នៅរាល់ការបោះឆ្នោតម្ដងៗ ចិន និងតៃវ៉ាន់ តែងមានជម្លោះជាមួយគ្នា ដោយភាគីចិនដីគោកនៅតែបន្តអះអាងថា កោះតៃវ៉ាន់ជារបស់ខ្លួន ខណៈដែលតៃវ៉ាន់ប្រកាន់ដាច់ខាតនូវជំហរប្រជាធិបតេយ្យ។
ដោយឡែក នៅក្នុងការបោះឆ្នោតតៃវ៉ាន់លើកនេះ ចិនបានដាក់សម្ពាធទាំងផ្នែកនយោបាយ និងយោធា ដើម្បីជំរុញឱ្យប្រជាជនតៃវ៉ាន់បោះឆ្នោតគាំទ្របេក្ខភាពគណបក្ស Kuomintang ជាគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនដីគោក។
ដោយមើលឃើញពីបញ្ហានេះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃឌិន បាននិយាយកាលពីថ្ងៃទី១០ មករាកន្លងទៅថា សហរដ្ឋអាមេរិកប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ឬឥទ្ធិពលណាមួយនៅក្នុងការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភារបស់តៃវ៉ាន់ ហើយគ្រោងនឹងបញ្ជូនគណៈប្រតិភូមិនផ្លូវការមួយ ទៅកាន់កោះតៃវ៉ាន់នៅក្រោយការបោះឆ្នោត។
យ៉ាងណាមិញ ការបោះឆ្នោតនៅតៃវ៉ាន់នៅថ្ងៃទី ១៣ ខែមករា ខាងមុខនេះ ទំនងជាមានឥទ្ធិពលលើទំនាក់ទំនងចិន-អាមេរិកជាថ្មី ក្រោយប្រទេសទាំង២ទើបតែបានបង្កើនទំនាក់ទំនងយោធា កាលពីខែវិច្ឆិកាកន្លងទៅ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ចូ បៃឌិន បាននិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រកាន់យកចំហអព្យាក្រិតនៅក្នុងការបោះឆ្នោតនៅតៃវ៉ាន់ ហើយថាខ្លួនមិនបង្ហាញទំនោរទៅរកបេក្ខភាពប្រធានាធិបតីណាមួយនោះទេ។
មន្ត្រីរូបនេះបានបន្តទៀតថា៖ «យើងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ឬឥទ្ធិពលណាមួយនៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ មិនថាភាគីណាជាអ្នកឈ្នះឆ្នោត គោលនយោបាយរបស់យើងចំពោះតៃវ៉ាន់នឹងនៅតែដដែល ហើយទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំរបស់យើងក៏នឹងបន្តផងដែរ»។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាមហាអំណាចពិភពលោកមួយនេះ គ្មានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ក៏ដោយ។
សហរដ្ឋអាមេរិកក៏កំពុងតែឃ្លាំមើលដោយប្រុងប្រយ័ត្នចំពោះប្រទេសចិនផងដែរ នូវសកម្មភាពទាំងឡាយណាដែលអាចកើតមានចំពោះកោះតៃវ៉ាន់។ កាលពីពេលថ្មីៗនេះ ចិនក៏បានបង្ហោះបាឡុងពីលើ ដែនកោះមួយនេះ និងក្បែរៗមូលដ្ឋានទ័ពរបស់តៃវ៉ាន់ផង ដែលបានជំរុញឱ្យមានជម្លោះផ្នែកនយោបាយរវាង ចិន និងអាមេរិកទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន រដ្ឋបាលអាមេរិកតែងតែបញ្ជូនគណៈប្រតិភូក្នុងក្របខ័ណ្ឌមិនផ្លូវការទៅកាន់កោះតៃវ៉ាន់។ ដោយឡែក នៅក្នុងរដ្ឋបាលរបស់លោក បៃឌិន លោកបានប្រើយុទ្ធសាស្ត្រនេះចំនួន២ដងរួចមកហើយ គឺកាលពីខែមេសាឆ្នាំ ២០២១ ម្ដង និងនៅខែកុម្ភៈ ឆ្នាំ ២០២២ ម្ដងទៀត៕