​ព្រះរាជាណាចក្រ​ថៃ​កំពុង​ស្វែងរក​ធាតុ​ចូល​បន្ថែម​ពី​សាធារណជន​ទៅលើ​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ស្នើឡើង​ស្ដីពី​ការហាមឃាត់​ការប្រើប្រាស់​កញ្ឆា​ក្នុង​គោលបំណង​កម្សាន្ត បន្ទាប់ពី​ប្រទេសមួយ​នេះ​បាន​អនុញ្ញាតឱ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្របច្បាប់​រយៈពេល​ ១​​ ឆ្នាំ​មកហើយ ដែលជា​ហេតុ​បង្កឱ្យមាន​អាជីវ​​កម្ម​កញ្ឆា​រីកដុះដាល​ខ្លាំង​ដោយសារ​ភាព​ធូររលុង​នៃ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​។​

​ប្រទេស​ថៃ​គឺជា​ប្រទេស​នៅ​តំបន់​អាស៊ី​​អាគ្នេយ៍​ដំបូង​គេ ដែល​បានចាត់ទុក​ការប្រើប្រាស់​កញ្ឆា​ថា​ជា​រឿង​ស្របច្បាប់​នៅ​ឆ្នាំ ​២០២១​។ ការណ៍​នេះ​បានផ្តល់​ឱកាស​ដល់​ឧស្សាហកម្ម​ក្នុង​វិស័យនេះ រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ យោងតាម​ការប៉ាន់ស្មាន​ជាបឋម ឧស្សាហកម្ម​ប្រភេទ​នេះ​អាច​នឹង​កើន​ឡើង​រហូតដល់​ទៅ ១,២​ ពាន់​លាន​ដុល្លារ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​​ជាក់ស្ដែង ការរីកចម្រើន​នេះ​គឺ​កើតមាន​នៅតាម​កន្លែង​លក់​ថ្នាំ ស្ប៉ា ភោ​ជនី​យ​ដ្ឋា​ន និង​ពិធីបុណ្យ​ផ្សេងៗ​ជាច្រើន​។​

​សេចក្ដីព្រាងច្បាប់​ខាងលើនេះ បង្កើតឡើង​ដោយ​ប្រញាប់ប្រញាល់ និង​មាន​លក្ខណៈ​មិន​ពេញលេញ​នៅឡើយ​ទេ​។ ជារួម ច្បាប់​នេះ​បង្កើតឡើង​ដើម្បី​ហាម​ឃាត់​ការប្រើប្រាស់​កញ្ឆា​ច្រើន​ដោយ​សេរី​ហួសហេតុ​ជ្រុល​នៅក្នុង​ប្រទេស​​ថៃ​។ ម្យ៉ាងទៀត ច្បាប់​ថ្មី​នេះ​បាន​លេច​រូបរាង​ឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន បាន​អះអាង​ប្រឆាំង​ការប្រើប្រាស់​កញ្ឆា ដោយសារតែ​ការព្រួយបារម្ភ​អំពី​ការឈាន​ទៅដល់​ការប្រើប្រាស់​គ្រឿងញៀន ហើយ​រដ្ឋា​ភិ​បាល​របស់លោក​គ្រាន់តែ​ចង់ឱ្យ​ការ​ប្រើប្រាស់​កញ្ឆា​សម្រាប់​គោលបំណង​វេជ្ជសាស្ត្រ​តែប៉ុណ្ណោះ​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​លោក ឆូ​ល​ណាន ស្រ៊ីកែវ (Cholnan Srikaew) បាន​និយាយ​នៅក្នុង​សន្និសីទ សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ថា​៖«​យើង​បាន​បង្កើត​ច្បាប់​នេះ​ដើម្បី​ការពារ​មិនឱ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ដែល​មិន​ត្រឹមត្រូវ​។ ការប្រើប្រាស់​កញ្ឆា​ដើម្បី​កម្សាន្ត​ណាមួយ​ត្រូវបាន​ចាត់ទុកថា​ជា​រឿង​ខុស​»​។​

​យោងតាម​សេចក្តីព្រាងច្បាប់​ចុង​ក្រោយបង្អស់​ដែល​បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​អង្គារ​ទី​ ​៩ ខែមករា ថៃ​នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​កញ្ឆា​ក្នុង​គោលបំណង​វេជ្ជសាស្ត្រ និង​សុខភាព​តែប៉ុណ្ណោះ​ដោយឡែក​ការប្រើប្រាស់​ក្នុង​ទម្រង់​កម្សាន្ត គឺ​ត្រូវបាន​ហាមឃាត់​។​

​ច្បាប់​ថ្មី​នេះ​ក៏បាន​កំណត់​ការ​ផាក​ពិន័យ​រហូតដល់ ៦​ម៉ឺន​បាត ស្មើនឹង ១ ៧០០​ ដុល្លារ​អាមេរិក​សម្រាប់​អ្នក​ប្រើប្រាស់​កញ្ឆា​ដើម្បី​កម្សាន្ត​។ លើសពីនេះ​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​ឬ​ការធ្វើ​ទីផ្សារ​ទាក់ទង​នឹង​ការប្រើប្រាស់​កញ្ឆា​អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ​១​ ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់ ១ ​សែន​បាត​។​

​ច្បាប់​ថ្មី​នេះ​ទៀតសោត ក៏​នឹង​បង្កើន​ការផាកពិន័យ​ចំពោះ​ការដាំ​ដំណាំ​កញ្ឆា​ដែល​មិនមាន​ការអនុញ្ញាត​ដោយ​ដាក់ទោស​ជាប់ពន្ធនាគារ​ពី ១ ​ឆ្នាំទៅ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ​ម៉ឺន​បាត​ទៅ ៣ ​សែន​បាត​។​រដ្ឋាភិបាល​ថៃ​បើកទទួល​មតិសាធារណៈ​រហូតដល់​ថ្ងៃទី​ ២៣ ខែមករា​៕