មេដឹកនាំប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានវិវាទជាមួយចិនលើអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ លើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីប្រឈមមុខនឹងភាពគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង និងបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងទៀត ដែលមេដឹកនាំរបស់ប្រទេសបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែលគេហៅថា (ចូកូវី) បានជួបគ្នានៅក្រុងម៉ានីល កាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីសន្តិសុខ បញ្ហាសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត។
លោក ម៉ាកូស បានថ្លែងនៅដើមដំបូងនៃកិច្ចប្រជុំថា៖«ក្នុងនាមជាប្រទេសជិតខាង យើងត្រូវរក្សាការរួបរួមក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ដែលតំបន់របស់យើងឥឡូវនេះកំពុងជួបប្រទះ»។
ចំណែកឯលោក វីដូដូ វិញ បានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីនគឺជាប្រទេសដំបូងគេដែលលោកធ្វើដំណើរទស្សនកិច្ចនៅឆ្នាំ ២០២៤ ដែលជាខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រជុំកោះទាំង ២។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួម ប្រធានាធិបតីទាំង ២ បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងសន្តិសុខរបស់ពួកគេ។ លោក ម៉ាកូស ថ្លែងថា៖«ក្នុងនាមជាប្រទេសជិតខាង និងជារដ្ឋប្រជុំកោះដូចគ្នា ហ្វីលីពីន និងឥណ្ឌូនេស៊ី បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការរបស់យើងលើបញ្ហានយោបាយ និងសន្តិសុខ»។
ចំណែកឯលោក វីដូដូ វិញ បានថ្លែងថា ប្រទេសជិតខាងទាំង ២ ក៏នឹងសហការគ្នា ក្នុងការពង្រឹងព្រំដែនរបស់ខ្លួនផងដែរ។ លោកបន្តថា៖«ក្នុងវិស័យនយោបាយ និងសន្តិសុខ យើងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន» ដោយវាមានសារៈសំខាន់លើការពន្លឿនការកែសម្រួលកិច្ចព្រមព្រៀងល្បាតតាមព្រំដែនរួម និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលរួមមានការទិញ-លក់ទំនិញការពារជាតិ។
កិច្ចប្រជុំរវាងលោក ម៉ាកូស និងលោក វីដូដូ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនកំពុងបង្កើនភាពគឃ្លើនក្នុងការអះអាងទាមទារជាឯកតោភាគីថា ផ្ទៃទឹកនៃសមុទ្រនេះស្ទើរតែទាំងមូលជារបស់ខ្លួន ទោះបីត្រួតស៊ីគ្នាលើកន្លែងទាមទាររបស់ហ្វីលីពីន វៀតណាម និងប្រ៊ុយណេ៕