ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឱ្យដឹងកាលពីថ្ងៃពុធទី ១០ មករា ថា អត្រាអ្នកអត់ការងារធ្វើជាសកល នឹងកើនស្ដួចស្ដើងឡើងវិញក្នុងឆ្នាំ ២០២៤ ស្របពេល ដែលមានការព្រួយបារម្ភអំពីការនៅទ្រឹងនៃផលិតភាពកំណើនវិសមភាព និងអតិផរណា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អង្គការពលកម្មអន្តរជាតិ (ILO) នៃអង្គការសហប្រជាជាតិ បាននិយាយក្នុងរបាយការណ៍ស្តីពីនិន្នាការការងារ និងទស្សនវិស័យសង្គមពិភពលោកសម្រាប់ឆ្នាំ២០២៤ ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ បានថយចុះ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាអតិផរណាដែលបង្កឱ្យមានការផ្លាស់ប្ដូរគោលនយោបាយយ៉ាងគឃ្លើនពីធនាគារកណ្តាលរបស់ប្រទេសផ្សេងៗ។
ILOអះអាងថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ មានកម្រិតខ្ពស់ជាងការរំពឹងទុក ហើយទីផ្សារការងារបានបង្ហាញពីភាពធន់គួរឱ្យភ្ញាក់ផ្អើល។ យ៉ាងណាមិញ ប្រាក់ឈ្នួលពិតប្រាកដបានធ្លាក់ចុះនៅក្នុងប្រទេស G20 ភាគច្រើន ដោយសារការដំឡើងប្រាក់ឈ្នួលមិនបានរក្សាល្បឿនជាមួយនឹងអតិផរណា។
ILO បានគូសបញ្ជាក់ថា អត្រាគ្មានការងារធ្វើសកលឆ្នាំ២០២២ មានចំនួន ៥,៣ ភាគរយ ហើយបានប្រសើរឡើងតិចតួចកាលពីឆ្នាំមុន ដោយធ្លាក់ចុះមកត្រឹម ៥,១ ភាគរយ។
ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ ILO បានព្យាករថា មនុស្សចំនួន ២ លាននាក់ បន្ថែមទៀត រំពឹងថានឹងស្វែងរកការងារធ្វើ ដែលធ្វើឱ្យអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោក ហក់ឡើងទៅ ៥,២ ភាគរយវិញ។
ជាមួយគ្នានេះផងដែរ ILO បាននិយាយថាចំណូលក្រោយកាត់ពន្ធបានធ្លាក់ចុះនៅក្នុងបណ្តាប្រទេស G20 ភាគច្រើន ហើយជាទូទៅ ការថយចុះនៃកម្រិតជីវភាពដែលបណ្តាលមកពីអតិផរណា ទំនងនឹងមិនធូរស្រាលភ្លាមៗនោះទេ ហើយកំណើនវិសមភាព និងការនៅទ្រឹងនៃផលិតភាព គឺជាមូលហេតុនៃក្តីបារម្ភ៕