ ​អាច​ទៅ​ទស្សនា​គោលដៅ​ចំនួន៧៨​ដោយ​គ្មាន​ទិដ្ឋាការ​​ជាមុន ពោល​គឺ​កើនឡើង​ពី៧៦​ក្នុង​ឆ្នាំ២០២៣​។

ប្រទេស​​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅតែ​ស្ថិតនៅ​បាត​តារាង​នៃ​កា​រដាក់​ចំណាត់​ថ្នាក់​ ដែល​ប្រទេស​នេះ​​​មាន​តាំងពី​ឆ្នាំ២០១៩​មក ដោយ​អាច​ចូលទៅ​កាន់​គោលដៅ​បានត្រឹមតែ២៨​ប៉ុណ្ណោះ។

ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន Henley គឺ​ផ្អែកលើ​ទិន្នន័យ​ផ្តាច់មុខ​ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ។ ការ​ដាក់​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ពិភពលោក​ចំនួន១៩៩​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧបករណ៍​យោង​ស្តង់ដារ​នៅពេល​វាយតម្លៃ​កន្លែង​ដែល​លិខិតឆ្លងដែនចេញ​នៅក្នុង​លក្ខខណ្ឌ​នៃ​​ការ​ធ្វើដំណើរ​ក្នុង​សកល​លោក​៕​