អាជ្ញាធរតុលាការនៅទីក្រុងប៉េកាំង បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយបានរកឃើញមធ្យោបាយបំបែកកូដ ប្រព័ន្ធ AirDrop របស់ក្រុមហ៊ុន Apple ដោយអាចបង្ហាញពីអត្តសញ្ញាណអ្នកប្រើប្រាស់ និងទិន្នន័យដែលពួកគេបានចែករំលែកឱ្យគ្នាទៅវិញទៅមក។
មុខងារ AirDrop របស់ក្រុមហ៊ុន Apple គឺជាមុខងារមួយដែលត្រូវបានប្រជាជនចិននិយមប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីផ្ញើព័ត៌មានទូទៅ និងឯកសារសំខាន់ៗជាដើម។
ក្រុមហ៊ុនបច្ចេកវិទ្យានោះ មានឈ្មោះថា Wangshendongjian Technology។ ក្រុមហ៊ុននេះបានជួយប៉ូលិសក្នុងការកំណត់មុខសញ្ញាបុគ្គលមួយចំនួនដែលបានបញ្ជូនព័ត៌មានមិនសមរម្យ ជាច្រើនទៅកាន់អ្នកផ្សេងទៀតនៅលើរថភ្លើងក្រោមដីមួយកន្លែងនៅទីក្រុងប៉េកាំង តាមរយៈការប្រើប្រាស់មុខងារ AirDrop ។ នេះបើយោងតាមការបញ្ជាក់ដោយការិយាល័យយុត្តិធម៌ប្រចាំទីក្រុងកាលពីថ្ងៃចន្ទ។
យោងតាមការិយាល័យយុត្តិធម៌ដដែលបានឱ្យដឹងថា ប្រតិបត្តិការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីបានទទួលពាក្យបណ្តឹងមួយពាក់ព័ន្ធនឹងបញ្ហានេះ។ ក្រុមប៉ូលិសបានរកឃើញលេខទូរសព្ទនិងអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកផ្ញើហើយពួកគេបានកត់ត្រារក្សាទុកជាផ្នែកមួយនៃដំណើរការស៊ើបអង្កេត។ប៉ូលិសបានលើកឡើងថាជនសង្ស័យជាច្រើនត្រូវបានកំណត់អត្តសញ្ញាណប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃទិន្នន័យដែលពួកគេបានផ្ញើនោះទេ។
កន្លងមក មុខងារ AirDrop ត្រូវបានគេចោទប្រកាន់ថាបានបង្កការរំខានដល់អ្នកដំណើរនៅក្នុងទីក្រុងនានារបស់ប្រទេសចិន ដោយជនមិនស្គាល់មុខតែងតែបានផ្ញើសាររំខាននៅលើរថភ្លើងក្រោមដីនិងរថយន្តក្រុងជាដើម។លើសពីនេះទៀតក្រុមអ្នកតវ៉ាបាតុកម្មប្រឆាំងរដ្ឋាភិបាលចិន ក៏ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់មុខងារចែករំលែកឯកសារមួយនេះដើម្បីផ្សព្វផ្សាយសារអនាមិកដែលសំដៅរិះគន់រដ្ឋាភិបាលចិន ជាពិសេសនៅប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០២២។
ការិយាល័យយុត្តិធម៌បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Wangshendongjian Technology បានយកឈ្នះលើបញ្ហាប្រឈមបច្ចេកទេសដោយជោគជ័យក្នុងការតាមដាននិងរកឃើញជនអនាមិកដែលប្រើប្រាស់មុខងារ AirDrop ។
ការិយាល័យបានបន្ថែមថា ពួកគេមានគោលបំណងការពារមិនឱ្យមានការផ្សព្វផ្សាយនូវព័ត៌មានមិនសមរម្យបន្តទៀតនិងផលប៉ះពាល់អវិជ្ជមានជាច្រើនទៀតដែលអាចកើតមាន។
ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនដូចជាThe New York Times និង Vice World News ជាដើម គឺថាប្រជាជនចិនបានប្រើប្រាស់មុខងារ AirDrop ដើម្បីផ្សព្វផ្សាយខិត្តប័ណ្ណនិងរូបភាពដែលមានភ្ជាប់នូវពាក្យស្លោកអំពីការតវ៉ាប្រឆាំងនឹងមេដឹកនាំចិនលោក ស៊ី ជីនភីង (Xi Jinping) ក្នុងខែតុលាឆ្នាំ២០២២។
បន្ថែមលើនេះ នៅឆ្នាំ២០១៩មុខងារ AirDrop របស់ក្រុមហ៊ុន Apple ទទួលបានការពេញនិយមខ្លាំងក្នុងចំណោមបាតុករប្រឆាំងរដ្ឋាភិបាលរបស់ហុងកុង។ពួកគេបានប្រើប្រាស់មុខងារនេះជាញឹកញាប់ដើម្បីផ្ញើផ្ទាំងរូបភាពនិងស្នាដៃសិល្បៈដ៏រស់រវើកទៅកាន់អ្នកដំណើរនៅលើរថភ្លើងក្រោមដី ដើម្បីលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងការតវ៉ា។
នៅខែវិច្ឆិកាឆ្នាំ២០២២ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងលោក ស៊ី បានបញ្ចប់ទៅ ក្រុមហ៊ុន Apple បានចាប់ផ្តើមរឹតបន្តឹងសមត្ថភាពចែករំលែករបស់មុខងារ AirDrop នៅក្នុងប្រទេសចិន ដោយអ្នកប្រើប្រាស់មិនអាចចែករំលែកទិន្នន័យទៅកាន់ឧបករណ៍ដែលមិនធ្លាប់មានលេខទំនាក់ទំនងគ្នាពីមុនមកនោះទេ។ការផ្លាស់ប្តូរនេះបានធ្វើឱ្យពិបាកសម្រាប់អ្នកប្រើប្រាស់ក្នុងការចែករំលែកឯកសារជាមួយមនុស្សដែលមិនស្គាល់។ការរឹតបន្តឹងនេះផងដែរ ត្រូវបានពង្រីកការអនុវត្តជាបន្តបន្ទាប់នៅទូទាំងពិភពលោក៕